ធនាគារកណ្តាលអឺរ៉ុបបញ្ចុះអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មាន
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលសហភាពអឺរ៉ុបបានសម្រេចបញ្ចុះអត្រាការប្រាក់របស់ខ្លួន ពី ១% មកនៅត្រឹម ០,៧៥% ដែលជាអត្រាមួយទាបបំផុតមិនធ្លាប់មាន សម្រាប់តំបន់ចាយលុយអឺរ៉ូ។ ការបញ្ចុះអត្រាការប្រាក់នេះធ្វើឡើង ក្នុងគោលដៅ ជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ូ ដែលកំពុងផុងខ្លួនក្នុងវិបត្តិបំណុល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:៥៨
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីផ្សារហិរញ្ញវត្ថុនៅអឺរ៉ុបបានកើនឡើង ក្រោយពីដឹងថា ធនាគារកណ្តាលសហភាពអឺរ៉ុបកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹម ០,៧៥% (អត្រាការប្រាក់តម្កល់នៅធនាគារកណ្តាលអឺរ៉ុបត្រូវកាត់មកនៅ ០%)។ ចំណែកលុយអឺរ៉ូវិញបានធ្លាក់ចុះ ធៀបនឹងលុយដុល្លារអាមេរិក។
តាមការពិត តម្លៃភាគហ៊ុននៅអឺរ៉ុបបានកើនឡើង តាំងពីមុនពេលដែលការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុបត្រូវបានប្រកាសជាផ្លូវការម៉្លេះ ដោយសារតែថ្នាក់ដឹកនាំខ្លះរបស់ធនាគារកណ្តាលអឺរ៉ុបបានបង្ហើបអំពីវិធានការនេះ តាំងពីប៉ុន្មានថ្ងៃមកហើយ។ ម្យ៉ាងទៀត អ្នកជំនាញខាងសេដ្ឋកិច្ចស្ទើរតែគ្រប់គ្នា បានព្យាករអំពីការបញ្ចុះអត្រាការប្រាក់នេះ។
កាលពីថ្ងៃពុធ វិទ្យាស្ថានជំនាញខាងសេដ្ឋកិច្ចធំៗមួយចំនួន នៅក្នុងតំបន់ចាយលុយអឺរ៉ូ បានចេញផ្សាយតួលេខមួយចំនួន បង្ហាញថា ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ូ កំពុងតែធ្លាក់ចុះដុនដាបកាន់តែខ្លាំង តាំងពីប៉ុន្មានខែកន្លងមកហើយ។ សូម្បីតែ អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចរឹងមាំជាងគេ ក្នុងតំបន់អឺរ៉ូ ក៏កំពុងតែជួបបញ្ហាដែរ។ គិតជាមធ្យម នៅត្រីមាសទី១ ឆ្នាំ២០១២នេះ សេដ្ឋកិច្ចក្នុងតំបន់អឺរ៉ូមិនមានកំណើនទាល់តែសោះ។ ចូលដល់ត្រីមាសទី២ ផលិតផលសរុបក្នុងស្រុក ក្នុងតំបន់អឺរ៉ូ មិនត្រឹមតែមិនកើនឡើងនោះទេ តែថែមទាំងថយចុះ ០,២% ហើយគេព្យាករថា វានឹងបន្តថយចុះ ០,១% ទៀត នៅក្នុងត្រីមាសទី៣។
នៅក្នុងជំនួបកំពូលកាលពីសប្តាហ៍មុន ប្រមុខដឹកនាំអឺរ៉ុបបានព្រមព្រៀងគ្នា ចាត់វិធានការធំៗមួយចំនួនរួចមកហើយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងតំបន់។ ទីផ្សារហិរញ្ញវត្ថុនៅអឺរ៉ុបក៏ហាក់ដូចជាបានស្ងប់លែងជ្រួលច្របល់ខ្លាំងដែរ។ ក៏ប៉ុន្តែ គេនៅតែត្រូវការឲ្យមានវិធានការបន្ថែមពីខាងធនាគារកណ្តាលអឺរ៉ុប ដើម្បីបង្កើនទំនុកចិត្តអ្នកវិនិយោគកាន់តែខ្លាំងឡើងថែមទៀត។
ជាទូទៅ ធនាគារកណ្តាលអឺរ៉ុបមិនសូវចង់បញ្ចុះអត្រាការប្រាក់ ដោយសារតែបារម្ភអំពីបញ្ហាអតិផរណា។ ក៏ប៉ុន្តែ នៅពេលនេះ គេសង្កេតឃើញជាទូទៅថា អត្រាអតិផរណាមិនមែនជាបញ្ហាចោទនោះទេ នៅក្នុងតំបន់ចាយលុយអឺរ៉ូ។ ធនាគារកណ្តាលអឺរ៉ុបខ្លួនឯងក៏បានព្យាករដែរថា នៅចុងឆ្នាំ២០១២នេះ អត្រាអតិផរណាប្រចាំឆ្នាំ នៅទូទាំងតំបន់អឺរ៉ូ នឹងធ្លាក់ចុះ មកនៅត្រឹម ១,៦% ពោលគឺ ទាបជាង ២% ដែលជាគោលដៅរបស់អឺរ៉ុប។ ដូច្នេះធនាគារកណ្តាលអឺរ៉ុបនៅអាចបញ្ចុះអត្រាការប្រាក់បន្ថែមទៀតបាន ដើម្បីជួយស្តារកំណើនសេដ្ឋកិច្ច ដែលកំពុងចោទជាបញ្ហាយ៉ាងពិតប្រាកដ សម្រាប់តំបន់អឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ