អានតួអត្ថបទ
ហុងកុង

ក្រោយ​អំពើ​ហិង្សា​ អាជ្ញាធរ​ហុងកុងស្នើ​ឲ្យ​មាន​កិច្ច​​ចរចាជាមួយ​ក្រុម​បាតុករនិស្សិត

បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា អស់​បី​យប់​ជាប់​គ្នា ​​រវាង​ក្រុមបាតុករ​និស្សិត​និង​ប៉ូលិសមក នៅ​ថ្ងៃ​​សោរ៍​ទី ១៨​តុលា​នេះ អាជ្ញាធរ​ហុងកុង​បានលើក​សំណើ បើក​តុ​ចរចា​ជាមួយ​ក្រុម​និស្សិត​ឡើង​វិញ។ ក្រុមនិស្សិត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ តាំង​ពី​ជិត​បី​សប្តាហ៍​មក បិទ​ខ្ទប់​សង្កាត់​ខ្លះ​របស់​ក្រុង​ បង្ក​ឱ្យ​សកម្មភាព​និង​ជីវិត​រស់​នៅ​​​​របស់​ហុងកុង អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ មួយ​ភាគ​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង។

ក្រុមបាតុករ​​និស្សិត​ ត្រលប់​មក​ប្រមូល​ផ្តុំ​គ្នា​ នៅ​សង្កាត់​ម៉ុងកុង ថ្ងៃ​ទី១៧ តុលា ២០១៤
ក្រុមបាតុករ​​និស្សិត​ ត្រលប់​មក​ប្រមូល​ផ្តុំ​គ្នា​ នៅ​សង្កាត់​ម៉ុងកុង ថ្ងៃ​ទី១៧ តុលា ២០១៤ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ក្រុម​បាតុករ​និស្សិតរាប់​ពាន់​នាក់ ​នាំ​គ្នាសំរុក​មក​​សាកល្បង​​​បិទ​ផ្លូវ​និង​បោះ​ទីតាំង​ជា​ថ្មី​ ដែល​ប៉ូលិស​ទើប​បំបែប​បាន​សោះ។ បាតុករ​រាប់​ពាន់​នាក់ ​​ដែល​ប្រើ​ឆ័ត្រ​ជា​អាវុធ​សម្រាប់​ទប់ទល់​នឹង​កម្លាំង​មាន​សមត្ថកិច្ច កាន់​​ដំបង​ និង​ឧស្ម័ន​បាញ់​បង្ហូរ​ទឹក​ភ្នែក បាន​សាក​ល្បង​វិល​មក​កាន់​នៅ​សង្កាត់​ម៉ុងកុង។ សង្កាត់​ម៉ុងកុង ដែលធ្លាប់​រង​គ្រោះ ប៉ះទង្គិច​​​​ហិង្សា កាលពី​ដើម​ខែ រវាង​ក្រុម​​បាតុករជាមួយ​​ប្រជាជន​ដែល​អស់​អំណត់​នឹង​ការ​​មិន​​បិទ​ខ្ទប់​ផ្លូវ​ លាយ​លំ​ទៅ​ដោយ​ពួក​ដៃជើង​ក្រុង​ប៉េកាំងផង។

 
សា្ថនការណ៍​ហិង្សា​ថ្មី​នេះ ទំនង​ជា​ បាន​រុញ​ច្រាន​ឱ្យ​រដ្ឋាភិបាល​ហុង​កុង សុខ​ចិត្ត​ស្នើ​បើក​ការ​ចរចា​ជាថ្មី​ជាមួយ​ក្រុមបាតុករ​​និស្សិត​ ដែល​​ពុំ​ទាន់​ឃើញ​មាន​ផ្តល់​ចម្លើយ​តប​វិញ​ទេ រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​សៅរ៍​នេះ។ បាតុករ​ដែល​តាំង​ពី​ថ្ងៃ​ទី ២៨ កញ្ញា ២០១៤ មក​បាន​ប្រមូល​ផ្តុំ​គ្នា​​ យ៉ាង​ច្រើន​កក​កុញ​នៅកណ្តាល​ក្រុង​ហុងកុង​ និង​ក្នុង​សង្កាត់​រដ្ឋាភិបាល។​ រាល់​សកម្មភាព​សេដ្ឋកិច្ច នយោបាយ និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃរង​ការ​រំខាន​យ៉ាង​ខ្លាំង​។

​បាតុករនិស្សិត មាន​កម្មវត្ថុ​​ច្បាស់​លាស់ គឺ​ទាមទារ​ឱ្យលោកអភិបាល​ក្រុង​ហុងកុង លឿង​ ជន់យីង ចុះ​ចេញ​ពីតំណែង​ និងទាមទារ​​ឱ្យ​មាន​ការ​បោះឆ្នោត ជ្រើស​រើស​ប្រមុខ​ដឹកនាំ​ហុង​កុង​​ដោយ​សេរី តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិតៗ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ប៉េកាំង។ ហុងកុង​ដែល​​ទើប​ប្រគល់​មក​ចិនវិញ​នៅ​ឆ្នាំ​១៩៩៧ មាន​លក្ខន្តិកៈ​រដ្ឋាបាល​ពិសេស​ ​មាន​ស្វ័យភាព​​ខ្លាំង តាម​គំរូ​ “ប្រទេស​មួយ​ប្រព័ន្ធ​ពីរ”។ ​ថ្វីបើ​រដ្ឋ​អំណាច​ក្រុង​ប៉េកាំង យល់​ព្រមជា​គោលការណ៍​ឱ្យ​​​​ហុងកុង​រៀប​ចំ​បោះឆ្នោត​​ជា​សកល ចាប់​ពី​ឆ្នាំ​២០១៧​ទៅ​មែន​ ប៉ុន្តែប៉េកាំង​ជា​អ្នកកំណត់​និង​​ជ្រើសរើស​ឈ្មោះ​​បេក្ខជន​ដែល​ត្រូវ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។​​ ជា​ហេតុ​ធ្វើ​ពលរដ្ឋហុងកុង ពិសេស​និស្សិត ខឹង​សម្បារ​ នាំ​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ និង​ធ្លាក់​ក្នុង​វិបត្តិ​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិហុងកុង គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ