អានតួអត្ថបទ
អាស៊ាន

ទឹកជំនន់​ជា​ប្រធានបទ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កោះ​បាលី​សប្តាហ៍​ក្រោយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ក្រុម ឆ្ពោះទៅ​កាន់​កោះ​បាលី នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៩ ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ឆ្នាំ​២០១១​។ ក្នុង​កិច្ចប្រជុំ​នោះ បញ្ហា​ទឹក​ជំនន់​នៅ​កម្ពុជា ថៃ វៀតណាម និង​នៅ​ហ្វីលីពីន នា​ពេល​សព្វថ្ងៃ​នេះ នឹង​ក្លាយជា​ប្រធានបទ​សំខាន់មួយ។ ក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​ក៏​នឹង​ត្រូវ​ទទួល​សិទ្ធិ ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន នៅ​ឆ្នាំ​២០១២ ផងដែរ។​

លោក​ហ៊ុន សែន​ នឹងដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រជុំ​អាស៊ាន នៅ​បាលី
លោក​ហ៊ុន សែន​ នឹងដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រជុំ​អាស៊ាន នៅ​បាលី RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៩ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩​វិច្ឆិកា នៅ​សប្តាហ៍​ក្រោយ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ជា​ឱកាស​ដែល​កម្ពុជា​នឹង​ត្រូវ​ទទួល​សិទ្ធិ ធ្វើជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​២០១២​។ នេះ​បើ​តាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

លោក កុយ គួង បន្ថែមថា ខ្លឹមសារ​ពិស្តារ​នៃ​ដំណើរ​ទៅកាន់​តុ​ប្រជុំ​កំពូល​អាស៊ាន នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នឹងត្រូវ​ក្រសួងការបរទេស ចេញ​សេចក្តី​ជូន​ព័ត៌មាន​ជា​ផ្លូវការ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤​វិច្ឆិកា ឆ្នាំ​២០១១​។​

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​កាសែត​អន​ឡាន ជា​ភាសា​អង់គ្លេស The Cambodia Herald ដែល​បាន​ចេញផ្សាយ​ដំបូង នៅ​ថ្ងៃ​១១​វិច្ឆិកា ឆ្នាំ​២០១១ បង្ហាញថា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​កោះ​បាលី ប្រមុខ​ដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន​នឹង​ពិភាក្សា​អំពី​បញ្ហា​សកល និង​បញ្ហា​នៅក្នុង​តំបន់ រួម​ទាំង​គ្រោះទឹកជំនន់ នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដូចជា នៅ​ប្រទេស​ថៃ កម្ពុជា ហ្វីលីពីន និង​ប្រទេស​វៀតណាម បូក​រួម​ទាំង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ជាច្រើន​ទៀត​របស់​អាស៊ាន​។​

​តាម​ឯកសារ ទឹក​ជំនន់​នៅ​ប្រទេស​ថៃ កម្ពុជា វៀតណាម និង​ហ្វីលីពីន នា​ពេល​ថ្មីៗ​នេះ បាន​សម្លាប់​មនុស្ស​ជាង ១.០០០ នាក់​។ ទឹកជំនន់​បាន​បំផ្លាញ​សន្ទូង​ស្រូវ​រាប់សែន​ហិកតា ព្រម​ទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​ផ្សេង​ទៀត ជាពិសេស​នៅ​ប្រទេស​ថៃ ជួប​គ្រោះមហន្តរាយ​ទឹកជំនន់​ច្រើនជាងគេ​។​

​តាម​របៀបវារៈ ប្រមុខដឹ​កនាំប្រទេស​អាស៊ាន​នឹង​ឡើង​ថ្លែងការណ៍ អំពី​គ្រោះទឹកជំនន់ ដ៏​មហន្តរាយ ដែល​បាន​វាយប្រហារ​លើ​ប្រទេស​ថៃ កម្ពុជា វៀតណាម និង​ប្រទេស​ហ្វីលីពីន នៅក្នុង​តំបន់​អាស៊ាន​។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩​វិច្ឆិកា នៅ​កោះ​បាលី ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន ក៏​នឹង​ត្រូវ​ចូលរួម​ប្រជុំ​ជាមួយនឹង​មេដឹកនាំ​ប្រទេស​ដៃគូ​អាស៊ាន ដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ រុស្ស៊ី និង​សហរដ្ឋអាមេរិក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ