តើអូបាម៉ាអាចពង្រឹងមហិទ្ធិឫទ្ធិរបស់អាមេរិក នៅក្នុងលោកបានឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១០
នៅសប្តាហ៏នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ បន្តពិនិត្យមើលទៅលើស្ថានភាពនៃពិភពលោកបច្ចុប្បន្ន។ នៅខែវិច្ឆិកាឆ្នាំ២០០៨ អូបាម៉ាបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ជិតពីរឆ្នាំក្រោយមក អូបាម៉ាដែលត្រូវបានគេប្រសិទ្ធនាមថា ជាប្រធានាធិបតី ទី ១របស់ ពិភពលោកមិនទាន់បង្ហាញឲ្យឃើញនូវស្នាដៃអ្វីមួយច្បាស់ នៅលើឆាកអន្តរជាតិឡើយ។ ម្ល៉ោះហើយ តើ អូបាម៉ាអាចពង្រឹង មហិទ្ធិឫទ្ធិរបស់អាមេរិក នៅក្នុងលោកបានឬទេ?
ជិតពីរឆ្នាំក្រោយការជាប់ឆ្នោតជាប្រវត្តិសាស្ត្ររបស់អូបាម៉ា អ្នកឯកទេសន៍នៃបញ្ហាអន្តរជាតិ នៅបន្តរកមិនទាន់ឃើញឡើយ ផ្លាកសញ្ញានៃនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិករូបនេះ។ អ្នកឯកទេសភាគច្រើនវាយតម្លៃថា អូបាម៉ាជាអ្នកប្រាកដនិយម ខុសពីGeorge W.Bush ដែលមានគំនិតរវើរវាយចង់រំលំរបបផ្តាច់ការនានា ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យគ្របដណ្តប់ទៅលើពិភពលោកទាំងមូល។
ការពិត គឺអ៊ីចឹងមែន។ អូបាម៉ាមិនសូវប្រើច្រើនពេកទេ ពាក្យលិទ្ធិប្រជាធិបតេយ្យ ឬពាក្យសិទ្ធិមនុស្សហើយក៏មិនសូវស្រែកទាមទារដែរ ឲ្យរបបផ្តាច់ការណាមួយ នៅក្នុងលោកដោះលែងអ្នកនេះ ឬឈប់គាបសង្កត់អ្នកនោះ។ អូបាម៉ាលើកឡើងជាពិសេស ពីបញ្ហាសេដ្ឋកិច្ច ឬពីបញ្ហាអាកាសធាតុហើយចៀសវាងមិនឡូឡាផ្តល់មេរៀនទៅឲ្យប្រទេសដទៃឡើយ។
ក៏ប៉ុន្តែ អូបាម៉ាដែលជាអ្នកប្រាកដនិយម មិនខ្វះឧត្តមគតិទេ។ ជាក់ស្តែង បីខែប៉ុណ្ណោះក្រោយពីបានឡើងធ្វើជាប្រធានាធិបតីអាមេរិក អូបាម៉ាបានបញ្ជូនសារជាច្រើនទៅកាន់មតិអន្តរជាតិ ក្នុងនោះរួមមានជាអាទិ៍ ការប៉ងប្រាថ្នាចង់បានពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ពិភពលោកមួយដែលម្នាក់ៗមានចិត្តចង់កសាងជាងបំផ្លាញ ពិភពលោកមួយដែលគ្មានសង្គ្រាម ពិភពលោកមួយពហុភាគីនិយម និងបរិស្ថាននិយម។
យ៉ាងណាមិញ ជិតពីរឆ្នាំក្រោយពីបានក្លាយជាបុរសដែលមានអំណាចខ្លាំងជាងគេនៅលើលោក អូបាម៉ានៅតែមិនទាន់បង្ហាញឲ្យឃើញនូវស្នាដៃអ្វីមួយច្បាស់ នៅលើឆាកអន្តរជាតិទេ។ មិនទាន់ឃើញមានទេ ដំណោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬក៏របស់អៀរ៉ង់។ មិនទាន់ឃើញមានទេស្រមោលនៃសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ឮតែសុន្ទរកថាប្រកបទៅដោយអត្ថរសនិងអត្ថន័យ ដែលបញ្ជាក់ហើយបញ្ជាក់ទៀតថា អាមេរិកចង់បង្កើនមិត្តភ័ក្តិជាជាងបង្កើនសត្រូវ ចង់ចរចាជាជាងប្រើធម៌ក្តៅ។ មិនទាន់ឃើញមានច្បាស់ឡើយ doctrine Obama ឬទ្រឹស្តីអូបាម៉ា។ នេះប្រហែលមកពី មកទល់ឥឡូវ អូបាម៉ារវល់តែដោះស្រាយបញ្ហាស្មុគស្មាញធំៗដែលសល់ពីរដ្ឋការBush ដូចយ៉ាងរូបភាពមិនល្អរបស់អាមេរិកនៅលើឆាកអន្តរជាតិ សង្គ្រាមអាហ្វហ្កានីស្តង់ និងសង្គ្រាមអៀរ៉ាក់។ អូបាម៉ាបានសន្យាថា នឹងដកទាហានអាមេរិកចេញពីអៀរ៉ាក់ មុនខែមិថុនាឆ្នាំ២០១១ និងបានបង្កើនទ័ពជិត៤០០០០នាក់ទៀតជាបន្ថែមនៅអាហ្វហ្កានីស្តង់ ក្នុងឆ្នាំ២០០៩កន្លងទៅនេះ។
ពីពេលនេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០១២ ដែលជាឆ្នាំបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី អូបាម៉ាត្រូវបង្ហាញស្នាដៃ នៅក្នុងសំណុំរឿងអន្តរជាតិធំៗចំនួនបី គឺអៀរ៉ង់ អ៊ីស្រាអែល និងកូរ៉េខាងជើង។
នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីGeorge W.Bush សហរដ្ឋអាមេរិកបានប្រជែងកម្លាំងគ្នាខ្លាំងជាមួយអៀរ៉ង់ រហូតដល់បានគំរាមថានឹងធ្វើអន្តរាគមន៍យោធាទៀតផង ប្រសិនបើរបបTéhéran មិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរទេនោះ។ នយោបាយដៃភ្លើងជើងមាន់របស់Bush តាមរយៈសង្គ្រាមនៅអាហ្វហ្កានីស្តង់ និងក្រោយមកទៀតនៅអៀរ៉ាក់ បានធ្វើឲ្យថ្នាក់ដឹកនាំអៀរ៉ង់មានជំនឿថា ការគំរាមតាមពាក្យសំដីរបស់អាមេរិកអាចក្លាយជាការពិត ក្លាយជាអន្តរាគមន៍យោធា។
ជាមួយអូបាម៉ា ថ្នាក់ដឹកនាំអៀរ៉ង់មានការកក់ក្តៅចិត្តជាង លែងបារម្ភទៀតហើយចំពោះអន្តរាគមន៍យោធាជាយថាហេតុរបស់អាមេរិក ពីព្រោះអាទិភាពរបស់ប្រធានាធិបតីអាមេរិកថ្មី គឺបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្តង់ នៅអៀរ៉ាក់ និងចៀសវាងកុំបង្កឲ្យមានសមរភូមិមួយណាថ្មី នៅក្នុងតំបន់។ អ្វីដែលរដ្ឋការអូបាម៉ា បាននិងកំពុងបន្តខ្នះខ្នែង គឺការអនុវត្តន៍ការទូតមួយ ក្នុងគោលដៅដាក់របបអៀរ៉ង់ឲ្យនៅឯកាលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ជាលើកទីមួយបង្អស់ ផែនការរបស់អាមេរិកស្តីពីការបង្កើនទណ្ឌកម្មសេដ្ឋកិច្ចនិងនយោបាយទៅលើអៀរ៉ង់ បានទទួលការបោះឆ្នោតគាំទ្រពីសំណាក់រុស្ស៊ីនិងចិន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅខែមិថុនាឆ្នាំ២០១០នេះ។
ជាការពិតណាស់ដែលថា នេះជាជ័យជំនះមួយប្រកែកមិនបានរបស់អូបាម៉ានៅចំពោះមុខថ្នាក់ដឹកនាំអៀរ៉ង់ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ ទឹកមាត់របស់អូបាម៉ាមិនប្រៃទេ មកទល់ពេលនេះ នៅចំពោះមុខប្រទេសអ៊ីស្រាអែល។ ម្យ៉ាង ថ្នាក់ដឹកនាំអ៊ីស្រាអែលដែលចាត់ទុកសន្តិសុខរបស់ប្រទេសជាតិថា ជាអាទិភាពទីមួយ អាចនឹងប្រើកម្លាំងយោធាវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អៀរ៉ង់គ្រប់ពេលវេលា។ ម្យ៉ាងទៀត អ៊ីស្រាអែលបានចាប់ផ្តើមមិនទុកចិត្តអូបាម៉ាតាំងពីដើមឆ្នាំ២០០៨មកម្ល៉េះ ពោលគឺតាំងពីអូបាម៉ា នៅជាបេក្ខជនមិនទាន់ក្លាយជាប្រធានាធិបតីនៅឡើយ។ មូលហេតុ គឺមកពីអ៊ីស្រាអែលសង្ស័យថា អូបាម៉ាមានសមានចិត្តទៅលើប៉ាឡេស្ទីនខ្លាំងពេក។
ថ្មីៗកន្លងទៅនេះ ការស្ទាបស្ទង់មតិមួយបង្ហាញថា ៦ភាគរយតែប៉ុណ្ណោះនៃប្រជាពលរដ្ឋអ៊ីស្រាអែលមានទំនុកចិត្តលើលោកអូបាម៉ា។ ធ្ងន់ធ្ងរជាងនេះទៅទៀត នៅឆ្នាំ២០១០នេះ រដ្ឋាភិបាលអ៊ីស្រាអែលរបស់Benyamin Netanyahou មិនព្រមស្តាប់រដ្ឋការអូបាម៉ាឡើយ ជាហេតុធ្វើឲ្យអភិក្រមនៃការស្វែងរកសន្តិភាពនៅភូមិភាគដើមបូព៌ាគាំងទ័លច្រក នៅមួយកន្លែង។
នៅគាំងទ័លច្រកដូចគ្នា គឺដំណោះស្រាយបញ្ហានុយក្លេអ៊ែរនៃកូរ៉េខាងជើង។ របបកុម្មុយនិស្តPyongyang មិនត្រឹមតែមិនព្រមវិលមករកតុចរចា៦ភាគីវិញប៉ុណ្ណោះទេ តែបានរករឿងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០១០នេះ។ របបPyongyang បន្តកម្មវិធីនុយក្លេអ៊ែរ ក្នុងគោលដៅផលិតគ្រាប់បែកបរមាណូ។ របបPyongyang បានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូង ជាហេតុបណ្តាលឲ្យមានស្លាប់នាវិកជាច្រើនសិបនាក់។ មិនតែប៉ុណ្ណោះ របបPyongyangថែមទាំងបានគំរាមថា នឹងបញ្ឆេះឲ្យសង្គ្រាមទាំងស្រុងមួយកើតឡើងនៅក្នុងតំបន់ បើសិនជាមានការបង្កើនទណ្ឌកម្មមកលើប្រទេសខ្លួន។
សរុបមកវិញ ជិតពីរឆ្នាំក្រោយពីបានជាប់ឆ្នោតរួចមក អូបាម៉ាប្រធានាធិបតីនៃមហាអំណាចពិភពលោកទីមួយ មិនទាន់បង្ហាញឲ្យឃើញនូវស្នាដៃអ្វីមួយ នៅលើឆាកអន្តរជាតិឡើយ។ ពួកអ្នកវិភាគខ្លះ ហ៊ានរហូតដល់ទៅអះអាងថា អូបាម៉ាគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងសណ្តាប់ធ្នាប់ថ្មី នៃភូមិសាស្រ្តនយោបាយពិភពលោកសព្វថ្ងៃទេ។ ពួកអ្នកវិភាគដដែលអះអាងទៀតថា បណ្តាមហាអំណាចថ្មីថ្មោង ជាពិសេសប្រទេសចិន កំពុងឆ្លៀតពេលនៃអណត្តិគ្រប់គ្រងរដ្ឋរបស់អូបាម៉ា នៅសហរដ្ឋអាមេរិក ដើម្បីលេចត្រដែតឡើងឲ្យកាន់តែខ្លាំងនិងឲ្យកាន់តែរហ័ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ