អានតួអត្ថបទ
កម្ពុជា

​តំណាង​​គណបក្ស​​សង្គ្រោះជាតិ​ ត្រៀម​​ជួប​​​អាជ្ញាធរ​​​រាជធានី​​​ភ្នំពេញ​​ នៅ​​រសៀល​​នេះ​​

នៅ​រសៀល ម៉ោង ៣ និង ៣០ នាទី ថ្ងៃ​សុក្រ ទី​១៨​តុលា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ជួប​ប្រជុំ​ជាមួយ​​តំណាង​​គណបក្ស​សង្គ្រោះជាតិ អំពី​គម្រោង​ធ្វើ​បាតុកម្ម​ជា​ថ្មី របស់​បក្ស​​ប្រឆាំង​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣​តុលា។ គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃ​​ទី​១៦​​តុលា បាន​ផ្ញើ​លិខិត​​មួយ​ ជូន​អភិបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ធ្វើ​មហាបាតុកម្ម​​អហិង្សា នៅ​ទី​លាន​ប្រជាធិប​តេយ្យ និង​ការ​​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី​២៣​-​២៤​-​២៥​ខែ​តុលា​ខាង​មុខ។

ក្បួន​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ប្រឈមជា​មួយនឹងក្រុម​សមត្ថកិច្ច​នៅមុខវាំង​ កាលពី​ពេល​ធ្វើ​មហាបាតុកម្ម​ កន្លងទៅ។
ក្បួន​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ប្រឈមជា​មួយនឹងក្រុម​សមត្ថកិច្ច​នៅមុខវាំង​ កាលពី​ពេល​ធ្វើ​មហាបាតុកម្ម​ កន្លងទៅ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ជាមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីវេលា​ម៉ោង ៧ព្រឹក នៅថ្ងៃទី២៣តុលា ដល់​វេលា​ម៉ោង ៦ល្ងាច​ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ដោយមាន​ការ​សម្តែង​មតិរបស់​បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែ​ភាពយន្ត​ឯកសារ ការអង្គុយដោយ​ស្ងៀម​ស្ងាត់ និងការដង្ហែក្បួន​យកញត្តិទៅ​ប្រគល់​ជូន​អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការ​អង្គការ​​សហប្រជា​ជាតិ​ ​​​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំនៅកម្ពុជា និង​ស្ថាន​ទូត​​នានា ដូចជា៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋ​អាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូត​អូស្រ្តាលី។

តាមលិខិត​ដដែល​នោះ មហាបាតុកម្ម ដែលដឹកនាំដោយលោកសមរង្ស៊ី និងលោក កឹមសុខា ដោយ​មាន​រៀបចំធ្វើវេទិកា និងរោងសម្រាប់បាតុកម្មស្នាក់នៅនោះ ដើម្បីស្វែងរកការពិត និង​យុត្តិធម៌​ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការបោះឆ្នោត និងទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព និងអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣​តុលា ឆ្នាំ១៩៩១ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវ ​តាម គោលការណ៍​ប្រជាធិបតេយ្យ សេរី ​ពហុបក្ស ​ដូចមានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ