អានតួអត្ថបទ
កម្ពុជា

សាកលវិទ្យាល័យ​រដ្ឋ​មួយ​ដំឡើងថ្លៃ​សិក្សា១០០%សម្រាប់​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ដែល​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ប្រកាស​ជ្រើសរើស​បេក្ខជន​ឱ្យ​ប្រឡង​ចូល​រៀន​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ ឆ្នាំ​សិក្សា​២០១៤-២០១៥។ ក្នុង​សេចក្តី​ជូន​ដំណឹង​ ចុះ​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា ​ម្សិលមិញ​ គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ​នេះ​បាន​សម្រេច​ដំឡើង​ថ្លៃ​សិក្សា​ដល់​៣០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​លើស​ឆ្នាំ​មុន​១០០​%​ ចំពោះ​ថ្នាក់​រៀន​បង់​ថ្លៃ។

សាកល​វិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល​
សាកល​វិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល​ University of Health Science
ផ្សាយពាណិជ្ជកម្ម

 

ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆកា ​ឆ្នាំ​២០១៤​ បេក្ខជន​ណា​ដែល​មាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សុខាភិបាល​ ឬ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ទូទៅ​ស្រប​ច្បាប់​ និង​ចេះ​ភាសា​បារាំង ​ឬ​អង់គ្លេស​ផង ​អាច​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ ឬ​ចូលរៀន​ថ្នាក់​បង់ថ្លៃ​សិក្សា នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ដើម្បី​ក្លាយជា​វេជ្ជបណ្ឌិត​ឯកទេស។

ប៉ុន្តែ​ និស្សិត​ដែល​មិនបាន​អាហារូបករណ៍​ ហើយ​ចង់​រៀន​បង់​លុយ ​នឹងត្រូវ​ចំណាយ​៣០០០ដុល្លារ​ក្នុង​មួយឆ្នាំ ​នៅពេល​ដែល​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​ប្រជុំ​សម្រេច​បង្កើន​ថ្លៃ​សិក្សា​ថ្នាក់​បង់ថ្លៃ​​ សម្រាប់​ឆ្នាំសិក្សា​២០១៤-២០១៥។ ​ក្នុង​ឆ្នាំសិក្សា​ចាស់​ ការ​ចំណាយ​សម្រាប់​រៀន​នៅ​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​នេះ ​មាន​តម្លៃ​១៥០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ការណ៍​នេះ​ធ្វើ​ឱ្យ​និស្សិត​ពេទ្យ​ខ្លះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ខណៈ​ដែល​ពួកគេ​កំពុង​«ក្រីក្រ» ​ហើយ​ត្រូវ​បង់ថ្លៃ​ទ្វេរដង​ រយៈពេល​៤ឆ្នាំ​ទៀត​ បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​សិក្សា​៦ឆ្នាំ​នៅ​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ។

យើង​មិនទាន់​អាច​ស្វែងរក​ការ​ពន្យល់​ជា​ផ្លូវការ​ពី​សាស្ត្រាចារ្យ​ សាផុន វឌ្ឍនៈ​ ដែល​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​ភ្លាម​ៗ​នៅ​ឡើយ​ទេ។​ បើ​យោងតាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ក្រៅ​ផ្លូវការ​ គឺថា ​ដើមឡើយ​ ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​នេះ​ មិន​ផ្តល់​អាហារូបករណ៍​ឱ្យ​និស្សិត​ទេ។ លើស​ពីនេះ​ទៅទៀត ​ប្រភព​បន្តថា ​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​នេះ ទោះបី​ជា​និស្សិត​មាន​តែ​៥ឬ៦នាក់​ក្តី ក៏​សាលា​ត្រូវ​ចំណាយ​លើ​សាស្ត្រាចារ្យ​ជំនាញ​ផ្សេងៗ​ពី៧ទៅ៨នាក់​ដែរ។ មួយ​វិញទៀត​ រដ្ឋ​ទំនង​ជា​បាន​កាត់បន្ថយ​ការ​គាំពារ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​សាកលវិទ្យាល័យ។​ នេះ​បើតាម​ប្រភព​ដដែល​ ដែល​បញ្ជាក់​ថា ​ការ​សម្រេច​ដំឡើង​ថ្លៃ​សិក្សា​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រជុំ​ពិគ្រោះ​យោបល់។

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​ដែល​ថែមទាំង​បាន​ដំឡើង​ថ្លៃ​សិក្សា​នៅ​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ ​ពី​ចំនួន​១២០០ដុល្លារ​ក្នុង​មួយឆ្នាំ ​ទៅ១៥០០ដុល្លារ​ក្នុង​មួយឆ្នាំ​ផង​នោះ​ ផ្តល់​ការ​បណ្ដុះបណ្តាល​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ចំនួន​២០​ជំនាញ​ខុសៗ​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ