អានតួអត្ថបទ
កម្ពុជា

សហ​ព្រះរាជអាជ្ញា​ប្តឹង​ជំទាស់​នឹង​ការសម្រេច​ដោះលែង​លោកស្រី អៀង ធីរិទ្ធ

នៅមួយថ្ងៃក្រោយ​តុលាការ​សម្រេច​ដោះលែង​លោកស្រី​អៀង ធីរិទ្ធិ លោកស្រី ជា លាង និង​លោក អាន់​ឌ្រូ ខាលី សហ​ព្រះរាជអាជ្ញា ក្នុង​តុលាការ​ខ្មែរក្រហម បាន​ឯកភាព​រួមគ្នា ដាក់ពាក្យ​បណ្តឹង​សាទុក្ខ ទៅកាន់​តុលាការ​កំពូល ជំទាស់​នឹង​ការសម្រេច​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ។ លោកស្រី អៀង ធីរិទ្ធ អតីត រដ្ឋមន្ត្រី​សង្គមកិច្ច អាយុ ៧៩ ឆ្នាំ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​សាលាក្តី​ខ្មែរក្រហម យល់​ស្រប​ថា លោកស្រី​ពុំ​មាន​កាយសម្បទា និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការចូលរួម​សវនាការ លើ​សំណុំរឿង​០០២ នា​ថ្ងៃ​២១​វិច្ឆិកា​បាន​ទេ។ លោកស្រី អៀង ធីរិទ្ធ ក៏​ត្រូវបាន​រកឃើញ​ថា មាន​ជម្ងឺ​វង្វេងវង្វាន់ ដែល​កាន់តែ​ចុះខ្សោយ​ទៅៗ ហើយ​តុលាការ​សាលាដំបូង កាលពី​ថ្ងៃ​១៧​វិច្ឆិកា​ម្សិលមិញ ក៏បាន​សម្រេច​ដោះលែង​លោកស្រី​ផងដែរ។

សហចៅក្រម​ជាតិ និង​អន្តរជាតិ​ក្នុង​តុលាការ​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម
សហចៅក្រម​ជាតិ និង​អន្តរជាតិ​ក្នុង​តុលាការ​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម ©ECCC
ផ្សាយពាណិជ្ជកម្ម


ក្រោយ​ពី​បើក​កិច្ចប្រជុំ​ជា​ច្រើន​ម៉ោង នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ បាន​ចុះហត្ថលេខា​រួមគ្នា លើ​ពាក្យបណ្តឹង​សាទុក្ខ ជំទាស់​នឹង​ការសម្រេច​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ។ ពាក្យបណ្តឹង​នោះ ត្រូវបាន​ដាក់​ទៅ​កាន់​តុលាការ​កំពូល​រួចរាល់​ហើយ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

ក្រោយ​ពី​សម្រេច​ដូច្នេះ សហ​ព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការប្តឹង​សាទុក្ខ​ទៅលើ​ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​ករណី​លោក​ស្រី អៀង​ធីរិទ្ធ ដោយ​សហ​ព្រះរាជអាជ្ញា​លើក​ហេតុផល​ថា ទី​១-​សហ​ព្រះរាជអាជ្ញា មិន​ឯកភាព​ក្នុង​ការដោះលែងឲ្យ​លោកស្រី អៀង​ធីរិទ្ធ នៅ​ក្រៅ​ឃុំ ដោយ​គ្មាន​លក្ខខណ្ឌ​នោះទេ។ ទី​២-​សហ​ព្រះរាជអាជ្ញា សុំ​ឲ្យ​តុលាការ​កំពូល ពិនិត្យ​ឡើងវិញ​អំពី​សម្បទា​សុខភាព​របស់​លោកស្រី អៀង​ធីរិទ្ធ និង​ផ្អាក​ការដោះលែង​គាត់ ជា​បណ្តោះអាសន្ន​សិន។

តាម​នីតិវិធី សហ​ព្រះរាជអាជ្ញា មាន​ពេល ២៤ ម៉ោង ក្នុង​ការប្តឹង​សាទុក្ខ ជំទាស់​នឹង​ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បាន​សម្រេច កាលពី​ល្ងាច​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ ចំពោះ​ការដោះលែង​លោកស្រី អៀង​ធីរិទ្ធ។

តាម​នីតិវិធី តុលាការ​កំពូល មាន​ពេល ៤៨ ម៉ោង ក្នុង​ការសម្រេចចិត្ត ថា​តើ​ទទួលយក​បាន​ឬទេ ចំពោះ​បណ្តឹងឧទ្ធរណ៍ ឬ​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា។ ក្នុងនោះ​អង្គជំនុំជម្រះ​តុលាការ​កំពូល ក៏​មាន​រយៈពេល ១៥ ថ្ងៃ ក្នុង​ការសម្រេច​លើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់​សហព្រះរាជអាជ្ញា ដែល​ជំទាស់​នឹង​ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង។ នេះ​បើ​តាម​ការពន្យល់​របស់​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

លោក នេត្រ ភ​ក្ត្រា បាន​បន្ថែមថា ទោះបីជា​អង្គជំនុំជម្រះ​សាលាដំបូង បានសម្រេច​ឲ្យមាន​ការដោះលែង​លោកស្រី អៀង ធីរិទ្ធ ក្តី តែ​មកដល់​ពេលនេះ មិនទាន់​មាន​ការដោះលែង​លោកស្រី​អៀង​ធីរិទ្ធ ចេញពី​មន្ទីរឃុំឃាំង​នៅឡើយ​ទេ។

តាមរយៈ​សេចក្តីសម្រេច​ដ៏​ភ្ញាក់ផ្អើល កាលពី​ល្ងាច​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​យល់ស្រប​ថា លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម អាយុ ៧៩ ឆ្នាំ ពុំ​មាន​កាយសម្បទា និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការចូលរួម​សវនាការ នាពេល​នេះ​បាន​ទេ​។ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​រកឃើញ​ថា មាន​ជម្ងឺ​វង្វេងវង្វាន់ ដែល​កាន់តែ​ចុះខ្សោយ​ទៅៗ​។ កន្លងទៅ មេធាវី​របស់​លោកស្រី​អៀង ធីរិទ្ធិ​ក៏​ធ្លាប់​បាន​និយាយ​ដែរថា លោកស្រី​អៀង ធីរិទ្ធិ​លែង​និយាយ​ត្រឹមត្រូវ​ជាមួយ​អ្នកតំណាង​ច្បាប់​ដែល​ជួយ​ការពារ​គាត់​នៅតុលាការ​ដែរ។

អង្គជំនុំជម្រះ​សាលាដំបូង បាន​សម្រេចចិត្ត​ជា​ឯកច្ឆន្ទ​បំបែក​បទចោទប្រកាន់​ប្រឆាំង​នឹង អៀង ធីរិទ្ធ និង​ផ្អាក​កិច្ចដំណើរការ​នីតិវិធី ចំពោះ​គាត់។ អង្គជំនុំជម្រះ​សាលាដំបូង ក៏បាន​សម្រេច​ដោះលែង​លោកស្រី អៀង​ធីរិទ្ធ ដោយ​មិន​នាំ​លោកស្រី​មក​កាត់ទោស ក្នុង​សំណុំរឿង​០០២ នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ