អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​​សម្រេច​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​រាជធានី​ ក្រុង​ស្រុក​ខណ្ឌ ​​ថ្ងៃ១៨ឧសភា

ទោះបីជា​កំពុង​តវ៉ា​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោតជាតិ កាលពី​ខែកក្កដា ឆ្នាំ២០១៣ ក៏ដោយ តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង បានសម្រេច​ថា នឹងចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ នៅ​ថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។ ជាការ​បោះឆ្នោត ដោយ​អសកល។ ពោលគឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង សរុប១១៤៥៩នាក់​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី២ សរុប​ចំនួន ៣៣២៤ នាក់។

លោក​ សម រង្ស៊ី និង​សកម្មជន​បក្ស​សង្គ្រោះជាតិ នៅ​ទីស្នាក់ការ​បក្ស ភ្នំពេញ​​ ថ្ងៃ៨ កញ្ញា ឆ្នាំ២០១៣។
លោក​ សម រង្ស៊ី និង​សកម្មជន​បក្ស​សង្គ្រោះជាតិ នៅ​ទីស្នាក់ការ​បក្ស ភ្នំពេញ​​ ថ្ងៃ៨ កញ្ញា ឆ្នាំ២០១៣។ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី២៨មករា​ថា គណបក្សប្រឆាំង ដែល​កំពុង​តវ៉ា ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នាពេលនេះ បានសម្រេច​ថា នឹងចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ នៅ​ថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។

ទោះបីជា​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​កែទម្រង់​ការបោះឆ្នោត ពិសេស​ប្តូរ​គ.ជ.ប ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា នៅ​ថ្ងៃ១៨ឧសភា ធ្វើឡើង​តាមបែប​អសកល ដែល​មានតែ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អ្នកបោះឆ្នោត​នោះ គឺ​មិន​ចោទ​ជា​បញ្ហា​ដូច​ការបោះឆ្នោត​សកល ដែល​ប្រជាពលរដ្ឋ​ចូលរួម​កន្លងមក​ឡើយ។

ដោយឡែក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច ច្បាស់​ណាស់ នឹង​ចូលរួម​​ការបោះឆ្នោត នៅ​ថ្ងៃ១៨ឧសភា ខណៈដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ដែល​ទើបតែ​ផ្តាច់​សម្ព័ន្ធភាព​នឹង​គ្នា កាលពី​ថ្ងៃទី១៣មករា មិនទាន់​ច្បាស់​ថា នឹងចូលរួម​ការបោះឆ្នោត​នោះ ឬ​យ៉ាងណាទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ កាលពី​ថ្ងៃទី២៣មករា បាន​ជូនដំណឹង ពី​កាលបរិច្ឆេទ​​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ ចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ បញ្ចប់​នៅ​ថ្ងៃទី៣មីនា។

ការបោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤ គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​ចំនួន ១១.៤៥៩ នាក់​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត។ ក្នុងនោះ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៣ កាលពី​ឆ្នាំ២០១២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន ៨.២៩២ នាក់។ គណបក្ស​សមរង្ស៊ី មាន ២.១៥៥ នាក់។ គណបក្ស​សិទ្ធិមនុស្ស មាន ៨០០ នាក់។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន ១៥១ នាក់។ គណបក្ស​ជាតិនិយម មាន ៥២ នាក់។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៨នាក់ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា មាន​ម្នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅ​កម្ពុជា មាន​រាជធានី ១ ខេត្ត​ចំនួន ២៤ ក្រុង ២៦ ស្រុក ១៥៩ និង​ខណ្ឌ ចំនួន ១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ