អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សតវត្សរ៍​ទី១៧ ​និង​ទី១៨៖ ​យុគ​នៃ​ពន្លឺ​នៅ​អឺរ៉ុប (Siècle des Lumières)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង​អំពី​ពិភពលោក​នៅ​ចន្លោះ​​​​សតវត្សរ៍ទី១៧ និងសតវត្សរ៍​ទី១៨​ ជា​ពិសេស អំពី​សម័យកាល​មួយ​នៅ​អឺរ៉ុប ដែល​គេ​ឲ្យឈ្មោះ​ថា “យុគនៃ​ពន្លឺ” ពោលគឺ ពន្លឺ​តាមរយៈ​ចំណេះ​ដឹង។

រូបគំនូរ​បង្ហាញ​ពី​ស្តេច​ល្វីស ទី១៤ (Louis XIV) ទទួល​ជួប​សមាជិក​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង នៅ​ឆ្នាំ​១៦៦៧
រូបគំនូរ​បង្ហាញ​ពី​ស្តេច​ល្វីស ទី១៤ (Louis XIV) ទទួល​ជួប​សមាជិក​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង នៅ​ឆ្នាំ​១៦៦៧
ផ្សាយពាណិជ្ជកម្ម

សតវត្សរ៍ទី១៧... មហាអំណាច​នៅ​អឺរ៉ុប​បន្ត​វាតទី​ពង្រីក​អាណានិគម​ នៅ​ក្នុង​ទ្វីបអាមេរិក ដោយ​អេស្ប៉ាញ និង​ព័រទុយហ្កាល់​គ្រប់គ្រង​អាមេរិក​ខាង​ត្បូង ហើយ​បារាំង និង​អង់គ្លេស​គ្រប់គ្រង​អាមេរិក​ខាងជើង ត្រង់​ទឹកដី​កាណាដា និង​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ។

សូមអាន ការរកឃើញ​ទ្វីបអាមេរិក​ដោយ​គ្រីស្តូហ្វ កូឡុំ

នៅ​អាស៊ី រាជវង្សមីង​របស់​ចិន​ត្រូវ​បាន​ពួក​ម៉ាន់ជូ​ផ្តួលរំលំ នៅ​ឆ្នាំ​១៦៤៤។ ​ពួកម៉ាន់ជូ​ក៏​បាន​បង្កើត​ជារាជវង្សថ្មីមួយទៀត គឺ​រាជវង្ស​ឈីង ដែល​គ្រប់គ្រង​ប្រទេស​ចិន​រហូតដល់​ឆ្នាំ​១៩១២ ទើប​ត្រូវ​ក្រុម​បះបោរ​ដឹកនាំ​ដោយ​ស៊ុនយ៉ាតសេន​ផ្តួលរំលំ ហើយ​បង្កើត​របបសាធារណរដ្ឋ។

នៅ​អាស៊ី​អាគ្នេយ៍ អាណាចក្រ​ខ្មែរ​នៅតែ​បន្ត​ធ្លាក់​ដុនដាប ដោយ​ទឹកដី​ចេះតែ​រួញ​បន្តិចម្តងៗ ដោយ​ការ​លេបត្របាក់​ពី​ប្រទេស​ជិតខាង។ ក្រោយ​ពី​ការ​ដួលរលំ​​អង្គរ និង​បន្ទាយលង្វែក​ដោយសារ​ដៃ​សៀម អាណាចក្រ​ខ្មែរ​ក៏​ចាប់ផ្តើម​បាត់បង់​ទឹកដី​កូស៊ាំងស៊ីន (កម្ពុជា​ក្រោម) ទៅ​ក្នុង​ដៃ​អាណ្ណាម នៅ​ក្នុង​រាជ​ព្រះបាទ​ជ័យជេដ្ឋា​ទី២។ ព្រះបាទ​ជ័យជេដ្ឋា​ទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​១៦១៨ បាន​យក​ក្សត្រិយ​អាណ្ណាម​មក​ធ្វើ​ជា​ព្រះរាជាយា រួចហើយ​អនុញ្ញាត​ឲ្យ​ប្រជាជន​អាណ្ណាម​ចូល​មកតាំងទីលំនៅ​នៅក្បែរ​ព្រៃនគរ។ ចាប់ពីពេលនោះ​ហើយ ដែល​ពួក​អាណ្ណាម​ចាប់ផ្តើម​ទន្រ្ទាន​ដណ្តើម​កាន់កាប់​ទឹកដី​ ដែល​យើង​ហៅ​ថា កម្ពុជា​ក្រោម​សព្វថ្ងៃ​នេះ។

សូមអាន ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យអង្គរ

នៅ​អឺរ៉ុបវិញ សង្រ្គាម​ដ៏ធំមួយ​បាន​ផ្ទុះឡើង នៅ​ឆ្នាំ​១៦១៨ ហើយ​អូសបន្លាយ​រហូតដល់​ឆ្នាំ​១៦៤៨ ដែល​គេ​ឲ្យ​ឈ្មោះថា “សង្រ្គាម ៣០ឆ្នាំ” (Guerre de Trente Ans)។ សង្រ្គាម​នេះ​ផ្ទុះឡើង​ពីដំបូង​ចេញពី​ជម្លោះ​​សាសនា រវាង​​ពួក​​កាតូលិក និងពួក​ប្រូតេស្តង់។ ក៏ប៉ុន្តែ ក្រោយ​មក សង្រ្គាម​នេះ​ក៏​បាន​រាលដាល​ទៅជា​សង្រ្គាម​ពេញ​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល។ សង្រ្គាម​នេះ​បាន​បិទបញ្ចប់​ដោយ​សន្ធិសញ្ញា​វេសហ្វាលី (Wesphalie) នៅ​ឆ្នាំ​១៦៤៨។ គឺ​សន្ធិសញ្ញា​វេសហ្វាលី​នេះ​ហើយ ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​អន្តរជាតិ​សម័យទំនើប ដោយ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​បង្កើត​ជា​គោលការណ៍​ដ៏សំខាន់មួយ គឺ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​រដ្ឋ ពោលគឺ រដ្ឋនីមួយៗ​មាន​ព្រំដែនដែល​មិន​អាច​រំលោភ​បាន ហើយ​ត្រូវដឹកនាំ​ដោយ​អំណាច​នយោបាយ ដែល​មាន​អធិបតេយ្យភាព​កំពូល​ ដែល​ប្រទេស​ផ្សេងទៀត​មិនអាច​លូកដៃ​ចូល​មក​​ជ្រៀតជ្រែក​បាន។
 

រូបគំនូរ​បង្ហាញ​ពី​ពិធី​ជប់លៀង​ក្រោយ​ការ​ចុះសន្ធិសញ្ញា​វេសហ្វាលី (អាល្លឺម៉ង់) បញ្ចប់​សង្រ្គាម ៣០ឆ្នាំ នៅ​អឺរ៉ុប
រូបគំនូរ​បង្ហាញ​ពី​ពិធី​ជប់លៀង​ក្រោយ​ការ​ចុះសន្ធិសញ្ញា​វេសហ្វាលី (អាល្លឺម៉ង់) បញ្ចប់​សង្រ្គាម ៣០ឆ្នាំ នៅ​អឺរ៉ុប

ឆ្នាំ​១៦៤៩ មួយឆ្នាំ​ក្រោយ​ការ​ចុះកិច្ចព្រមព្រៀង​វេសហ្វាលី​បញ្ចប់​សង្រ្គាម​៣០ឆ្នាំ ហេតុការណ៍​ដ៏សំខាន់​មួយ​បាន​កើតឡើង នៅ​អង់គ្លេស។ បដិវត្តន៍​ប្រឆាំង​នឹង​រាជានិយម​អង់គ្លេស​ ដែល​បាន​បង្ក​ជា​សង្រ្គាម​ស៊ីវិល​តាំង​ពី​ឆ្នាំ​១៦៤២​មកនោះ បាន​ទទួលជោគជ័យ ហើយ​ក្រុម​បដិវត្តន៍​បាន​ចាប់​ខ្លួន​ស្តេច​អង់គ្លេស គឺ​ស្តេច​ Charles ទី១ យក​មក​កាត់ទោស​ប្រហារ​ជីវិត ដោយ​កាត់ក្បាល។ របបរាជានិយម​ត្រូវ​ដួលរលំ ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ក៏ប៉ុន្តែ ជា​របបសាធារណរដ្ឋ​បែប​ផ្តាច់ការ​ ដឹកនាំ​ដោយ​​មេដឹកនាំ​យោធា​ឈ្មោះ Oliver Cromwell។ ក៏ប៉ុន្តែ របបសាធារណរដ្ឋ​អង់គ្លេស​មាន​អាយុ​កាលតែ ១០ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៦៥៩ មួយឆ្នាំ​ក្រោយ​មរណភាព​របស់ Oliver Cromwell របប​សាធារណរដ្ឋ​​អង់គ្លេស​ត្រូវ​ដួលរលំ ហើ​យ​អង់គ្លេស​ក៏​វិលត្រឡប់​ទៅ​រក​ការដឹកនាំ​តាមបែប​រាជានិយម​វិញ ក៏ប៉ុន្តែ របបរាជានិយម​ថ្មីនេះ​ត្រូវ​បាន​គេ​ធ្វើ​កំណែទម្រង់​បន្តិចម្តងៗ ពី​រាជានិយម​ផ្តាច់ការ រហូត​ឈាន​ទៅ​បង្កើត​ជា​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ នៅ​ឆ្នាំ​១៦៨៨។

នៅ​អឺរ៉ុប ក្នុង​សតវត្សរ៍ទី១៧ ថ្វីដ្បិត​តែ​មាន​ភាព​វឹកវរ​ដោយ​សង្រ្គាមច្រើន​ ក៏ប៉ុន្តែ ចលនា​ Renaissance ​ពោលគឺ​ការ​ចាប់កំណើតឡើងវិញ​នៃ​អរិយធម៌​អឺរ៉ុប​សម័យបុរាណ នៅតែ​បន្ត​រីកសាយភាយ​កាន់តែ​ធំឡើងៗ។ អ្នក​ប្រវត្តិសាស្រ្ត​​ជាទូទៅ​ ជាពិសេស អ្នក​ប្រវត្តិសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច ចាត់ទុក​សម័យកាល​ពី​ពាក់កណ្តាល​​សតវត្សរ៍​ទី១៧ ដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៨​ថា ជា​យុគ​នៃ​ពន្លឺ (Enlightenment/Siècle des Lumières) ពោលគឺ ជា​សម័យកាល​នៃ​ចំណេះដឹង។

សូមអាន ការរស់ឡើងវិញ​នៃ​អរិយធម៌​រុងរឿង​នៅ​អឺរ៉ុប (Renaissance)

Montesquieu, Voltaire និង​ Jean-Jacques Rousseau នៅ​បារាំង, John Locke និង Thomas Hobbes នៅ​អង់គ្លេស, Spinoza (១៦៣២-១៦៧៧) នៅ​ហូឡង់... សុទ្ធសឹង​ជា​ទស្សនវិទូ​ល្បីៗ នៅ​ក្នុង​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨​។ គឺ​នៅ​ក្នុង​អំឡុង​ពេលនោះហើយ ដែល​ទ្រឹស្តី​នៃ​ទស្សនវិជ្ជានយោបាយ​ដ៏សំខាន់មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “កិច្ចសន្យាសង្គម” ​(Contrat Social) បាន​ចាប់កំណើត​ឡើង  ហើយ​នៅតែ​បន្ត​មាន​ឥទ្ធិពល​មក​ទល់​នឹង​ពេលបច្ចុប្បន្ន​ ជាពិសេស នៅ​ក្នុង​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ។ តាមរយៈទ្រឹស្តី​នេះ រដ្ឋ​អាច​​មាន​អំណាច​ទៅលើ​ពលរដ្ឋ​បាន​​ ដោយសារ​តែពលរដ្ឋ​នីមួយៗ​​ព្រមព្រៀង​សុខចិត្ត​ដាក់ខ្លួន​ឲ្យ​​ស្ថិត​ក្រោម​អំណាច​របស់​រដ្ឋ។ ទំនាក់ទំនង​ រវាង​រដ្ឋ និង​ប្រជាជន​ ត្រូវ​ចងភ្ជាប់​ដោយ​កិច្ចសន្យាមួយ ដែល​គេ​ហៅថា “កិច្ចសន្យាសង្គម” ដែល​តាមរយៈ​​កិច្ចសន្យា​នេះ ប្រជាជន​​នីមួយៗសុខចិត្ត​បោះបង់​សេរីភាព​របស់​ខ្លួន​មួយផ្នែក ហើយ​ដាក់ខ្លួន​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​អ្នកដឹកនាំ​រដ្ឋ។ ​ជា​ថ្នូរមកវិញ អ្នកដឹកនាំ​រដ្ឋ​ត្រូវ​តែ​ធានា​នូវ​សន្តិសុខ និង​សិទ្ធិសេរីភាព​មួយផ្នែក​ទៀត​ដែលនៅ​សេសសល់​សម្រាប់​ប្រជាជន​ជាទូទៅ។

ទ្រឹស្តីនេះ​គឺ​ជា​គន្លឹះ​ក្នុងការ​ស្វែងយល់​អំពី​ទំនាក់ទំនង រវាង​រដ្ឋ និង​ប្រជាជន​ដែល​នៅ​ចំណុះរដ្ឋ ទាំង​នៅ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​សម័យ​ទំនើប និងទាំង​នៅ​ក្នុង​ពេល​មនុស្ស​ចាប់​បង្កើត​រដ្ឋ​ជាដំបូង នៅ​ក្នុង​សម័យកាល​បដិវត្តន៍​កសិកម្ម។

ទស្សនវិជ្ជា​នយោបាយ ស្តីពី​ការ “ការបែងចែក​អំណាច​រដ្ឋ” របស់ Montesquieu និង John Locke ក៏​ជា​ទ្រឹស្តី​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​មួយដែរ នៅ​អឺរ៉ុប​នៅ​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨។ ទ្រឹស្តីនេះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ដែល​មាន​ឥទ្ធិពល​នៅទូទាំង​ពិភពលោក រហូតមកទល់​នឹង​សព្វថ្ងៃ​នេះ។
 

រូបគំនូរ​បង្ហាញ​ពី​លោក​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​​​អង់គ្លេស​ដ៏ល្បីល្បាញខាង​រូបវិទ្យា
រូបគំនូរ​បង្ហាញ​ពី​លោក​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​​​អង់គ្លេស​ដ៏ល្បីល្បាញខាង​រូបវិទ្យា

និយាយ​ខាង​ផ្នែកវិទ្យាសាស្រ្ត​វិញ នៅ​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨ គេឃើញ​មាន​ទ្រឹស្តី​ល្អៗ​ជាច្រើន​បាន​ចាប់កំណើតឡើង ចេញ​ពី​អ្នកប្រាជ្ញល្បីៗ​ជាច្រើន​ ដូចជា​ ខាង​តារាស្រ្ត​ មាន​ Johannes Kepler នៅ​អាល្លឺម៉ង់​, ខាង​រូបវិទ្យា និង​គណិតវិទ្យា មាន​​ Blaise Pascal និង René Descartes នៅ​បារាំង និង​ជាពិសេស អ៊ីសាក់ ញូតុន Isacc Newton នៅ​អង់គ្លេស។ អ៊ីសាក់ ញូតុន ដែល​កើតឆ្នាំ​១៦៤២ ត្រូវ​បាន​គេ​ចាត់ទុក​ថា​​ជា​អ្នកវិទ្យាសាស្រ្ត​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។ ទ្រឹស្តី​របស់​ញូតុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ គឺ​កម្លាំង​នៃ​ទំនាញផែនដី។

ចំណេះដឹង​នៃ​អ្នកប្រាជ្ញ​អឺរ៉ុប ក្នុង​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨​នេះ​ហើយ ដែល​ជា​ពន្លឺ​ បំភ្លឺផ្លូវ ឆ្ពោះ​ទៅ​ការ​ធ្វើ​បដិវត្តន៍​ធំៗ​ជាច្រើន​ ទាំង​បដិវត្តន៍​​ផ្នែក​វិទ្យាសាស្រ្ត​សម័យទំនើប និង​ទាំង​បដិវត្តន៍​ខាង​សង្គម​និង​នយោបាយ ដូចជា បដិវត្តន៍​នៅ​អង់គ្លេស នៅ​ឆ្នាំ​១៦៨៨ ដែល​ឈាន​ទៅ​បង្កើត​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ, បដិវត្តន៍​នៅ​អាមេរិក ដែល​ឈាន​ទៅ​បង្កើត​សហរដ្ឋ​អាមេរិក​ឯករាជ្យ​ពី​អាណានិគម​អឺរ៉ុប នៅ​ឆ្នាំ​១៧៧៦ និង​បដិវត្តន៍​បារាំង​ នៅ​ឆ្នាំ​១៧៨៩ ដែល​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ បង្កើត​ទៅជា​របបសាធារណរដ្ឋ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ