អានតួអត្ថបទ
កម្ពុជា

គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាម​ទារ​ឲ្យ​មាន​តុល្យ​ភាព​អំណាច​នៅ​ក្នុង​សភា​

ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់​មន្ត្រី​ខុទ្ទកាល័យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ម្សិលមិញ ដែល​បានប្រកាស​ពី​ភាពមិន​ចុះសម្រុង​គ្នា​នៅក្នុង​ការទាមទារ​ការ​បែងចែក​អំណាច​របស់​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា រួចមក នៅ​ថ្ងៃអាទិត្យ​នេះ គណបក្សប្រឆាំង​នៅតែ​អះអាង​ចង់អោយ​អំណាច​ឲ្យ​មាន​តុល្យភាព​គ្នា​ដដែល​នៅក្នុង​សភា ដើម្បី​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់។

លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ អានសេចក្តីថ្លែងការណ៏​របស់បក្ស​ទៅ​កាន់​អ្នក​គាំទ្រ​ ក្នុង​​សមាជ​ប្រជាជន​ នា​ពេល​កន្លង​ទៅ​។
លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ អានសេចក្តីថ្លែងការណ៏​របស់បក្ស​ទៅ​កាន់​អ្នក​គាំទ្រ​ ក្នុង​​សមាជ​ប្រជាជន​ នា​ពេល​កន្លង​ទៅ​។ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អះអាងថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​​គឺ​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច​នៅក្នុង​រដ្ឋសភា ដើម្បី​ដំណើរការ​កំណែទម្រង់​ស្ថាប័ន​ជាតិសំខាន់ៗឲ្យ​មាន​ប្រសិទ្ធិភាព។

លោក យ៉ែម បុញ្ញា​ឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​និយាយ​ពី​រឿង​ចង់បាន​តំណែង​នោះទេ ប៉ុន្តែ​អ្វីដែល​គណបក្ស​ចង់​និយាយ​គឺ​ការកែទម្រង់​ស្ថាប័ន​ជាតិសំខាន់ពិតប្រាកដ​មួយ និង​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។

ការបញ្ជាក់​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅពេលនេះ​បានធ្វើ​ឡើង ក្រោយពី​ខុទ្ទកាល័យ​លោក ស ខេង សមាជិក​អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ ​ពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​គណបក្សប្រឆាំង អំពី​ការចង់បាន​អំណាច​នៅក្នុង​រដ្ឋសភា។

បើតាម​លោក យ៉ែម បុញ្ញា​ឫទ្ធិ គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់ឃើញ​កំណែទម្រង់​ដែលមាន​តែ​នៅលើ​ក្រដាស ដូចដែល​គណបក្សកាន់អំណាច​បាន​សន្យា​នោះទេ ខណៈដែល​ប្រជាពលរដ្ឋ​នៅតែ​ទទួលរង​នូវ​ភាពអយុត្តិធម៌​សង្គម និង​អំពើពុករលួយ​នោះ។

មន្ត្រី​បក្ស​ប្រ​ឆាំ​ដដែល បានស្នើ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន ​ត្រៀម​រៀបចំខ្លួន​ជាមុនសិន មុននឹង​បន្ត​ការចចា​ណាមួយ​ទៀត​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ។  លោក យ៉ែម បុញ្ញា​ឫទ្ធិ បាន​លើកឡើងថា ពេលមាន​ការចរចា​ណាមួយ​នៅពេល​ខាងមុខ ​​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មានការ​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្ស​ន៍​ជា​សាធារណៈ នៃ​កិច្ចចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ចៀសវាង​ការ​បង្វែរ​ការពិត។

គួរ​បញ្ជាក់ថា ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃ​សៅរ៍​ទី១២តុលា ម្សិលមិញ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​របស់លោក ស ខេង បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី៦តុលា មុននឹង​ចូលរួម​កម្ម​វិធី​ដែល​ហៅថា «សមាជ​ប្រជាជន» លោក​សម រង្ស៊ី ប្រធាន​បក្សប្រឆាំង បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​លោក ស ខេង និង​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ឈប់​ទាមទារ​តំណែង​ប្រធានរដ្ឋសភា ប៉ុន្តែ​ចង់​ឲ្យ​មានការ​បែងចែក​តំណែង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង១២នៅក្នុង​រដ្ឋសភា ឲ្យ​ស្មើគ្នា។

ផ្ទុយទៅវិញ លោក​កឹម សុខា និង​លោក​យឹម សុវណ្ណ ជា​អនុប្រធាន និង​សមាជិក​ជាន់ខ្ពស់​នៃ​បក្សប្រឆាំង បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​ទាមទារ​តំណែង​ប្រធានរដ្ឋសភា​ដដែល។

លោក​ខៀវ សុភ័គ បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ទៀតថា ការលើកឡើង​ខុសៗគ្នា​នូវ​មតិ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្ដែង​ឲ្យ​ឃើញ​នូវ​ការខ្វែងគំនិត​គ្នា និង​មិន​ទទួលខុសត្រូវ​ចំពោះ​ឆន្ទៈ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ ហើយ​ថា ការយក​បញ្ហា​ជាតិ​មក​ធ្វើបែបនេះ តាមរយៈ​ការបញ្ចេញ​ជំហរ​ខុសគ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​ដំណើរការ​ចរចា​រវាង​គណបក្ស​ទាំងពីរ។

យ៉ាងណាក៏ដោយ នាយក​ខុទ្ទកាល័យ​លោក ស ខេង ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ពិភាក្សា​ឯកភាព​ផ្ទៃក្នុង​ជាមុនសិន មុននឹង​ចាប់ផ្តើម​ទាក់ទង​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​លោក ស ខេង សំដៅ​ជម្រុញ​ឲ្យ​ដំណើរ​ការចរចា នាពេល​អនាគត មាន​ភាពប្រាកដប្រជា និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ល្អប្រសើរ​ជូន​ប្រទេសជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ