កម្ពុជា៖ពីរបបផ្តាច់ការទៅរបបប្រជាធិបតេយ្យក្រោមឥទ្ធិពលផ្តាច់មុខរបស់បក្សប្រជាជន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៧
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីស្ថានភាពនយោបាយនៃប្រទេស កម្ពុជា។
ទម្រាំបានស្គាល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់មហាសោកនាដ្យកម្មមួយពាន់ជំពូកដែលគេកម្រប្រទះឃើញនៅក្នុងប្រវត្តិមនុស្សជាតិ។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុនៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០ កម្ពុជាបានក្លាយជាសមរភូមិនៃសង្គ្រាមជាច្រើននិងច្រើនប្រភេទក្នុងអំឡុងពេល៣០ឆ្នាំ រួមមានជាអាទិ៍សង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ទី៧០ដែលបានដរចេញពីសង្គ្រាមត្រជាក់រវាងលោកខាងលិចនិងលោកខាងកើត និងសង្គ្រាមនៅក្នុងទសវត្សរ៍ទី៨០ដែលបានដរចេញពីអធិករណ៍រវាងកុម្មុយនិស្តចិននិងកុម្មុយនិស្តសូវៀត។ នៅចន្លោះសង្គ្រាមទាំងពីរ កម្ពុជាបានធ្លាក់ទៅនៅក្រោមនឹមនៃរបបខ្មែរក្រហមសាហាវរកលេខដាក់គ្មាន។ គឺជារបបកុម្មុយនិស្តជាតិនិយមជ្រុល ប្រកាន់ពូជសាសន៍ និងប្រល័យពូជសាសន៍ដែលបានយកការសម្លាប់រង្គាលមកធ្វើជារបៀបដឹកនាំប្រទេស។
សង្គ្រាមនិងខ្មែរក្រហមបានធ្វើឱ្យប្រទេសជាតិដែលមានប្រជាជនប្រមាណ៧លាននាក់នៅឆ្នាំ១៩៧០ បាត់បង់មនុស្សអស់ជិត៣លាននាក់ ។
សង្គ្រាមក៏យូរ ផ្លូវទៅរកសន្តិភាពក៏វែងឆ្ងាយ។ សន្តិភាពនៅលើក្រដាសតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសខែតុលាឆ្នាំ១៩៩១ និងនៅលើសាច់ការជាក់ស្តែងតាមរយៈបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា មិនបានគ្របដណ្តប់ភ្លាមៗទៅលើប្រទេសទេ។ ជាការពិត អង្គការសហប្រជាជាតិបានទទួលជោគជ័យក្នុងការរៀបចំបោះឆ្នោត ក្នុងការបង្កើតរបបនយោបាយមួយថ្មីសេរីនិងពហុបក្ស តែបានទទួលបរាជ័យក្នុងការនាំមកនូវសន្តិភាព។ នៅទីបំផុត គឺកម្ពុជាខ្លួនឯងទេតើក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានបញ្ចប់សង្គ្រាមជាមួយខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨។
ម្ល៉ោះហើយ មុននឹងវាយតម្លៃទៅលើស្ថានភាពបច្ចុប្បន្ននៃប្រទេស ម្នាក់ៗគួរចងចាំថា ទម្រាំមកដល់ថ្ងៃនេះ ទម្រាំមានថ្ងៃនេះ កម្ពុជាបានឆេះរលេះរលួយ បានហែលឆ្លងនរក និងបានដើរអូសជើងចេញរួចយ៉ាងវេទនាជាទីបំផុតពីសករាជសូន្យ។
*
ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ឆាកនយោបាយនៃប្រទេសកម្ពុជា ត្រូវបានគ្របដណ្តប់ដោយកម្លាំងខ្លាំងសឹងផ្តាច់មុខតែឯកឯងនៃគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ឥទ្ធិពលខ្លាំងក្លានៃគណបក្សនេះ បានស្តែងឡើងជាពិសេស តាមរយៈការបោះឆ្នោតសភានៅខែកក្កដាឆ្នាំ២០០៨។ កាលនោះ គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងឆ្នោត៥៨%និងអាសនៈចំនួន៩០ក្នុងចំណោមអាសនៈទាំង១២៣នៅក្នុងរដ្ឋសភា។ ទន្ទឹមនេះ ការបោះឆ្នោតសភាកាលពី៤ឆ្នាំមុន ក៏បានបង្ហាញឱ្យឃើញដែរនូវការប្រែប្រួលស៊ីជម្រៅនៃតុល្យភាពនយោបាយនៅខាងពួកអ្នកប្រឆាំង។ ចលនារាជានិយមបានរលាយដូចអំបិលត្រូវទឹក ដ្បិតបក្សហ្វ៊ុនស៊ីនប៉ិច ក៏ដូចបក្សនរត្តម រណឫទ្ធិដែរ បានទទួលតែ២អាសនៈប៉ុណ្ណោះ ទល់នឹង២៦សម្រាប់គណបក្សសម រង្ស៊ី និង៣សម្រាប់គណបក្សប្រឆាំងមួយថ្មីថ្មោង នោះគឺគណបក្សសិទ្ធិមនុស្ស។
ការរៀបចំបោះឆ្នោតទាំងថ្នាក់ជាតិនិងទាំងថ្នាក់មូលដ្ឋានជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៣មក ជាពស្តុតាងដែលបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យបាននិងកំពុងបន្តចាក់ឫសនៅក្នុងប្រទេសកម្ពុជា។ ការបោះឆ្នោតទាំងនេះទៀតសោតសុទ្ធតែត្រូវបានក្រុមអ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌និងទៀងត្រង់។ និយាយបែបផ្សេង ជ័យជំនៈម្តងហើយម្តងទៀតនៃគណបក្សប្រជាជនកម្ពុជា ឆ្លងពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត មិនមែនជាលទ្ធផលនៃការលួចបន្លំសន្លឹកឆ្នោតដូចការចោទប្រកាន់របស់ពួកអ្នកប្រឆាំងមួយចំនួននោះឡើយ ផ្ទុយទៅវិញ វាជាលទ្ធផលនៃការទុកចិត្តមួយប្រកែកមិនបានពីសំណាក់ប្រជាពលរដ្ឋទៅលើគណបក្សរបស់លោកហ៊ុន សែន។
មានកត្តាធំៗចំនួន៣យ៉ាងតិចដែលអាចពន្យល់បំភ្លឺថាហេតុអ្វីបានជាពលរដ្ឋខ្មែរភាគច្រើនសុខចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ទីមួយ គឺមកពីថ្នាក់ដឹកនៃគណបក្សនេះ ជាអ្នកដែលបានទប់ស្កាត់កុំឱ្យពួកខ្មែរក្រហមប្រល័យពូជសាសន៍ឯង វិលត្រឡប់មកកាន់អំណាចវិញពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩៣។ ទីពីរ គឺមកពីថ្នាក់ដឹកនាំនៃគណបក្សនេះ ជាអ្នកដែលបាននាំសន្តិភាពមកឱ្យប្រទេសជាតិវិញ ក្រោយពីមានសង្គ្រាមរ៉ាំរ៉ៃអស់ជិត៣០ឆ្នាំ។ និងទីបី ហើយនេះគឺជាកត្តាសំខាន់ជាងគេ គឺមកពីប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តើមស្គាល់ការលូតលាស់សេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចខ្លាំង ជាពិសេសនៅឆ្នាំ២០០៥-២០០៦ ទោះបីជាវាបានស្ទុះឡើងក្នុងភាពអនាធិបតេយ្យ ទោះបីជាវាបានបណ្តាលឱ្យមានគម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ និងទោះបីជាវាបានបង្កើនអំពើពុករលួយនៅក្នុងសង្គមក៏ដោយក្តី ក៏វា បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋទូទៅស្គាល់ការរីកចម្រើនមិនតិចដែរ។
*
យ៉ាងណាក៏ដោយ កម្លាំងខ្លាំងសឹងផ្តាច់មុខតែឯកឯងរបស់គណបក្សតែមួយ មិនមែនជាសញ្ញាល្អទេសម្រាប់ដំណើរការប្រជាធិបតេយ្យ ដ្បិតបាតុភាពបែបនេះ ជាពិសេសបើសិនជាវាអូសបន្លាយយូរលង់ អាចធ្វើឱ្យអំណាចពីរទៀត នោះគឺនិតិបញ្ញត្តិ និងតុលាការបាត់បង់ឥទ្ធិពលនិងឯករាជភាព។ ដូចនេះ កម្ពុជាដែលមិនទាន់មានវប្បធម៌ប្រជាធិបតេយ្យមាំមួន ត្រូវការគណបក្សប្រឆាំងមួយមាំមួន ត្រូវការអ្វីដែលគេហៅថាកម្លាំងប្រឆាំងអំណាច ដូចជាសង្គមស៊ីវិលមួយមាំមួននិងមធ្យោបាយឃោសនាមហាជនមួយឯករាជ្យ។
ម្ល៉ោះហើយ នៅមានច្រើនណាស់វិធានការដែលកម្ពុជាត្រូវចាត់ ដើម្បីបង្កើនគុណភាពនៃការបោះឆ្នោត និងជាពិសេសគុណភាពនៃការតស៊ូមតិបែបប្រជាធិបតេយ្យ។ ឧទាហរណ៍ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតម្តងៗ និងក្នុងជីវិតនយោបាយប្រចាំថ្ងៃ គ្រប់ចារន្តនយោបាយត្រូវមានលទ្ធភាពនិងសិទ្ធិស្មើរគណបក្សកាន់អំណាចដែរក្នុងការប្រើប្រាស់វិទ្យុនិងទូរទស្សន៍។ ថ្នាក់ដឹកនាំនៃប្រទេស គួរតែយល់ព្រមចូលរួមក្នុងការជជែកវែកញែកជាសាធារណៈជាមួយអ្នកប្រឆាំង ជាមួយតំណាងសង្គមស៊ីវិល និងជាមួយតំណាងសហជីព។
ក្នុងរយៈពេលតែពីរទសវត្សរ៍ប៉ុណ្ណោះ ស្ថានភាពនៃកម្ពុជាបានប្រែប្រួលមិនតិចទេ។ ប្រទេសមួយនេះដែលគ្មានវប្បធម៌និងទំនៀមទម្លាប់ប្រជាធិបតេយ្យបានបោះបង់ចោលលទ្ធិកុម្មុយនិស្តដើម្បីក្រសោបយករបបប្រជាធិបតេយ្យសេរីពហុបក្ស។ នៅកម្ពុជា មានសេរីភាពសារព័ត៌មាន មានសង្គមស៊ីវិលមួយខ្លាំងដែលស្តែងឡើងតាមរយៈវត្តមាននៃអង្គការក្រៅរដ្ឋាភិបាលចំនួនជាង៤០០០។ នៅកម្ពុជា មានសន្តិភាពនិងមានស្ថិរភាពនយោបាយ។ អ្នកសង្កេតការណ៍ខ្លះបានរហូតដល់ទៅនិយាយថា គឺអំណាចខ្លាំងផ្តាច់មុខតែឯកឯងនៃគណបក្សប្រជាជនកម្ពុជាទេតើដែលបានធ្វើឱ្យប្រទេសកម្ពុជាស្គាល់ស្ថិរភាពនយោបាយល្អ ដោយវាបានរំងាប់ការប្រទាញប្រទង់គ្នាខ្លាំង ទាំងនៅលើឆាកនយោបាយទាំងនៅក្នុងជួររដ្ឋាភិបាលចម្រុះដូចកាលសម័យទសវត្សរ៍ទី៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០។
យ៉ាងណាមិញ ស្ថិរភាពនយោបាយដែលគេសង្កេតឃើញនៅក្នុងប្រទេសសព្វថ្ងៃ ក៏ជាលទ្ធផលបានមកពីនិរន្តភាពនៃស្ថាប័នរាជាធិបតេយ្យដែរ។ នេះក៏ដោយសារតែព្រះមហាក្សត្រ ព្រះបាទNorodom Sihamoni ដែលទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ២០០៤ ទ្រង់បាននិងកំពុងបន្តផ្ចិតផ្ចង់មិនឱ្យព្រះរាជ្យសកម្មភាពរបស់ព្រះអង្គខុសភ្លាត់ឬឃ្លាតចាកពីការចែងរបស់រដ្ឋធម្មនុញ្ញឡើយ។
ការរីកចម្រើននិងវិជ្ជាជីវៈកាន់តែគ្រាន់បើឡើងជាលំដាប់នៃវិស័យសារព័ត៌មាន ក៏បាននិងកំពុងបន្តជួយកាត់បន្ថយមិនតិចដែរភាពតានតឹងនយោបាយនិងសង្គម។ មិនសូវមានច្រើនដូចមុនទៀតទេ សារព័ត៌មានដែលជេរប្រមាថ បង្អាប់បង្អោនកិត្តិយសនិងកេរ្ត៍ឈ្មោះ។ ទន្ទឹមនេះ វិទ្យុនិងទូរទស្សន៍អន្តរជាតិ ជាពិសេសវិទ្យុអន្តរជាតិនិយាយភាសាខ្មែរ ដែលរដ្ឋាភិបាលបានបើកដៃឱ្យផ្សព្វផ្សាយឬចាក់ផ្សាយបន្តតាមរលកអាកាសFM សឹងនៅទូទាំងប្រទេសបានធ្វើឱ្យលេចឡើងនូវសម្លេងថ្មីមួយអព្យាក្រឹត ឯករាជ្យ និងសត្យានុម័ត។
យ៉ាងណាក៏ដោយ ជម្លោះដីធ្លីដែលមានលក្ខណៈកាន់តែស្រួចស្រាល់ឡើងជាលំដាប់រវាងពលរដ្ឋធម្មតានិងនាម៉ឺន រវាងនាម៉ឺននិងនាម៉ឺន រវាងអ្នកក្រនិងអ្នកមាន រវាងអ្នកមាននិងអ្នកមានអាចនឹងបង្កធ្វើឱ្យរីកធំភាពតានតឹងនិងការរំជើបរំជួលក្នុងសង្គម។ ដោយឡែក ភាពច្រំដែលនៃប្រវត្តិសាស្រ្តជុំវិញរឿងរ៉ាវព្រំដែនជាមួយប្រទេសជិតខាងក៏អាចនឹងវិលមករំខានជាថ្មីឡើងវិញដែរ បរិយាកាសនៃការបោះឆ្នោតសភាឆ្នាំក្រោយ២០១៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ