អំពីគ្រោះថ្នាក់ការងារ៖ និយមន័យ និងសិទ្ធិទទួលសំណងជួសជុល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២១
គ្រោះថ្នាក់ការងារ គឺជាហានិភ័យ ដែលមានជាប់នឹងការបំពេញការងាររបស់កម្មករ និយោជិត។ ច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បន្ទុកឲ្យនិយោជក ឬម្ចាស់សហគ្រាសជាអ្នករ៉ាប់រងហានិភ័យនេះ ហើយរដ្ឋក៏បានបង្កើតបេឡាជាតិសន្តិសុខសង្គមមួយផងដែរ ដើម្បីធានារ៉ាប់រងហានិភ័យការងាររបស់កម្មករនិយោជិត។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ ជុំវិញនិយមន័យនៃគ្រោះថ្នាក់ការងារ និងសំណងដែលនិយោជិតរងគ្រោះត្រូវទទួលបាន ក្នុងពេលមានគ្រោះថ្នាក់ការងារ។
តើអ្វីទៅជាគ្រោះថ្នាក់ការងារ?
យោងតាមច្បាប់ការងារ (១៩៩៧) មាត្រា ២៤៨ “ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដែលកើតឡើងដោយធ្វើការ ឬក្នុងពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសមកពីកម្មករនិយោជិត ឬគ្មានក៏ដោយ (...) ម្យ៉ាងទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណា ដែលធ្លាក់លើកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅទីកន្លែងធ្វើការ ឬវិលមកវិញ ដោយគ្មានឈប់ ឬដោយគ្មានវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឲ្យទៅ”។
ដូច្នេះ បើមើលទៅលើនិយមន័យនេះ យើងឃើញថា គ្រោះថ្នាក់ការងារ គឺអាចជា៖
- គ្រោះថ្នាក់ដែលកើតឡើងដោយការធ្វើការងារ (ដូចជា និយោជិតដែលធ្វើការជាមួយម៉ាស៊ីន ហើយកំពុងតែបញ្ជាម៉ាស៊ីន ក៏ស្រាប់តែចៃដន្យត្រូវម៉ាស៊ីនកៀបដៃ គឺជាគ្រោះថ្នាក់ការងារ)។
- គ្រោះថ្នាក់មិនមែនកើតឡើងដោយការធ្វើការងារ ក៏ប៉ុន្តែ កើតឡើងក្នុងពេលកំពុងធ្វើការងារ (ដូចជា កំពុងតែអង្គុយធ្វើការ ស្រាប់តែពិដានរបេះធ្លាក់ត្រូវបែកក្បាល ឬក៏ពេលដើរចុះដើរឡើង ក្នុងពេលធ្វើការ ក៏ស្រាប់តែរអិលដួលគ្រេចជើង គឺជាគ្រោះថ្នាក់ការងារ)។
- គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅធ្វើការ ឬមកពីធ្វើការ (ដូចជា ពេលជិះម៉ូតូ ឬជិះរ៉ឺម៉កទៅធ្វើការ ស្រាប់តែជួបនឹងគ្រោះថ្នាក់ដួលម៉ូតូ ឬក្រឡាប់រ៉ឺម៉កបង្កឲ្យមានរបួស គឺជាគ្រោះថ្នាក់ការងារ)។
ក៏ប៉ុន្តែ គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅធ្វើការ ឬមកពីធ្វើការនេះ អាចចាត់បញ្ចូលជាគ្រោះថ្នាក់ការងារបាន គឺទាល់តែគ្រោះថ្នាក់នោះ កើតឡើង នៅក្នុងពេលដែលនិយោជិតធ្វើដំណើរត្រង់ទៅ ត្រង់មក រវាងទីលំនៅ (ឬកន្លែងស្នាក់នៅជាអចិន្រ្តៃយ៍) និងកន្លែងធ្វើការ ដោយគ្មានឈប់ ឬវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ក្រៅពីការងារដែលគេតម្រូវឲ្យទៅ។
ឧទាហរណ៍ថា ផ្ទះខ្ញុំនៅក្បាលស្ពានជ្រោយចង្វា លើផ្លូវមុនីវង្ស ហើយកន្លែងធ្វើការខ្ញុំ នៅស្ពានក្បាលថ្នល់ លើផ្លូវមុនីវង្សដែរ។ តើមានន័យថា ទាល់តែគ្រោះថ្នាក់ កើតឡើងពេលខ្ញុំធ្វើដំណើរទៅ និងមកពីធ្វើការ តាមផ្លូវមុនីវង្ស ទើបចាត់ទុកជាគ្រោះថ្នាក់ការងារ ឬក៏យ៉ាងម៉េច?
ពាក្យថា “ធ្វើដំណើរត្រង់ទៅ ត្រង់មក” នេះ មិនមែនមានន័យថា និយោជិតដាច់ខាតត្រូវតែធ្វើដំណើរត្រង់ភ្លឹងនោះទេ។ ពាក្យគន្លឹះ នៅត្រង់ចំណុចនេះ គឺ “ប្រយោជន៍ផ្ទាល់ខ្លួន”។ ច្បាប់ចែងថា ត្រូវធ្វើដំណើរត្រង់ទៅ ត្រង់មក “ដោយគ្មានឈប់ ឬវាងទៅកន្លែងផ្សេង ជាប្រយោជន៍ផ្ទាល់ខ្លួន” ដូចជា ចេញពីធ្វើការ ឆៀងទៅដើរលេងមាត់ទន្លេរ ឬទៅលេងមិត្តភ័ក្តិ ឬបងប្អូន ឬក៏ឆ្លៀតឈប់ចូលញ៉ាំអីតាមផ្លូវ .... ។ល។
ប្រសិនបើឈប់ ឬវាង ក្នុងដំណើរទៅធ្វើការជាធម្មតា គឺត្រូវចាត់ទុកជាការធ្វើដំណើរត្រង់ទៅ ត្រង់មក។
ឧទាហរណ៍ទី១៖ និយោជិត គាត់ទៅធ្វើការជាក្រុម ដោយជិះរ៉ឺម៉ក។ រ៉ឺម៉កត្រូវវាង ត្រូវឈប់យក និយោជិតមួយៗតាមផ្ទះ មុននឹងទៅដល់កន្លែងធ្វើការ ហើយពេលចេញពីធ្វើការមកវិញ ក៏ត្រូវឆៀង ត្រូវឈប់ដាក់និយោជិតមួយៗ តាមផ្ទះដែរ។ ដូច្នេះ គឺត្រូវមានវាង មានឈប់តាមផ្លូវ ក៏ប៉ុន្តែ ការវាង ឬឈប់នេះ គឺស្ថិតក្នុងដំណើរទៅធ្វើការជាធម្មតា មិនមែនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទេ។
ឧទាហរណ៍ទី២៖ និយោជិត គាត់ទៅធ្វើការដោយយានជំនិះផ្ទាល់ខ្លួន (ជិះម៉ូតូ ឬក៏ជិះឡានផ្ទាល់ខ្លួន) ក៏ប៉ុន្តែ ជិះទៅមានស្ទះចរាចរណ៍ ហើយគាត់ត្រូវវាងតាមផ្លូវផ្សេង ឬក៏ជិះទៅម៉ូតូ ឬឡានអស់សាំង ហើយត្រូវឈប់ចាក់សាំង។ ទាំងនេះក៏ជាការឈប់ ឬវាង នៅក្នុងដំណើរទៅធ្វើការជាធម្មតា ដោយមិនមែនឈប់ ឬវាង ជាប្រយោជន៍ផ្ទាល់ខ្លួន។
ដូច្នេះ ក្នុងករណីទាំងនេះ បើសិនជាមានគ្រោះថ្នាក់ ក៏ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ។
បើនៅប្រទេសបារាំង ច្បាប់មានចែងរហូតដល់ទៅថា សម្រាប់និយោជិត ដែលមានកូនតូចៗ អាចឆៀងយកកូនទៅដាក់នៅសាលា មុននឹងមកធ្វើការ ហើយពេលចេញពីធ្វើការឆៀងទៅយកកូនពីសាលា មុននឹងទៅផ្ទះ។ ទាំងនេះក៏ត្រូវរាប់ថាជាការធ្វើដំណើរទៅធ្វើការជាធម្មតាដែរ ហើយបើមានគ្រោះថ្នាក់ គឺត្រូវរាប់ថាជាគ្រោះថ្នាក់ការងារ បើទោះជាគ្រោះថ្នាក់ កើតមានពេលឆៀងទៅយកកូននៅសាលាក៏ដោយ។
ច្បាប់ខ្មែរមិនមានចែងច្បាស់ៗត្រង់ចំណុចនេះទេ ក៏ប៉ុន្តែ នៅពេលមានវិវាទ ហើយមានបណ្តឹងទៅដល់តុលាការ គឺវាអាស្រ័យលើចៅក្រមជាអ្នកពិចារណា វាយតម្លៃ ហើយកំណត់ថា តើការឈប់ ឬការវាងណាស្ថិតក្នុងការធ្វើដំណើរទៅធ្វើការជាធម្មតា ហើយការឈប់ ឬការវាងណា ដែលត្រូវចាត់ទុកថាជាការធ្វើក្នុងប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនចូលក្នុងក្របខ័ណ្ឌនៃគ្រោះថ្នាក់ការងារ។
តើកម្មករ និយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ មានសិទ្ធិទទួលបាននូវសំណងអ្វីខ្លះ?
និយោជិតដែលរងគ្រោះ មានសិទ្ធិទទួលបាន៖
- សំណងដើម្បីរ៉ាប់រងថ្លៃព្យាបាល ទោះបីជាគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមានការអាក់ខានការងារក៏ដោយ ឬក៏អាក់ខានការងារក៏ដោយ។
- បើសិនជាគ្រោះថ្នាក់នោះតម្រូវឲ្យនិយោជិតមិនអាចធ្វើការបាន ក្រៅពីថ្លៃព្យាបាល គាត់មានសិទ្ធិទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ រហូតដល់ពេលគាត់ជាសះស្បើយ ត្រឡប់មកធ្វើការវិញ។
- បើសិនជានិយោជិតជាជនរងគ្រោះត្រូវបាត់បង់សមត្ថភាពធ្វើការជាអចិន្រ្តៃយ៍ គាត់មានសិទ្ធិទទួលបានសំណងសម្រាប់ថ្លៃព្យាបាលហើយ បូកបន្ថែមនឹងប្រាក់បំណាច់សម្រាប់ការបង់សមត្ថភាពការងារជាអចិន្រ្តៃយ៍ទៀត។
- បើសិនជានិយោជិតរងគ្រោះរហូតដល់បាត់បង់ជីវិត ត្រូវមានជួយសោហ៊ុយសម្រាប់បូជាសព ហើយសិទ្ធិវន្តរបស់គាត់ (ប្តី-ប្រពន្ធ ឬកូន ឬក៏ម្តាយ-ឪពុកដែលនៅក្នុងបន្ទុក) ត្រូវមានសិទ្ធិទទួលបានប្រាក់បំណាច់។
ចំពោះសំណងដើម្បីរ៉ាប់រងថ្លៃព្យាបាល៖ មានរាប់ទាំងថ្លៃដឹកជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ទៅមន្ទីរពេទ្យ ឬទៅលំនៅស្ថាន ថ្លៃពិនិត្យ និងព្យាបាលមុខរបួស ថ្លៃវះកាត់ ថ្លៃពិនិត្យដោយវិទ្យុកាំរស្មី ថ្លៃវិភាគជំងឺដោយមន្ទីរពិសោធន៍ ថ្លៃថ្នាំពេទ្យ ថ្លៃបន្ទប់មន្ទីរពេទ្យ ។ល។ ក៏ប៉ុន្តែ ជនរងគ្រោះចាំបាច់ត្រូវតែពិនិត្យ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដែលទទួលស្គាល់ដោយបេឡាជាតិសន្តិសុខសង្គម (បានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម) ដូចជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) និងមន្ទីរពេទ្យបង្អែកនៅតាមខេត្ត និងស្រុកមួយចំនួនផ្សេងទៀត។ បញ្ជីឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់មន្ទីរពេទ្យទាំងអស់នេះ គឺមានក្នុងសេចក្តីជូនដំណឹងរបស់បេឡាជាតិរបបសន្តិសុខសង្គម ហើយដែលក្រុមហ៊ុន សហគ្រាសមានភារៈត្រូវផ្សព្វផ្សាយដល់បុគ្គលិកនិយោជិត។
ចំពោះប្រាក់ឈ្នួលប្រចាំថ្ងៃ៖
- បើសិនជានិយោជិត ដែលរងគ្រោះថ្នាក់ការងារ បណ្តាលឲ្យអាក់ខានការងារត្រឹម ៤ថ្ងៃ ឬក៏តិចជាង ៤ថ្ងៃ គាត់ត្រូវទទួលបានប្រាក់ឈ្នួលដូចធម្មតា (ដូចពេលធ្វើការ) ពីនិយោជក។
- បើសិនជាគ្រោះថ្នាក់ការងារ បណ្តាលឲ្យអាក់ខានការងារ លើសពី ៤ថ្ងៃ គាត់មានសិទ្ធិទទួលបានប្រាក់បំណាច់ ដែលគេហៅថា “ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន។ ប្រាក់បំណាច់ សម្រាប់ថ្ងៃដំបូង ដែលនិយោជិតរងគ្រោះ ត្រូវអាក់ខានការងារ គឺជាបន្ទុករបស់និយោជក។ ចាប់ពីថ្ងៃទី២ទៅ គឺបេឡាជាតិរបបសន្តិសុខសង្គម ដែលជាអ្នកចេញ។ ប្រាក់បំណាច់ប្រចាំថ្ងៃ ដែលនិយោជិតរងគ្រោះ ត្រូវមានសិទ្ធិទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម គឺត្រូវស្មើនឹង ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ។ បន្ថែមពីលើនេះទៀត បើសិនជាស្ថានភាពគ្រោះថ្នាក់តម្រូវឲ្យមានអ្នកថែទាំនៅមន្ទីរពេទ្យ តាមសំណើរបស់គ្រូពេទ្យ និយោជិតរងគ្រោះ មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំនៅមន្ទីរពេទ្យ ដែលត្រូវស្មើនឹង ៥០% នៃប្រាក់បំណាច់ប្រចាំថ្ងៃ។
ប្រសិនបើគ្រោះថ្នាក់នោះកើតឡើងដោយកំហុសរបស់កម្មករនិយោជិតខ្លួនឯង តើនិយោជិតនៅតែមានសិទ្ធិទទួលប្រាក់បំណាច់នេះដែរឬទេ?
និយមន័យនៃគ្រោះថ្នាក់ការងារ ដែលមានចែងក្នុងច្បាប់ការងារ (មាត្រា ២៤៨) មិនធ្វើការបែងចែករវាងថា តើគ្រោះថ្នាក់នោះបណ្តាលមកពីមូលហេតុអ្វី ហើយនិយោជិតរងគ្រោះមានកំហុស ឬក៏គ្មានកំហុសនោះទេ? ដូច្នេះ ជាគោលការណ៍ និយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ ទោះបីជាគ្រោះថ្នាក់នោះកើតឡើងដោយកំហុសរបស់អ្នករងគ្រោះខ្លួនឯងក៏ដោយ ក៏គាត់ត្រូវមានសិទ្ធិទទួលបានប្រាក់ឈ្នួល ឬប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ននេះដែរ។
ក៏ប៉ុន្តែ ច្បាប់ការងារបានចែងទុកលទ្ធភាពឲ្យមានការប្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ច។ បើសិនជាចៅក្រមរកឃើញថា គ្រោះថ្នាក់ការងារកើតឡើងបណ្តាលមកពីកំហុសធ្ងន់ធ្ងររបស់និយោជិតដែលជាអ្នករងគ្រោះ ចៅក្រមអាចសម្រេចកាត់បន្ថយប្រាក់បំណាច់របស់គាត់។ ផ្ទុយទៅវិញ ប្រសិនបើគ្រោះថ្នាក់នេះ កើតឡើងបណ្តាលមកពីកំហុសធ្ងន់ធ្ងររបស់សហគ្រាស និយោជក ចៅក្រមអាចបន្ថែមប្រាក់បំណាច់ ដែលត្រូវបង់ទៅឲ្យនិយោជិតរងគ្រោះ។
នៅពេលដែលនិយោជិតរងគ្រោះថ្នាក់ការងារ បេឡាជាតិសន្តិសុខសង្គមរ៉ាប់រងបង់ប្រាក់សំណង។ ក៏ប៉ុន្តែ ចង់ដឹងថា តើនិយោជិតមានកាតព្វកិច្ចបង់ប្រាក់ភាគទាន ឬត្រូវកាត់ប្រាក់ខែមួយផ្នែកណាមួយ ជារៀងរាល់ខែ ដើម្បីបង់ទៅឲ្យបេឡាជាតិសន្តិសុខសង្គមនេះដែរឬទេ?
តាមប្រកាសរបស់ក្រសួងសង្គមកិច្ច (១៦ មិថុនា ២០០៨) កំណត់ថា និយោជិតមិនត្រូវតម្រូវឲ្យជាប់កាតព្វកិច្ចបង់ប្រាក់ភាគទានហានិភ័យការងារ ទៅឲ្យបេឡាជាតិសន្តិសុខសង្គមទេ។ មានតែនិយោជក និងម្ចាស់សហគ្រាសទេ ដែលត្រូវជាប់កាតព្វកិច្ចបង់ប្រាក់ភាគទាននេះ។
ប្រាក់ភាគទានហានិភ័យការងារ ដែលនិយោជក និងម្ចាស់សហគ្រាសត្រូវបង់ទៅឲ្យបេឡាជាតិសន្តិសុខសង្គមនេះ គឺត្រូវបង់តាមអត្រា ០,៨% នៃប្រាក់ឈ្នួលមធ្យមប្រចាំខែរបស់និយោជិត។ ឧបមាថា បើប្រាក់ឈ្នួលមធ្យមប្រចាំខែ គឺ ១លានរៀលក្នុងមួយខែ និយោជកត្រូវបង់ប្រាក់ភាគទានហានិភ័យការងារ ៨ពាន់រៀល ក្នុងមួយខែ សម្រាប់និយោជិតម្នាក់។ បើក្នុងសហគ្រាសមាននិយោជិត ១០០នាក់ ក្នុងមួយខែៗ និយោជកត្រូវបង់ភាគទានហានិភ័យការងារ ៨០ម៉ឺនរៀល ទៅឲ្យបេឡាជាតិសន្តិសុខសង្គម។
គួរបញ្ជាក់ថា ប្រាក់ភាគទាន ០,៨%នេះ មិនមែននិយោជកកាត់ប្រាក់ខែ ០,៨% ពីនិយោជិត ដើម្បីយកទៅបង់ឲ្យបេឡាជាតិសន្តិសុខសង្គមទេ។ និយោជក ឬម្ចាស់សហគ្រាសត្រូវចេញលុយខ្លួនឯង ព្រោះប្រាក់ភាគទាននេះ គឺជាកាតព្វកិច្ចរបស់និយោជក មិនមែនជាកាតព្វកិច្ចរបស់និយោជិតទេ។
ឧបមាថា និយោជិតម្នាក់ មានប្រាក់ខែ ១លានរៀលក្នុងមួយខែ ដូច្នេះ និយោជកត្រូវបើកប្រាក់ខែឲ្យគាត់ ១លានរៀលក្នុងមួយខែជាធម្មតា ហើយបន្ថែម ០,៨% (ត្រូវជា ៨ពាន់រៀល) ពីលើនេះទៀត ដើម្បីបង់ភាគទានហានិភ័យការងារ ទៅឲ្យបេឡាជាតិសន្តិសុខសង្គម (មិនមែន កាត់យក ៨ពាន់រៀល ពីក្នុងប្រាក់ខែ១លានរៀលរបស់និយោជិត យកទៅបង់ទេ)៕
ដើម្បីស្វែងយល់បន្ថែម សូមមើលទំព័រវិបសៃត៍របស់បេឡាជាតិសន្តិសុខសង្គម www.nssf.gov.kh
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ