អានតួអត្ថបទ
កម្ពុជា

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ

បើ​គិត​ត្រឹមថ្ងៃអាទិត្យ​នេះ ថ្ងៃ​​ទី២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ។ បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ចំណែក​បណ្ដឹង​ដែល​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះ​ស្រាយ។

កិច្ច​ប្រជុំ​របស់ គ.ជ.ប.កាល​ពី​ពេល​កន្លង​ទៅ។
កិច្ច​ប្រជុំ​របស់ គ.ជ.ប.កាល​ពី​ពេល​កន្លង​ទៅ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា នេះ​ថា គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បណ្ដឹង​បាន​ចំនួន​២៧៥​ហើយ។ មាន​បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច។ ចំណែក​នៅ​ថ្នាក់​ខេត្ត-រាជធានី​វិញ មាន​បណ្ដឹង​ចំនួន​៨២។ បណ្ដឹង​ចំនួន​៧៤ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ នៅ​សល់​១៨​បណ្ដឹង​មិន​ទាន់​ដោះ​ស្រាយ។ ចំណែក​នៅ​ថ្នាក់​ជាតិ​វិញ បាន​ទទួល​បណ្ដឹង​ចំនួន​១៩ ដោះ​ស្រាយ​រួច​ស្រេច​អស់​១៨ នៅ​សល់​១​បណ្ដឹង។ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

ខណៈ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ដល់​ថ្ងៃ​បញ្ចប់ លោក​ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​វាយ​តម្លៃ​ថា ដំណើរ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​រយៈ​ពេល​២៦​ថ្ងៃ​កន្លង​មក​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​ល្អ​ប្រសើរ បើ​ទោះ​ជា​មាន​ចំណុច​អវិជ្ជមាន​ខ្លះ ព្រម​ទាំង​​អំពើ​ហិង្សា​តិច​តួច​កើត​ឡើង​ក៏​ដោយ​ចុះ។

ជាមួយ​គ្នា​នោះ អគ្គលេខាធិការគ.ជ.ប. រូប​នេះ ក៏​សូម​អំពាវនាវ ឲ្យ​គណបក្ស​នយោបាយ ព្រម​ទាំង​សកម្មជន​គណបក្ស​នយោបាយ ឲ្យ​យក​ចិត្ត​ទុក​ដាក់គោរព​ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា នីតិវិធី និង​ក្រម​សីលធម៌​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​បាន​ម៉ឺង​ម៉ាត់។ លោក​ក៏​សំណូម​ពរ​ឲ្យ​គណបក្ស​នយោបាយ​សហការ​ជាមួយ​គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត រួម​ទាំង​អាជ្ញាធរ​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​សម្រាប់​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ការ​ឃោសនា​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ ប្រកប​ដោយ​ប្រសិទ្ធភាព មាន​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព។

លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុង​បញ្ជី​បោះ​ឆ្នោត ឲ្យ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន ដែល​ឥឡូវ​នេះ​មាន​បិទ​ផ្សាយ​នៅ​ឯ​គណកម្មការ​ឃុំ-​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ហើយ​នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត នឹង​មាន​បិទ​ផ្សាយ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត ត្រៀម​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​បាន​រួច​រាល់ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មែន​ទែន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ