អានតួអត្ថបទ
វៀតណាម

វៀតណាម៖គ្មាន​ការ​លើកលែងទោស​ចំពោះ​អ្នកទោស​នយោបាយ​ទេ ក្នុង​ឱកាស​ខួបកំណើត​ឯករាជ្យជាតិ

នៅ​ថ្ងៃ​ចន្ទ ទី២ កញ្ញា​ដើម​សប្តាហ៍​ក្រោយ ប្រទេស​វៀតណាម​នឹង​ប្រារព្ធ​ខួប​គម្រប់ ៦៨ឆ្នំា​នៃ​ការ​ប្រកាស​ឯករាជ្យ។ នៅ​ក្នុង​ឱកាស​នោះ មាន​អ្នកទោស​ជាង ១៥ ០០០នាក់​នឹង​ទទួល​បាន​ការ​លើកលែងទោស​ពី​លោក​ប្រធានាធិបតី។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត គ្មាន​អ្នកទោសនយោបាយ​ណា​ម្នាក់​នឹង​ត្រូវ​ដោះលែង​ទេ។

លោក​ Truong Tan Sang ប្រធានាធិបតី​វៀតណាម
លោក​ Truong Tan Sang ប្រធានាធិបតី​វៀតណាម REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

យោង​តាម​រដ្ឋាភិបាល​ក្រុង​ហាណូយ ការ​លើកលែងទោស​ពី​ប្រធានាធិបតី​ក្នុង​ឱកាស​បុណ្យឯករាជ្យជាតិ គឺ​ជា​ទំនៀមទម្លាប់ប្រពៃណី​មនុស្សធម៌​របស់​វៀតណាម របស់​គណបក្ស​កុម្មុយនិស្ត និង​របស់​រដ្ឋ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ដូច​ជា​រៀងរាល់​ឆ្នំា​ដែរ​​នោះ​គឺ​ថា អ្នកទោស​ដែល​នឹង​ទទួល​បាន​ការ​លើកលែងទោស​ច្រើន​ជា​អ្នកទោស​កម្រិតស្រាល និង​ដែល​ពួក​គេ​​ជិត​បញ្ចប់​ទម្ងន់​ទោស​របស់​ខ្លួន​ហើយ។ ចំណែក​អ្នកទោស​នយោបាយ ឬ​មួយ​ក៏​អ្នកទោស​ប្រឆំាង​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​បាន​ទទួល​ការ​លើកលែង​ទោស​ឡើយ។

អ្នកទោស​គ្រប់រូប​ដែល​បាន​ទទួល​ទោស​ពី​បទ​ឃោសនា​ប្រឆំាង​រដ្ឋាភិបាល ឬមួយ​ក៏​រៀបចំ​សកម្មភាព​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​នឹង​បន្ត​ស្ថិត​ក្នុង​បន្ទប់​ចម្រឹងដែក​ដដែល។ ម្យ៉ាង​ទៀត អ្នកទោស​មួយ​ចំនួន​ដែល​ជាប់ចោទ​ពី​បទ​រត់ពន្ធ​គ្រឿងញាន ឬមួយ​ក៏​រត់ពន្ធ​មនុស្ស​ក៏​នឹង​អាច​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដោះលែង​ដោយ​លោក​ប្រធានាធិបតី Truong Tan Sang ដែរ។

កាល​ពី ២សប្តាហ៍​កន្លង​ទៅ មាន​ការ​ដោះលែង​យុវជន​សកម្មជន​អ្នកគំាទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​ប្តឹង​ឧទ្ធរណ៍​ឈ្នះ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សង្ឃឹម​ថា ការលើកលែង​ទោស​ឆ្នំា ២០១៣ នេះ​នឹង​អាច​មាន​អ្នកទោសនយោបាយ​ខ្លះ។ តែ​ទីបំផុត សេចក្តីសង្ឃឹម​ហាក់​ដូច​ជា​បាន​រលាយសាបសូន្យ​ទៅ​វិញ។ រដ្ឋអំណាច​កុម្មុនិស្ត​វៀតណាម​មិន​ត្រឹមតែ​មិន​ព្រម​លើកលែងទោស​ឲ្យ​អ្នកនយោបាយ​ទេ តែ​បាន​និង​កំពុង​បន្ត​តាម​ប្រម៉ាញ់​ក្រុមអ្នកប្រឆំាង​ដោយ​មិន​រើសមុខ។

បច្ចុប្បន្ន មាន​អ្នកទោសប្រឆំាង​ជាង ១២០នាក់​កំពុង​ដេកក្នុង​គុក ហើយ​បើ​ទោះ​បី​ជា​មាន​ការ​រិះគន់ ទិតៀន​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ក៏​គណបក្ស​កុម្មុយនិស្ត​មិន​ខ្ចី​យកត្រចៀក​ស្តាប់ និង​បន្ត​ធ្វើ​បុណ្យឯករាជ្យ​របស់​ខ្លួន​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ជា​រៀងរាល់​ឆ្នំា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ