អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិគ្រីមេ នឹង​ជំរុញ​​ឱ្យ​សហភាព​​អឺរ៉ុប​​រួសរាន់​​​ស្វែង​​រក​​​ឯករាជ្យ​​ផ្នែក​​ថាមពល ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​អ៊ុយក្រែន ភាពក្រអើត​ក្រទម​របស់​រុស្ស៊ី ការ​ឈ្លានពាន​ក្រសោប​យក​គ្រីមេ មក​ធ្វើ​ជា​រណប​រុស្ស៊ី បាន​និង​កំពុង​​ដាស់​សហភាព​អឺរ៉ុប ឱ្យ​ភ្ញាក់​ពី​ភាព​ដេក​ដួល​ពឹង​​រុស្ស៊ី​លើ​វិស័យ​ថាមពល​ឧស្ម័ន។ ជំនួប​កំពូល​សហភាព​អឺរ៉ុប ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២០ និង​២១​មីនា នេះ​ នៅ​ទីក្រុង​ព្រុចសែល ជាឱកាស​​មាស​សម្រាប់​ពន្លឿន​ដំណើរ​ការ​ស្វែង​រកឯករាជភាព​​ផ្នែក​ថាមពល​ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី។ តើ​ទីផ្សារ​ថាមពល​អឺរ៉ុប​ពឹង​លើ​រុស្ស៊ី​យ៉ាង​ណា ? តើ​អឺរ៉ុប​អាច​យក​អ្វី​មក​ជំនួ​សថាមពល​ឧស្ម័ន​រុស្ស៊ី ?​ និង​ដោ​យវិធីណា ?

មួយ​ភាគ​បួ​ន​នៃ​ឧស្ម័ន​អឺរ៉ុប​ទិញ​មក​ពី​រុស្ស៊ី  ដោយ​បង្ហូរ​កាត់​តាម​អ៊ុយក្រែន(៦០%) និង​បេឡារុស (២០%)
មួយ​ភាគ​បួ​ន​នៃ​ឧស្ម័ន​អឺរ៉ុប​ទិញ​មក​ពី​រុស្ស៊ី ដោយ​បង្ហូរ​កាត់​តាម​អ៊ុយក្រែន(៦០%) និង​បេឡារុស (២០%) (Carte : Nicolas Catonné / RFI)
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​​មួយ​សប្តាហ៍​មុន​ការ​បើក​ជំនួប​កំពូលម្ល៉េះ​ ដែល​ក្រុម​ប្រឹក្សា​អឺរ៉ុប​ បាន​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ ​​​ចំពោះ​​ជោគវាសនា​នៃ​ការ​ផ្គត់​ផ្គង់​ថាមពល និង​បាន​​អំពាវនាវ​ ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ ​ប្រឹង​ប្រែង​រក​ដំណោះស្រាយ និង ហ៊ាន​ធ្វើ​ពហិការ​ខ្លះ​ ​កាត់​បន្ថយ​ការ​ពឹង​ពាក់​​រុស្ស៊ី ក្នុង​ផ្នែក​ថាមពល​ ជាពិសេស​ថាមពល​ឧស្ម័ន​។

 
ក្នុង​ពេល​បច្ចុប្បន្ន​នេះ អឺរ៉ុប​ទាំង​មូល ​ពឹង​ពាក់​​យ៉ាង​ខ្លាំង​លើ​រុស្ស៊ី មាន​ធនធាន​ធម្មជាតិ​ឧស្ម័ន​យ៉ាង​ក្រាស​ក្រែល ! រុស្ស៊ី បាន​ក្លាយ​​ជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន ចំណាត់​ថា្នក់​លេខមួយ​នៅ​អឺរ៉ុប។ មួយ​ភាគ​បួន​នៃ​ឧម័ន​ហ្កាស​ប្រើប្រាស់​នៅ​អឺរ៉ុបខាង​លិច​ គឺ​នាំ​ចូល​ពី​ប្រទេស​រុស្ស៊ី ​ ហើយ​​​សមាជិកសហភាព​អឺរ៉ុប​ខ្លះ​ ដូច​ជា​ប៊ុលហ្ការី ឬ​ប្រទេស​ក្នុង​តំបន់​បាល់ទិក ប្រើ​ហ្កាសនាំ​ចូល​ពី​រុស្ស៊ី ស្ទើរ​តែ​ទាំង​ស្រុង។ ហ្កាស​រុស្ស៊ី​ ​ដែល​បង្ហូរលក់​​មក​អឺរ៉ុប ប្រមាណ​៦០% ត្រូវ​ឆ្លង​កាត់​ប្រទេស​អ៊ុយក្រែន។ អ៊ុយក្រែន​ដែល​មាន​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ីនោះ ជា​កូន​បំណុល​​ជំពាក់​ថ្លៃ​ហ្កាស​​ម៉ូស្គូវណ្ឌក (១៥៥០លានដុល្លារ)នៅឡើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ម៉ោង​នេះ។

រាល់​ពេល​មាន​វិបត្តិ មាន​ជម្លោះជា​មួយ​​អ៊ុយក្រែន ឬ​ជា​មួយ​​អឺរ៉ុប  រុស្ស៊ី​តែង​តែ​កិកកុក​យក​ហ្កាស​មក​ធ្វើជា​អាវុធ​គំរាម ជា​អាវុធ​ការពារមិន​ខ្លាច​ការ​ព្រមាន​អ្វី​ពី​ខាង​ក្រៅ​សោះ ឬ​អាច​និយាយ​បាន​តាម​​ម្យ៉ាង​ទៀត ថា​អឺរ៉ុប និង​អ៊ុយក្រែន មិន​សូវ​ហ៊ាន​ក្អក ហ៊ាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ខ្លាំង​អី​លើ​រុស្ស៊ី​ទេ ព្រោះ​ខ្លាច​ម៉ូស្គូ​កាច់​បិទ​ទុយយោ​ហ្កាស​ លែង​លក់​ឧស្ម័ន​ឱ្យ។ សង្គ្រាម​ឧស្ម័ន​អាច​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត ! គ្មាន​នរណា​ទាន់​ភ្លេច​ឡើយ​សង្គ្រាម​ឧស្ម័ន​ពីរ​លើក ​នៅ​ឆ្នាំ​២០០៦ និង​២០០៩ ដែល​កាលណោះ​រុស្ស៊ី​បានកាច់​បិទ​បង្អត់​ថាមពល​ហ្កាស​នៅអ៊ុយក្រែន។ សង្រ្គាម​នោះ ក៏​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ចាប់​ផ្តើម​គិត​គូរ​ស្វែង​រក​ប្រភព​ថាមពល​ថ្មី សម្រាប់​មក​ជំនួស​ហ្កាស​រុស្ស៊ី ខ្លះ​ៗ​ហើយ។ ​ វិបត្តិ​​​នៅ​គ្រីមេ នាពេល​នេះ គឺ​ពិត​ជា​​​ឈ្នាន់​បន្ថែម​ល្បឿន​ ឱ្យ​ការ​ស្វែង​រក​ដំណោះស្រាយ​កាត់​បន្ថយ​ការ​រំពឹង​លើ​រុស្ស៊ី​ទៅ​មុខ​កាន់​តែ​លឿន​ប៉ុណ្ណោះ។ គ្រាន់​តែចាំ​មើល​ថា​ តើ​​​​ជា​អាទិភាព​ប៉ុណ្ណា ?!

 
ដំបូង​ឡើយ សំណុំ​រឿង​ស្វែង​រក​ឯករាជ្យផ្នែក​ថាមពល ពុំ​មាន​ចែង​ក្នុង​គម្រោង​​​​នៃ​ជំនួប​កំពូល​សហភាព​អឺរ៉ុប​ក្រុង​ព្រុចសែល ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ​នេះទេ ប៉ុន្តែ​ ​​ការ​ចូល​ឈ្លានពាន​និង​កាន់​កាប់​ទឹក​ដី​ស្វយ័ត​គ្រីមេជា​ចំណុះ​ម៉ូស្គូ​​ បាន​រុញ​ច្រាន​​​សហគមន៍​អឺរ៉ុបនិង​រុស្ស៊ី​​ឱ្យ​​​ក្លាយ​ជា​គូ​បក្សដិបក្ស​​​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ចំៗ​តែ​ម្តង។ ដូច្នេះ​ក្រុម​ប្រឹក្សា​អឺរ៉ុប ក៏ត្រូវ​តែ​ប្តូរ​យុទ្ធសាស្ត្រ​ប្រជុំ​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​ដែរ។

​​

ផែនទី​ថ្មី​បង្ហាញ​ពី​បំពង់ឧស្ម័ន​ដែល​អឺរ៉ុប​ចង់​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​អាស្រ័យ​លើ​រុស្ស៊ី​ពេក
ផែនទី​ថ្មី​បង្ហាញ​ពី​បំពង់ឧស្ម័ន​ដែល​អឺរ៉ុប​ចង់​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​អាស្រ័យ​លើ​រុស្ស៊ី​ពេក (Carte : M. Gilles-Garcia/RFI)

ដើម្បី​កាត់​បន្ថយ​ភាព​អាស្រ័យ​ខ្លាំង​លើ​រុស្ស៊ី ជា​ពិសេស​សម្រាប់​បណ្តា​ប្រទេស​នៅ​ប៉ែក​ខាង​កើត​អឺរ៉ុប ក្រុម​ប្រឹក្សា​អឺរ៉ុប ចង់​ឃើញ​សហភាព​​មាន​ប្រភព​ថាមពល​ចម្រុះ ច្រើន​ជាង​មុន ពោល​គឺ​បន្ត​អភិវឌ្ឍន៍​ប្រភព​ថាមពល​មិន​ចេះ​រីង​ស្ងួត អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​ជា​គ្រឹះ​សំខាន់​សម្រាប់​ភាព​រលូន​នៃ​ការ​ធ្វើ​ឱ្យ​កាន់​តែ​សម្បូរ​បែប​ផ្នែក​ថាមពល។

ជាក់​ស្តែង​ ការ​ចរចា​ជាមួយ​រុស្ស៊ី​ក្នុង​គម្រោង​សាង​សង់​បំពង់​បង្ហូរ​ហ្កាស​ South Stream ប៉ែក​ខាង​ត្បូង ព័ទ្ធ​អ៊ុយក្រែន​ ក្រោម​​​សមុទ្ទ​ខ្មៅ​ ដោយ​ឆ្លង​កាត់​​ប្រទេស​ប៊ុលហ្ការី ស៊ែប៊ី និង​ហុងគ្រី ដែល​នឹង​អាច​ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៨​បាន​ ក្នុង​ទំហំ​១៥%​នៃ​សេចក្តី​ត្រូវការ​អឺរ៉ុប ត្រូវ​ទុក​ចោល​អូស​តាម​ពេលវេលា​សិន។

អង់គ្លេស និង​ប៉ូឡូញ បាន​ទាមទារ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ ​ និង​ផលិតកម្ម​ឧស្ម័នSchiste។ ឧស្ម័ន​Schiste ដែល​គណៈកម្មការអឺរ៉ុប ទើប​បាន​បោះឆ្នោត​អនុម័ត កាលពី​ថ្ងៃទី ២២​មករា ២០១៤ បើក​ភ្លើង​ខៀវ ឱ្យ​ប្រទេស​សមាជិក​អាច​មាន​លទ្ធភាព​ផលិត​ទាញ​យក​ហ្កាស​ប្រភេទ​នេះ​មក​ប្រើប្រាស់ ប្រសិន​បើ​អាច​គោរព​បាន​ទាំង​ស្រុង​គោលការណ៍​អនាម័យ​និង​បិរស្ថាន​រួម។​ ​ថាមពល​ឧស្ម័ន​នេះ បើ​ទោះ​បី​មាន​ផលិតកម្ម​យ៉ាង​ពេញ​ទំហឹង​នៅ​សហរដ្ឋ​អាមេរិក​​មែន ប៉ុន្តែ​នៅ​អឺរ៉ុប​វិញ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង លើ​វិធី​ទាញ​បូម​យក​ឧស្ម័ន​ ព្រោះយល់​នាំ​ឱ្យ​ខូច​បរិស្ថាន​ខ្លាំង។

ចំណែក​សហរដ្ឋ​អាមេរិក ជា​សម្ព័ន្ធ​មិត្ត ដែល​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​នយោបាយ​រុស្ស៊ី​លើ​អ៊ុយក្រែន ក៏​យល់​ថា​ការដែលអឺរ៉ុប​​រំពឹងខ្លាំង​លើ​រុស្ស៊ី រំខាន​ខ្លាំង​ណាស់​ដល់​នយោបាយ​អាមេរិក​ចំពោះ​រុស្ស៊ី។ អាមេរិក​បានផ្តើម​ជា​សេ្រច​​ពិចារណា​​លទ្ធភាព​លក់​ឧស្ម័ន​អាមេរិក ទៅ​ឱ្យ​អឺរ៉ុប ដោយ​បង្ហូរ​តាម​ទុយយោ​ឆ្លង​កាត់​​មហា​សមុទ្ទ​អាត្លង់​ទិក​តែ​ម្តង ព្រោះ​អាមេរិក​ជា​មហា​អំណាច​លេខ​មួយ​ផ្នែក​ផលិត​ឧស្ម័ន​ធម្មជាតិ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ