អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ទំ​នាក់​ទំ​នង​រវាង​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អា​មេ​រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍នេះ Jean-François TAIN សូម​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក ទំនាក់ទំនង​ដែល​បាន​ប្រែប្រួល​ខ្លាំង តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​ចប់​មក។

ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា​នៅ​ឆ្នាំ​២០០៣ សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក មើល​មុខ​គ្នា​មិន​ចំ។ មូលហេតុ គឺ​មក​ពី​អាមេរិក​ធ្វើ​សង្គ្រាម​នៅ​Irak ហើយ​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ Anglais Espagne និង Italie គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក រីឯ​បារាំង​និង​Allemand វិញ​ប្រឆាំង។ ម្យ៉ាង​វិញ​ទៀត គឺ​នៅ​ឆ្នាំ​២០០៣​នោះ​ហើយ ដែល​សហភាពអឺរ៉ុប​ ត្រៀម​ខ្លួន​ទទួល​បណ្តា​ប្រទេស​អឺរ៉ុបខាងកើត​ឲ្យ​ចូល​ជា​សមាជិក។ បណ្តា​ប្រទេស​សមាជិក​ថ្មីថ្មោង​ទាំង​នេះ ដែល​បាន​ឋិត​នៅ​ក្រោម​ក្រញាំ​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ នៅ​មិន​ទុក​ចិត្ត​រុស្ស៊ី ត្រូវការ​ឲ្យ​អាមេរិក​ការពារ​ពួក​គេ ម្ល៉ោះ​ហើយ​ពួក​គេ​នាំ​គ្នា​ទៅ​គាំទ្រ​ភ្លាម​ភ្លែត​សង្រ្គាម​អាមេរិក​នៅ​ Irak។ ទាំង​នេះ​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​ប្រេះឆា​គ្នា​កាន់​តែ​ខ្លាំង​និង​ ធ្វើ​ឲ្យ​អឺរ៉ុប​និង​អាមេរិក កាន់​តែ​មិន​ចុះ​សម្រុង​គ្នា។

ប៉ុន្មាន ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ចុង​ឆ្នាំ​២០០៨ សហរដ្ឋអាមេរិក​របស់​លោក​Bush លែង​អុងអាត់ លែង​ប្រកាន់​យក​ជំហរ​ឯកតោភាគី​និយម នៅ​លើ​ឆាក​អន្តរជាតិ​ដូច​ពេល​មុន ទៀត​ហើយ។ ពីព្រោះ​ស្ថានភាព​នៅ​Irak មិន​ប្រព្រឹត្ត​ទៅ ដូច​ទីក្រុង​Washington បាន​គ្រោង​ទុក​ទេ ពីព្រោះ​ជ័យ​ជំនះ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​របស់​ចលនាអ៊ីស្លាម​ជ្រុល​និយម​Hamas នៅ​ដែនដី​Palestine បាន​បើក​ភ្នែក​លោក​Bush ឲ្យ​យល់​ថា គេ​មិន​អាច​បង្ខំ​ភូមិភាគ​ដើមបូព៌ា​ឲ្យ​ទទួល​យក​លទ្ធិប្រជាធិបតេយ្យ​ងាយៗ​ បាន​ទេ។ អ៊ីចឹង​ហើយ បាន​ជា​អាមេរិក​របស់​លោក​Bush មាន​ចរិត​ស្លូត​វិញ ស្លូត​ជាង​នៅ​ឆ្នាំ​២០០៣ ដោយ​បាន​ងាក​មក​ឲ្យ​តម្លៃ​ដល់ អ.ស.ប ជាអាទិ៍​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​របស់​Iran​។ នៅ​ក្នុង​បរិបទ​បែប​នេះ អឺរ៉ុប​និង​អាមេរិក​ក៏​ខិត​ចូល​ជិត​គ្នា​វិញ។

ប៉ុន្តែ ​ នៅ​ឆ្នាំ​២០០៨ ឆ្នាំ​ដែល​លោក​Bush​ជិត​អស់​អាណត្តិ​ប្រធានាធិបតី ទោះ​ជា​ទំនាក់ទំនង​រវាង​អាមេរិក​និង​អឺរ៉ុប​ល្អ​ប្រសើរ​ជាង​មុន​ក្តី ក៏​នៅ​មាន​សល់​ច្រើន​ណាស់​មូលហេតុ​ស្មុគស្មាញ​ដែល​បន្ត​ធ្វើ​ឲ្យ​ភាគី​ទាំង​ ពីរ​មិន​អាច​ស្និទ្ធស្នាល​គ្នា​បាន ដូច​កាល​សម័យ​សង្គ្រាម​ត្រជាក់​បាន​ឡើយ។ ជា​បឋម នៅ​ខាង​សហភាពអឺរ៉ុប អឺរ៉ុប​មិន​យល់​ឃើញ​និង​មិន​ធ្វើ​តាម​អាមេរិក​ទេ នៅ​ចំពោះ​មុខ​ចលនា​ភេរវនិយម។ រដ្ឋការ​លោក​Bush ធ្វើ​សង្រ្គាម​ប្រឆាំង​ភេរវកម្ម ដូច​ខ្លួន​បាន​ធ្វើ​សង្រ្គាម​កំចាត់​ពួក​Nazi Allemand កាល​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។ បាន​ន័យ​ថា ចំពោះ​អាមេរិក​របស់​លោក​Bush ឲ្យ​តែ​ជា​ភេរវជន គឺ​សុទ្ធ​តែ​ជា​ពួក​តំណាង​សភាវៈ​អាក្រក់​ទាំង​អស់ ទោះ​ជា​អ្នក​នោះ​ជា​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​និយម ដូច​ពួក​Tchéchènes ឬ​ក៏​ជា​ពួក​សកម្មជន​Al-Qaïda តាង​នាម​ឲ្យ​សាសនា​អ៊ីស្លាម​ជ្រុល​និយម​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត អឺរ៉ុប​ក្តៅ​ចិត្ត ដោយហេតុតែ​អាមេរិក ដែល​ជា​ជើង​ឯក​នៃ​ពិភពភាវូបនីយកម្ម ចេះ​តែ​បង្ខិត​បង្ខំ​គេ​ឯង ឲ្យ​ទទួល​ចក្ខុនិមិត្ត​នៃ​ទី​ផ្សារ​សេរី​របស់​ខ្លួន ជាពិសេស នៅ​ពេល​ចរចា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​OMC​ម្តងៗ។

ចំណុច ​មួយ​ទៀត ដែល​អឺរ៉ុប​មិន​ចុះ​សម្រុង​ជាមួយ​អាមេរិក គឺ​សុបិន​របស់​លោក​Bush​ក្នុងការ​ធ្វើ​ឲ្យ​សន្តិភាព​កើត​ឡើង នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា តាម​រយៈ​ការ​ដាក់​បន្តុប​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់ ​នេះ​យក​ទៅ​អនុវត្ត គឺ​ថា​ធ្វើ​ហាក់​បី​ដូច​ជា​ប្រទេស​ប្រជាធិបតេយ្យ​មិន​ចេះ​ធ្វើ​សង្គ្រាម និង​មាន​តែ​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​ទេ​ដែល​ចេះ​ឈ្លោះ​ប្រកែក​គ្នា។

ក្រោយ ​មក​ទៀត អាមេរិក​របស់​លោក​Obama ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៩​មក និង​អឺរ៉ុប​ក៏​នៅ​តែ​មិន​អាច​វិល​មក​ស្និទ្ធស្នាល​គ្នា​ខ្លាំង​វិញ ដូច​សម័យ​សង្គ្រាម​ត្រជាក់​បាន​ឡើយ។ ពីព្រោះ អាមេរិក​នៅ​សតវត្សរ៍​ទី២១​នេះ លែង​ចាត់​ទុក​អឺរ៉ុប​ថា ជា​តំបន់​ភូមិសាស្រ្តនយោបាយ​មួយ​សំខាន់​ទៀត​ហើយ។ រហូត​មក​ដល់​ឆ្នាំ​១៩៩១ ឆ្នាំ​ដែល​សហភាពសូវៀត​រលាយ​និង​សង្គ្រាម​ត្រជាក់​ត្រូវ​ចប់ អឺរ៉ុប​ជា​ដង្ហើម​របស់​អាមេរិក។ ចូរ​កុំ​ភ្លេច​ថា អាមេរិក​បាន​មក​ជួយ​ស្រោចស្រង់​អឺរ៉ុប​ប្រជាធិបតេយ្យ​ឲ្យ​រួច​ពី​អំណាច​ ផ្តាច់ការ​នៃ​ចក្រភព​អឺរ៉ុប​កណ្តាល មក​ជួយ​រំដោះ​អឺរ៉ុប​ឲ្យ​រួច​ពី​ក្រញាំ​Allemand nazi និង​មក​ជួយ​ការពារ​អឺរ៉ុប​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​សហភាពសូវៀត​ កុម្មុយនិស្ត។

ឥឡូវ​នេះ នៅ​ឆ្នាំ​២០១០ អាមេរិក​របស់​លោក​Obama បែរ​ជា​ឲ្យ​តម្លៃ​ទៅ​លើ​ភូមិភាគ​ដើម​បូព៌ា និង​អាស៊ី ជាង​ទៅ​លើ​អឺរ៉ុប​ទៅ​វិញ។ ឲ្យ​តម្លៃ​ទៅ​លើ​អាស៊ី ដោយហេតុតែ​ការ​លេច​ត្រដែត​ឡើង​លឿន​រហ័ស​នៃ​ប្រទេស​ចិន។ ឲ្យ​តម្លៃ​ទៅ​លើ​ភូមិភាគ​ដើមបូព៌ា ដោយហេតុតែ​ជា​ជង្រុក​នៃ​ភេរវកម្ម និង​ជា​ចំណុច​ក្តៅ​គគុក​ជាង​គេ នៃ​អស្ថិរភាព​ពិភពលោក​សព្វ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត អាមេរិក​របស់​Obama បែប​មិន​សង្ឃឹម​ មិន​សង្ឃឹម​ថា សហភាពអឺរ៉ុប​អាច​ក្លាយ​ទៅ​ជា​មហាប្រទេស​រួម​គ្នា​តែ​មួយ ដែល​មាន​ឥទ្ធិពល​នយោបាយ​​ខ្លាំង​ក្លា​ អាច​ក្លាយ​ជា​គូ​ប្រជែង​ឬ​ជា​ដៃ​គូ​របស់​ខ្លួន​​បាន​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ