អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥទ្ធិពល​របស់​ចិន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ នៅក្នុង​នាទី​ទស្សនៈ​ព្រឹ​ត្ត​ការណ៍​ពិភពលោក ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​បន្ត​សិក្សា​ទៅលើ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​តទៅទៀត។ ក្រោយពី​បានលើកឡើង​អំពី​មិត្តភាព​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​និង​ចិន​ពី​ឆ្នាំ១៩៥៥ដល់​ឆ្នាំ១៩៩៣ និង​អំពី​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​ពី​ឆ្នាំ១៩៩៣មកទល់​ឥឡូវ នៅថ្ងៃនេះ ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​និយាយ​ពី​ឥទ្ធិពល​របស់​ចិន​មកលើ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។

នៅ​ឆ្នាំ​២០២០​ ចំនួន​អ្នក​ទេសចរ​ចិន​នៅ​កម្ពុជា​នឹង​អាច​កើន​ដល់​២​លាន​នាក់​
នៅ​ឆ្នាំ​២០២០​ ចំនួន​អ្នក​ទេសចរ​ចិន​នៅ​កម្ពុជា​នឹង​អាច​កើន​ដល់​២​លាន​នាក់​ RFI
ផ្សាយពាណិជ្ជកម្ម

ដូច​បានបញ្ជាក់​កាលពី​សប្តាហ៍​មុន​រូ​ច​ហើយ​ថា ជំនួយ​របស់​ចិន​ដល់​កម្ពុជា​បាន​កើនឡើង​ខ្លាំង​ចាប់ពី​ឆ្នាំ១៩៩៧មក។ មិនតែប៉ុណ្ណោះ​សព្វថ្ងៃនេះ​ចិន​ជា​ប្រទេស​ដែល​ដាក់ទុន​រកស៊ី​ច្រើនជាងគេបង្អស់​នៅ​កម្ពុជា គឺ​ប្រមាណ​ជាង៩៦០០លាន​ដុល្លារ​រាប់​ពី​ឆ្នាំ១៩៩៤ដល់​ឆ្នាំ​២០១៣​​​។ ​នេះ​​បើ​​យោង​ទៅតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ម្ល៉ោះហើយ តាមរយៈ​ក្រុមហ៊ុន​រដ្ឋ​ឬ​ក្រុមហ៊ុន​ឯកជន​របស់ខ្លួន ចិន​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។ តើ​ការដាក់ទុន​រកស៊ី​នៅ​កម្ពុជា​​ពី​​សំណាក់​​ក្រុមហ៊ុន​រដ្ឋ​​និង​​ក្រុមហ៊ុន​ឯកជន​របស់​ចិន បាន​ជួយ​កម្ពុជា​ឱ្យ​អភិវឌ្ឍ​បាន​កម្រិតណា?

ជា​បឋម​ គេ​​ត្រូវ​ដឹងថា កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​បានមកពី​វិស័យសំខាន់ៗចំនួន​បី៖
ទីមួយ គឺ​វិស័យ​កាត់ដេរ​ដែល​តំណាង​រហូតដល់​ទៅ៨០%នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​បរទេស។ វា​ជា​ប្រភព​សំខាន់​ជាងគេ​នៃ​ការងារ​នៅ​កម្ពុជា និង​ជា​ប្រភព​នៃ​ប្រាក់ចំណូល​សំខាន់​ជាងគេ​របស់​រដ្ឋ​នៃ​ប្រទេសមួយ​នេះ។ ទី​ពីរ គឺ​វិស័យ​សាងសង់​ឬ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ។ ហើយ​ទី​បី គឺ​រាល់​សកម្មភាព​សេដ្ឋកិច្ច​ជុំវិញ​ការធ្វើ​អាជីវកម្ម​ទៅលើ​ធនធាន​នៃ​ប្រទេស ធនធាន​ទេសចរណ៍ ធនធាន​កសិកម្ម និង​ធនធានធម្មជាតិ។

ជាការ​ពិត វិស័យ​កាត់ដេរ​ដែលជា​ប្រភព​សំខាន់​ជាងគេ​នៃ​ការងារ​នៅ​កម្ពុជា ឋិត​នៅក្នុង​ដៃ​របស់​ក្រុមហ៊ុន​ចិន ប៉ុន្តែ​រហូតមកទល់​ពេលនេះ ច្រើន​ជា​ក្រុមហ៊ុន​ចិនតៃវ៉ាន់ ចិន​ហុងកុង ចិន​សិង្ហ​បុរី និង​ចិន​ម៉ាឡេស៊ី ជាង​ចិនដីគោក។

ផ្ទុយទៅវិញ ក្រុមហ៊ុន​រដ្ឋ​និង​ឯកជន​របស់​ចិនដីគោក​មាន​ទម្ងន់​ខ្លាំង​នៅលើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​ គឺ​​សុទ្ធ​សឹង​​ជា​​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ជំនួយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា ​ដើម្បី​សាង​សង់​​ឬ​​ជួសជុល​ផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែ​ទឹក​ជ្រៅ ព្រមទាំង​ទំនប់​វារិ​អគ្គិសនី។ ជាក់ស្តែង ផ្លូវជាតិ​លេខ៧ពី​ក្រចេះ​ទៅដល់​ទល់ដែន​ប្រទេស​ឡាវ ផ្លូវជាតិ​លេខ៨ត​ភ្ជាប់​កម្ពុជា​ទៅ​វៀតណាម ផ្លូវជាតិ​លេខ៧៦ទៅ​មណ្ឌល​គី​រី ទំនប់ន វារី អគ្គិសនី​គី​រី​រម្យ​និង​ភ្នំ​កំចាយ ព្រមទាំង​កំពង់ផែ​ទីក្រុង​ព្រះសីហនុ​សុទ្ធតែជា​ស្នាដៃ​របស់​ចិន។ ដូចគ្នា​អ៊ីចឹង​ដែរ ចិន​មាន​គម្រោង​សាងសង់​រោងចក្រ​ផលិត​ដែកថែប​នៅ​ព្រះវិហា មាន​គម្រោង​សាងសង់​ផ្លូវដែក​មួយ​ថ្មី​ពី​ព្រះវិហា​ទៅ​កោះកុង​ដោយ​ឆ្លងកាត់​តាម​កំពង់ធំ កំពង់ឆ្នាំង​និង​កំពង់ស្ពឺ និង​មាន​គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយទៀត​នៅ​កោះកុង។

ត្រង់នេះ ក្រុមអ្នកវិភាគ​ខ្លះ​អះអាងថា ជំនួយ​របស់​ចិន​ដល់​កម្ពុជា ក៏​ដូច​ជំនួយ​របស់​ចិន​ដល់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដទៃ​និង​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​ដែរ​ផ្តោត​សំខាន់​ទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អាច​ដឹកជញ្ជូន​ធនធានធម្មជាតិ រួមមាន​ជាអាទិ៍​លោហធាតុ​និង​ថាមពល​នានា​ពី​ប្រទេស​នេះ​ឬ​ប្រទេស​នោះ ទៅ​បំប៉ន​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេ​ក៏​ត្រូវតែ​ហ៊ាន​ទទួលស្គាល់​ដែរ​ថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អម្បាល​ម្មាន​របស់​ចិន​នៅ​កម្ពុជា មិនយូរ​មិនឆាប់ នឹង​ច្បាស់​ជា​ជួយ​អភិវឌ្ឍ និង​ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ពីព្រោះ​ផ្លូវថ្នល់ ស្ពាន កំពង់ផែ និង​អគ្គិសនី សុទ្ធសឹង​ជា​សរសៃឈាម​នៃ​មីក្រូសេដ្ឋកិច្ច​និង​ម៉ាក្រូសេដ្ឋកិច្ច។

ទន្ទឹមនេះ គេ​ក៏​ត្រូវតែ​ហ៊ាន​និយាយ​ដែរ​ថា ការជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ចិន​និង​ដោយ​ប្រើប្រាស់​ប្រាក់​ជំនួយ​របស់​ចិន បំផុស​ឱ្យមាន​បញ្ហា​បីយ៉ាង។ ម្យ៉ាង គឺ​វា​មិនទាន់បាន​ចូលរួមចំណែក​ខ្លាំង​នៅឡើយ​ទេ​ក្នុង​ការជួយ​បង្កើត​ការងារ​ច្រើនសន្ធឹក​សន្ធាប់​នៅ​កម្ពុជា ពីព្រោះ​សុទ្ធសឹង​ជា​គម្រោងធំៗដែល​ត្រូវការ​ក្រុម​វិស្វករ ក្រុម​អ្នកបច្ចេកទេស និង​ក្រុមកម្មករ​ជំនាញ​មកពី​ប្រទេស​ចិន​តែ​ម្តង។ ម្យ៉ាងទៀត គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​រប​ស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា គឺជា​ប្រភព​នៃ​អធិករណ៍​ដីធ្លី ពីព្រោះ​ការសាងសង់​ផ្លូវថ្នល់ ផ្លូវដែក ទំនប់​វារិ​អគ្គិសនី សុទ្ធសឹង​ជា​គម្រោងធំៗដែល​ស៊ី​ដី​ច្រើន ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​ដល់​បរិស្ថាន។ ហើយ​ម្យ៉ាង​ចុងក្រោយ ជំនួយ​របស់​ចិន​ដល់​កម្ពុជា​ជា​ជំនួយ​គ្មាន​ល័ក្ខខ័ណ្ឌ​នយោបាយ ម្ល៉ោះហើយ​ទន្ទឹមនឹង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជំនួយ​បែបនេះ​របស់​ចិន​ក៏​អាចជួយ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​អ្នក​ក្តាប់​អំណាច​រដ្ឋ​ដែរ។

និយាយ​ពី​វិស័យ​នៃ​ការធ្វើ​អាជីវកម្ម​ទៅលើ​ធនធាន​នៃ​ប្រទេស​កម្ពុជា​រួមមាន​ជាអាទិ៍​ធនធាន​ទេសចរណ៍​វិញ ចិន​ក៏​បាននិងកំពុង​បន្ត​ដើ​តួនាទី​សំខាន់​ដែរ។

នៅ​ឆ្នាំ២០១៣កន្លងទៅនេះ អ្នកទេសចរ​ចិន​ដែល​មក​កម្ពុជា​បាន​កើនឡើង​ខ្លាំង រហូតដល់​មាន​ចំនួន​លើស​អ្នកទេសចរ​មកពី​កូរ៉េខាងត្បូង និង​ដេញ​ប្រកិត​នៅ​ពីក្រោយ​អ្នកទេសចរ​មកពី​វៀតណាម។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ថោង ខុន បាន​ទាំង​អះអាងថា ចំនួន​អ្នកទេសចរ​ចិន​នឹង​អាចមាន​ចំនួន​ពី១៥០០០០០នាក់​ទៅ២០០០០០០នាក់​នៅ​ឆ្នាំ២០។

កំណើន​នៃ​អ្នកទេសចរ​ចិន​នៅ​កម្ពុជា នឹង​អាចធ្វើឱ្យ​កើនឡើង​ក្នុង​រយៈកាល​​មធ្យម​​ចំនួន​​ជន​អន្តោប្រវេសន៍​​ចិន​​នៅ​លើ​ទឹក​ដី​​ខ្មែរ ​តាមរយៈ​ការកើនឡើង​នៃ​សណ្ឋាគារ​ចិន ភោជនីយដ្ឋាន​ចិន និង​ក្រុមហ៊ុន​ចិន​នានា ក្នុង​គោលដៅ​បម្រើ​តម្រូវការ​របស់​ជនជាតិ​ចិនច្រើនឡើងៗដែល​មក​កម្សាន្ត​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ