អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ការ​គុំ​កួន​គ្នា​ក្រោយ​ការ​បោះ​ឆ្នោត

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ប្រមូល​ផ្តុំគ្នា​ ក្រោម​ស្លាក គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​បំភិតបំភ័យ ការ​គុំ​កួ​ន ការគំរាមកំហែង​ក្នុងចំណោម​ប្រជាពលរដ្ឋ​មួយចំនួន​ក្រោយ​ការ​បោះឆ្នោត។

ប្រ​ជា​ពល​រដ្ឋ​​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត  កាល​ពីការ​បោះ​ឆ្នោត ឃុំ-​សង្កាត់ ឆ្នាំ​២០១២​កន្លង​ទៅ។
ប្រ​ជា​ពល​រដ្ឋ​​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត កាល​ពីការ​បោះ​ឆ្នោត ឃុំ-​សង្កាត់ ឆ្នាំ​២០១២​កន្លង​ទៅ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​អះអាងថា បញ្ហា​ហិង្សា​ដោយ​ពាក្យសម្ដី​កំពុង​កើតឡើង​ពី​ក្រុមគាំទ្រ​គណបក្ស​នយោបាយ​មួយ ទៅ​គណបក្សនយោបាយ​មួយ​ផ្សេងទៀត ពិសេស​ការគំរាមកំហែង​ពី​មន្ត្រី​ថ្នាក់មូលដ្ឋាន ដូចជា​មេភូមិ មេឃុំ     ​​​ និង​អាជ្ញាធរ​មួយចំនួន ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច បាន​គំរាម​ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង បន្ទាប់ពី​ការបោះឆ្នោត ។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​មួយចំនួន​កំពុង​ទទួលរង​ការ​គំរាម​កំហែង​ និង​ការវាយប្រហារ​ពាក្យសំដី​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយសារតែ​អាជ្ញាធរ​ទាំងនោះ​បាន​ចោទប្រកាន់​​ពួកគេ​ថា មិនបាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

សង្គម​ស៊ីវិល​ទាំងនោះ​បាន​ហៅ​ទង្វើ​បែបនេះ​ថា ជា​សកម្មភាព​រំលោភច្បាប់​និង​រំលោភសិទ្ធិ​របស់​ពលរ​ដ្ឋ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់ ក្នុងការ​ទប់ស្កាត់​ក៏ដូចជា​ការដាក់ពិន័យ​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បានស្នើ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពី​រ​ធ្វើ​សេចក្តីប្រកាស​ជម្រាប​ជូន​អ្នកគាំទ្រ​របស់ខ្លួន​ កុំ​ឲ្យ​ប្រព្រឹត្ត​បែបនេះ និង​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ