អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីលាន​វិហារអ៊ីស្លាម៖ទីកន្លែង​ដែល​កំពុង​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​សាសនា​ជ្វីហ្វ និង​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​កំពុង​បន្ត​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នោះ ស្ថានការណ៍​នៅ​ក្នុង​តំបន់​ក៏​កំពុង​បន្ត​ពុះកញ្រ្ជោល​ដោយ​ព្រឹត្តិការណ៍​ផ្សេងៗ​រួម​មាន ស្ថានភាព​នៅ​ទីលានវិហារ​អ៊ីស្លាម​ស្ថិត​ក្នុង​តំបន់​ហ៊េ្សរូសាឡឹម​ប៉ែកខាងកើត និង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ក្នុង​ការ​បន្ត​សាងសង់​លំនៅដ្ឋាន​ឲ្យ​ប្រជាជន​ខ្លួន​លើ​ដែនដី​ប៉ាឡេស្ទីន។ តែ​ព្រឹត្តិការណ៍​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​ភាព​តានតឹង​កំពុង​ឡើង​ដល់​កំពូល​នៅ​ទីលាន​វិហារអ៊ីស្លាម ព្រោះ​វា​ធ្លាប់​ជា​ប្រភព​នៃ​ការ​ផ្តើម​ផ្ទុះ​សង្រ្គាម​ចោលដុំ​ថ្ម​អ៊ីនទីហ្វាដា (intifada) លើកទី២​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០០០។

ទីលាន​វិហារអ៊ីស្លាម៖ទីកន្លែង​ដែល​កំពុង​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​សាសនា​ជ្វីហ្វ និង​អ៊ីស្លាម
ទីលាន​វិហារអ៊ីស្លាម៖ទីកន្លែង​ដែល​កំពុង​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​សាសនា​ជ្វីហ្វ និង​អ៊ីស្លាម Reuters/Baz Ratner
ផ្សាយពាណិជ្ជកម្ម

តើ​ស្អី​ទៅ​ដែល​ហៅ​ថា អ៊ីនទីហ្វាដា (intifada) ឬ​មួយ​ក៏​ថា អ្វី​ទៅ ជា​និយមន័យ​របស់​ពាក្យ អ៊ីនទីហ្វាដា (intifada)។ នៅ​ពេល​ដែល​គេ​និយាយ​ពី​សង្រ្គាម​អ៊ីនទីហ្វាដា (intifada) គឺ​គេ​ចង់​និយាយ​សំដៅ​ដល់​សង្រ្គាម​ចោលដុំ​ថ្ម​របស់​ប្រជាជន​ប៉ាឡេស្ទីន​ប្រឆំាង​នឹង​ប្រទេស​អ៊ីស្រាអែល។ ស្តាប់​មួយ​ភ្លែត​ទៅ​ហាក់​ដូច​ជា​ចម្លែក តែ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​ទន់ខ្សោយ និង​ចាញ់ប្រៀប​អ៊ីស្រាអែល​ខ្លំាង​នោះ វា​ពិត​ជា​ជម្រើស​មួយ​ដើម្បី​ប្រឆំាង​នឹង​អានុភាព​របស់​អ៊ីស្រាអែល​ផង និង​ក៏​ដើម្បី​ដាស់​ស្មារតី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ឈឺ​ឆ្អាល​ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន​ផង​ដែរ។ សង្រ្គាម​អ៊ីនទីហ្វាដា (intifada) លើកទី១​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី៩ ធ្នូ ឆ្នំា ១៩៨៧ និង​បាន​បិទបញ្ចប់​ទៅ​ក្នុង​ឆ្នំា ១៩៩៣ នា​ឱកាស​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​អូស្លូ។ ៧ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី២៨ កញ្ញា ឆ្នំា ២០០០ សង្រ្គាម​អ៊ីនទីហ្វាដា (intifada) លើកទី២ ក៏​បាន​ផ្ទុះ​ឡើង​ជា​ថ្មី។

អ្វី​ជា​ការ​កត់សម្គាល់ ប្រភព​សង្រ្គាម​អ៊ីនទីហ្វាដា (intifada) លើកទី២​កាល​ណោះ​បាន​កើត​ចេញ​ពី​ទីលាន​វិហារអ៊ីស្លាម​នៅ​ហ៊្សេរូសាឡឹម​ខាងកើត​នោះ​ឯង ហើយ​អ្នក​ដែល​បាន​បញ្ចេះ​សង្រ្គាម​ពេល​នោះ គឺ​លោក Ariel Sharon អ្នកតំណាងរាស្រ្ត​អ៊ីស្រាអែល​ដែល​បាន​ចូល​ទៅ​ទស្សនកិច្ច​នៅ​ទីលាន​វិហារអ៊ីស្លាម​នោះ។ គឺ​រូបលោក Ariel Sharon នេះ​ឯង​ដែល​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នៅ ៦ខែ​ក្រោយ​មក ពោល​នៅ​ថ្ងៃទី៧ មីនា ឆ្នំា ២០០១។ ខុស​ពី​សង្រ្គាម​អ៊ីនទីហ្វាដា (intifada) លើកទី១​ដែល​គេ​ដឹង​ថ្ងៃ​បិទបញ្ចប់​ជា​ផ្លូវការ សង្រ្គាម​អ៊ីនទីហ្វាដា (intifada) លើកទី២​ត្រូវ​បាន​គេ​លើក​ឡើង​ថា ប្រហែល​ជា​បាន​បញ្ចប់​នៅ​ដំណាច់​ឆ្នំា ២០០៣ តាម​រយៈ​ផែនទីចង្អុល​ផ្លូវមួយ​ដើម្បី​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​៤ភាគី​ទទួល​បន្ទុក​សំណុំរឿង​មជ្ឈិមបូព៌ា គឺ​អាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និង​អង្គការ​សហប្រជាជាតិ។

ជាង ១០ឆ្នំា​ក្រោយ​មក ទីលាន​វិហារអ៊ីស្លាម​ដដែល​នេះ​បាន និង​កំពុង​បន្ត​ក្លាយ​ជា​ទីកន្លែង​ចិញ្ចឹម​ភាព​តានតឹង​រវាង​ក្រុមអ្នកកាន់​សាសនាជី្វហ្វ និង​ក្រុមអ្នកកាន់​សាសនាអ៊ីស្លាម។ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​ថា សង្រ្គាម​ចោលដុំ​ថ្ម​អ៊ីនទីហ្វាដា (intifada) លើកទី៣ នឹង​ត្រូវ​កើត​មាន​ជា​ថ្មី​ដោយ​ចៀស​មិន​រួច​នោះ។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា បើ​ស្ថានការណ៍​នៅ​តែ​បន្ត​ដូច​បច្ចុប្បន្ន​នេះ វា​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​ជា​ពន់ពេក។ តំាង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ការ​ប៉ះទង្គិច​គ្នា​ជា​ហូរហែ និង​ការ​ប៉ុនប៉ង​សម្លាប់​អ្នកជ្រុលនិយម​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ពី​សកម្មជន​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃទី២៩ តុលា គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ផ្ទុះ​អំពើហិង្សា​ជា​ថ្មី។ អ្វី​ជា​ការ​កត់សម្គាល់ អ្នកជ្រុលនិយម​ជនជាតិ​អ៊ីស្រាអែល​ដែល​ទទួល​ការ​គំរាមសម្លាប់​នោះ គឺ​ជា​មេ​ចលនា​មួយ​ដែល​បាន​ចេញ​មុខ​ទាមទារ​សិទ្ធិ​ឲ្យ​ប្រជាជន​ជ្វីហ្វ​អាច​ចូល​ទៅ​ក្រាបបន់ស្រន់ ថ្វាយបង្គំ​នៅ​ទីលាន​វិហារអ៊ីស្លាម​នោះ​ដែរ។

បើ​និយាយ​ពី​ប្រវត្តិសាស្រ្ត គឺ​វែងឆ្ងាយ និង​ពិបាក​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​ក្នុង​រយៈពេល​ខ្លី។ អ្វី​ដែល​គេ​អាច​និយាយ​បាន​នោះ​គឺ​ថា ទីលាន​វិហារអ៊ីស្លាម​នៅ​ហ៊្សេរូសាឡឹមខាងកើត គឺ​ជា​ទីកន្លែង​សក្ការៈ​ទី៣ របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ទូទំាង​ពិភពលោក បន្ទាប់​ពី​ទីសក្ការៈ​ក្នុង​ទីក្រុង​ឡាម៉េក និង​មេឌីន​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ទីលានវិហារ​អ៊ីស្លាម​ស្ថិត​លើ​ដីទួលខ្ពស់​ជាមួយ​នឹង​វត្តមាន​វិហារ​អាល់អាសា និង​ដោម​មាន​សណ្ឋាន​មូល​ធ្វើ​ពី​ថ្ម។ តែ​បើ​តាម​ប្រពៃណី​ជ្វីហ្វ វិហារ​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា « le mont du Temple » ក៏​ស្ថិត​នៅ​ទីនោះ​ដែរ មុន​នឹង​ត្រូវ​វាយបំផ្លាញ​ចោល​ដោយ​ពួក​រ៉ូមុំាង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្រោយ​ទទួល​បាន​ជ័យជំនះ​ក្នុង​សង្រ្គាម ៦ថ្ងៃ​ក្នុង​ឆ្នំា ១៩៦៧ រដ្ឋអំណាច​អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​តំបន់​ហ៊្សេរូសាឡឹម​ប៉ែកខាងកើត និង « le mont du Temple » ដែល​គ្រប់គ្រង​ដោយ​ការិយាល័យ​អចលនទ្រព្យ​អ៊ីស្លាម​មួយ​ឈ្មោះ Waqf តែ​ស្ថិត​ក្រោម​អំណាច​របស់​ប្រទេស​ហ្ស៊កដានី។ បន្ទាប់​មក រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ហ្ស៊កដានី​ដោយ​យល់​ព្រម​ឲ្យ​ទីក្រុង​អាម៉ាន់​ជា​អ្នកគ្រប់គ្រង​ទីកន្លែង​សាសនា​នោះ។

បច្ចុប្បន្ន​នេះ មាន​តែ​ប្រជាជន​អ៊ីស្លាម​ទេ​ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ទីលាន​វិហារអ៊ីស្លាម​ដើម្បី​ក្រាបបន់ស្រន់​ថ្វាយបង្គំ។ ចំណែក​អ្នកកាន់​សាសនា​ជ្វីហ្វ​ក៏​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ទៅ​កាន់​ទីនោះ​ដែរ តែ​មាន​ម៉ោង​កំណត់​ច្បាស់លាស់ និង​ស្ថិត​ក្រោម​ការ​យាមកាម​ក្នុង​កម្រិត​ខ្ពស់​បំផុត។ យ៉ាង​ក៏​ដោយ ក្រុមប៉ូលិស​អ៊ីស្រាអែល​នៅ​តែ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​នោះ ពិសេស​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ​ក្នុង​ការ​ចេញ ចូល​តំបន់​នោះ។ តែ​តំាង​ពី​មាន​ផ្ទុះ​អំពើហិង្សា​ក្នុង​ខែ​មេសា​មក ការ​ចេញ ចូល​មាន​ការ​រឹតបន្តឹង​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​អ៊ីស្លាម​ដែល​មាន​អាយុ​លើស​ពី ៥០ឆ្នំា​ទៅ​ទេ​ទើប​អាច​ចូល​ទៅ​ក្រាបបន់ស្រន់​នៅ​ទីនោះ​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាជន​ជី្វហ្វ​តែងតែ​បាន​រំលោភ​បំពាន​ការ​ហាមប្រាម​ដោយ​ព្យាយាម​ចូល​ទៅ​កាន់​ទីនោះ​ដើម្បី​បន់ស្រន់។

គឺ​ផ្តើម​ចេញ​ពី​ចំណុច​នេះ​ហើយ​ដែល​មាន​ក្រុមអ្នកតំណាងរាស្រ្ត​អ៊ីស្រាអែល​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​ដាក់​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ទៅ​សភា​ដោយ​ទាមទារ​ឲ្យ​ប្រជាជន​ជ្វីហ្វ​អាច​ចូល​ទៅ​បន់ស្រន់​នៅ « le mont du Temple » ដោយ​គ្មាន​ការ​រារំាង។ ដូច្នេះ​ឃើញ​ថា ស្ថានការណ៍​បាន​វិវត្តន៍​មក​ដល់​ចំណុច​ចាប់​ផ្តើម​ដំបូង​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាច​តែ​សង្រ្គាម​ចោលដុំថ្ម​ផ្ទុះ​ជា​លើកទី៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ