ប្រតិកម្មលោកអូបាម៉ា ក្រោយការស្លាប់អ្នកកាសែតអាមេរិកដោយពួកជីហាតអ៊ីរ៉ាក់កាត់ក
បន្ទាប់ពីអ្នកកាសែតអាមេរិកលោក James FOLEY ត្រូវបានពួកជីហាតអ៊ីរ៉ាក់សម្លាប់ដោយកាត់កមតិអន្តរជាតិទាំងមូលបានថ្កោលទោសពួកនេះ ថាជាក្រុមព្រៃផ្សៃគ្មានធម៌មេត្តា។វីដេអូដែលក្រុមជីហាតកាត់កអ្នកកាសែតនោះត្រូវបានពួកនេះបង្ហោះតាមប្រព័ន្ធអ៊ីនធឺនែត កាលពីថ្ងៃពុធ ទី២០សីហា។លោកបារ៉ាក់អូបាម៉ាបានថ្លែងក្នុងសន្និសីទសារពត៌មានបន្ទាន់មួយថ្កោលទោសក្រុមអ៊ីស្លាមជីហាត ចំពោះទង្វើដ៏ព្រៃផ្សៃនេះហើយលោកថាអាមេរិកនឹងមិនរារែកចំពោះការប្រយុទ្ធជាមួយពួកនេះទេ។
ចុះផ្សាយនៅថ្ងៃ៖
វីដេអូបង្ហាញពីការកាត់កទាំងរស់ចំណាប់ខ្មាំងជាអ្នកកាសែតជនជាតិអាមេរិកឈ្មោះ James FOLEY បានធ្លាក់ដល់ដៃរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃពុធ ២០សីហា។ លោកបារ៉ាក់ អូបាម៉ា បានចេញមកសម្តែងសេចក្តីសោកស្តាយភ្លាមៗ ចំពោះក្រុមគ្រូសារជនរងគ្រោះ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក អូបាម៉ា បានថ្កោលទោសពួកឧទ្ទាមអ៊ីស្លាមជីហាត ដែលជាឃាតករ ថាជាពួកបនព្រែផ្សៃ យង់ឃ្នង ឥតសាសនា។ លោកបានបន្តថា ពួកជីហាតយកសាសនាអ៊ីស្លាមធ្វើជាលេស ដើម្បីធ្វើបាប កាប់សម្លាប់ជនស្លូតត្រង់ ដោយងប់ងល់តែទៅលើមនោគមវិជ្ជាដ៏ឃោឃៅរបស់ខ្លួន។ តាមការពិត គ្មានសាសនាឯណា តម្រូវឲ្យសម្លាប់មនុស្សស្លូតត្រង់នោះឡើយ។ លោកបានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ ពួតដៃគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការកំទេចពួកជ្រុលនិយមជីហាតឲ្យអស់ ដើម្បីធានាសុខសន្តិភាពដល់ប្រជាជនស្លូតត្រង់ ដែលត្រូវពួកនេះធ្វើទារុណកម្មឥតស្រាកស្រាន្ត។
"អំពើដ៏យង់ឃ្នងរបស់ពួកជីហាតអ៊ីរ៉ាក់ មិនបានធ្វើឡើងក្នុងនាមសាសនាណាមួយនោះទេ។ ជនរងគ្រោះដោយសាទង្វើពួកនេះ ភាគច្រើនសុទ្ធសឹងតែជាជនជាតិអ៊ីស្លាម។ ហើយគ្មានសាសនាឯណា តំរូវឲ្យសម្លាប់មនុស្សស្លូតត្រង់ ដូចពួកនេះធ្វើឡើយ។"
សំឡេងរបស់លោកអូបាម៉ា ប្រែសម្រួលដោយ ម៉ម ពិសី
សូមបញ្ជាក់ថា លោក James FOLEY គឺជាអ្នកយកពត៌មានជនជាតិអាមេរិក ដែលមានបទពិសោធន៍ ហើយធ្លាប់បានរាយការណ៏ពត៌មាននៅតាមបណ្តាប្រទេសដែលមានសង្គ្រាម ដូចជានៅ ប្រទេសស៊ីរី ប្រទេសលីប៊ី ប្រទេសអាហ្វហ្គានីស្ថាន ជាដើម។ លោកធ្លាប់បានជាប់ឃុំនៅលីប៊ីអស់រយៈពេល៦ខែផងដែរ។ នៅខែ វិច្ឆិកា ឆ្នាំ២០១២ លោកត្រូវបានពួកជីហាតចាប់ខ្លួន នៅប្រទេសស៊ីរី ក្នុងពេលដែលគាត់ចុះយកពត៌មាន។ កន្លងមកមានប្រតិបត្តិការជាច្រើនលើកច្រើនសា ក្នុងការរំដោះលោកចេញពីពួកភេរវករជីហាត តែមិនបានសម្រេចទាល់តែសោះ។ ពួកជីហាត ថែមទាំងបានផ្ញើដំណឹងទៅក្រុមគ្រួសារលោក James FOLEY ទៀតផង ថាពួកវានឹងសម្លាប់លោកចោល។
ជាការពិតមែន ពួកអ៊ីស្លាមជីហាតបានបង្ហោះវីដេអូ ដែលក្នុងនោះលោក James FOLEYត្រូវពួកវាកាត់កទាំងរស់ យ៉ាងព្រៃផ្សៃជាទីបំផុត។ វីដេអូនោះ ត្រូវបានពួកអ៊ីស្លាមជីហាត អះអាងថាគឺជាសារផ្ញើឲ្យអាមេរិក ឆ្លើយតបចំពោះប្រតិបត្តិការរបស់ទាហានអាមេរិក ដែលបានវាយប្រហារពួកជីហាតនៅអ៊ីរ៉ាក់ថ្មីៗនេះ។
បើតាមការប៉ាន់ស្មាន ឃាតករដែលសម្លាប់លោក James FOLEY នៅក្នុងវីដេអូនោះ អាចជាជនជាតិអង់គ្លេស ព្រោះថាជននោះនិយាយភាសាអង់គ្លេស តាមរបៀបអ្នកក្រុងឡុងដ្រ៍ បានយ៉ាងច្បាស់។ រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងស្រាវជ្រាវបញ្ហានេះ។ សូមបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិអង់គ្លេសប្រហែលជា៥០០នាក់ ដែលបានត្រូវពួកអ៊ីស្លាមជីហាត ពង្វក់ និងអូសទាញ ឲ្យទៅជួយប្រយុទ្ធពួកវា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ