អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.​ទទួល​បាន​របាយ​ការណ៍​​ចំនួន​៤៨ ស្ដី​​ពី​​ភាព​​មិន​​ប្រក្រតី​ ជុំវិញ​​ការ​បោះឆ្នោត

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ទទួល​បាន​របាយការណ៍​សរុប​ចំនួន ៤៨​ពី​រាជធានី និង​ខេត្ត ចំនួន ១១។ ដែល​ករណី​ជា​ច្រើន ក្នុង​របាយការណ៍ គ.ជ.ប. អះអាង​ថា បានពិនិត្យ និង​ដោះស្រាយ​តាមច្បាប់​បោះឆ្នោត​ហើយ។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​​ព័ត៌មាន មួយ​របស់​គ.ជ.ប. ចុះថ្ងៃអាទិត្យ​ទី ១១ សីហា​ ឆ្នាំ​ ២០១៣។

ការបោះឆ្នោត​​តំណាង​រាស្ត្រ​នីតិកាល​​​ពី​ថ្ងៃទី ២៨ កក្កដា ឆ្នាំ​២០១៣
ការបោះឆ្នោត​​តំណាង​រាស្ត្រ​នីតិកាល​​​ពី​ថ្ងៃទី ២៨ កក្កដា ឆ្នាំ​២០១៣
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ចំនួន​៤៨ ករណី​ខាងលើ ត្រូវ​បាន​គ.ជ.ប. ទទួល​បាន​រវាង​ពីថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី ៦ សីហា ដែល​មាន​ករណីមួយចំនួនធំ​ក្នុងរបាយការណ៍ ត្រូវ​បាន​ភាគីពាក់ព័ន្ធ បាន​ដាក់​ពាក្យ​ប្ដឹង មក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាម​ឋានានុក្រម។ ហើយ​មក​ដល់​ពេល​នេះ គ.ជ.ប. ក៏បាន​យក​មក​ពិនិត្យ និង​ដោះស្រាយ និង​សម្រេច ក្នុង​ក្របខ័ណ្ឌ​ច្បាប់បោះឆ្នោត រួច​រាល់​ហើយ​ផង​ដែរ។

 
ក្នុង​របាយការណ៍ ត្រូវ​បាន​គេ​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​ច្រើន នៅ​រាជធានី​ និង​ខេត្ត​ចំនួន ១១ ដែល​មាន​ដូចជា៖ ភ្នំពេញ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ក្រចេះ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ តាកែវ និងឧត្ដរមានជ័យ។ ភាគី​ពាក់ព័ន្ធ គឺ​មាន​ចំនួន ៥ ដែល​បាន​ដាក់​របាយណ៍​នេះ មក​គ.​ជ.ប. ដែល​មាន​ភាគី​គណបក្ស​សង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច អាជ្ញាធរ និង​ប្រជាពលរដ្ឋ។

នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌​មាន​ដដែល គ.ជ.ប. បាន​អះអាង​ថា ខេត្ត​ក្រុង​ផ្សេងទៀត ដែល​មិន​ពាក់ព័ន្ធ​ក្នុង​របាការណ៍ និងមណ្ឌល​បោះឆ្នោត​ភាគច្រើន​ទៀត ការបោះឆ្នោត បាន​ប្រព្រឹត្ត​ទៅ ជា​ធម្មតា ហើយ​ចំនួន អ្នកបោះឆ្នោត​ក៏​មាន​ចំនួន​ខ្ពស់​ផងដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​គ.ជ.ប. បាន​​កត់​សម្គាល់​ថា មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​២ មាន​អាត្រាអ្នកបោះឆ្នោត ត្រឹម​ប្រមាណ​ជាង ៦៤% ឯការិយាល័យ​ផ្សេងទៀត មាន​ចាប់​ពី​៧៥ ទៅ ជិត​៨៣%។

ទាក់ទង​នឹង​របាយការណ៍ ខាង​លើ​ គ.ជ.ប. ក៏​បាន​ទទួល​ស្គាល់​ដែរថា មាន​កើត​ឡើងពិត​មែន​នូវ​ភាព​មិនប្រក្រតី ដែល​រំខាន និង​ជះឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត។ តែ​ទោះ​ជា​យ៉ាង​ណា គ.ជ.ប. បញ្ជាក់ថា ផលប៉ះពាល់​មាន​ត្រឹមកំរិត​ណា​មួយ ប៉ុណ្ណោះ ដែល​វា​មិន​បណ្ដាល​ប៉ះពាល់ធ្ងន់ធ្ងរឡើយ។

របាយការណ៍​ស្ដី​ពីភាព​មិន​ប្រក្រតី​មួយ​ចំនួន ត្រូវ​បាន​គណបក្ស​សង្គ្រោះជាតិ បែង​ចែក​ជា​៣​ប្រភេទ គឺ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ លិខិត​បញ្ជាក់ អត្តសញ្ញាណ និង​ហេតុការណ៍​នានា នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត។ តែ​ចំពោះ​ឯកសារ​ភស្ដុតាង​សម្រាប់​បញ្ជាក់​សម្អាង គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ដាក់ជូន គ.​ជ.ប. ទេ ដែល​គណបក្ស​ខាងលើ នឹង​ផ្ដល់​ជូន ទៅ​គណៈកម្មការ​ពិសេស​​សម្រាប់ធ្វើការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី និង​វាយ​តម្លៃ​​ផល​ប៉ះពាល់​នៃ​ការ​បោះឆ្នោត តែ​ប៉ុណ្ណោះ។
 

ទាក់ទង​នឹង​បញ្ហា​នេះ​ត្រូវ​បាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ បានបញ្ជាក់​ថា មិន​ទុកចិត្ត លើ​សមត្ថកិច្ច របស់ គ.ជ.ប.។ ហើយ​លោក បាន​ជំរុញ ឱ្យ​មាន​ការ​ព្រមព្រៀង​បង្កើត​គណៈកម្មការពិសេស​ឱ្យ​បាន ឆាប់​រហ័ស។ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ បាន​បង្ហាញ​ជំហរ​ដដែល ដោយ​ចង់​ឱ្យ​មាន​ដំណោះស្រាយ​តាម​ការទាមទារ របស់​គណបក្ស​ខ្លួន។ ហើយ​ចំពោះ​ការ​ប្រកាស​ឱ្យ​ធ្វើមហាបាតុកម្ម​នោះ គ្រាន់​តែ​ជា​ជម្រើស​មួយ​ចុង​ក្រោយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ