អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.​ផ្សព្វផ្សាយ​ពី​នីតិ​វិធី​ដាក់​/​ទទួល និង​ដោះ​ស្រាយ​បណ្ដឹង នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​នីតិវិធី​ដាក់/ទទួល និង​ដោះ​ស្រាយ​បណ្ដឹង នៅ​មួយ​ថ្ងៃ​មុនការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​ នៅ​ថ្ងៃ​ទី​១៨​កក្កដា ហើយ​ទើប​តែ​ថ្ងៃ​ទី​១៩​កក្កដា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​​នៃ​កិច្ច​ប្រជុំ ព្រម​ទាំង​នីតិវិធី​ដាក់/ទទួល និង​ដោះ​ស្រាយ​បណ្ដឹង ដែល​ប្ដឹង​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត។

កិច្ច​ប្រជុំ​របស់ គជប កាល​ពី​ពេល​កន្លង​ទៅ
កិច្ច​ប្រជុំ​របស់ គជប កាល​ពី​ពេល​កន្លង​ទៅ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​អំពី​នីតិ​វិធី​ដាក់/ទទួល​និង​ដោះ​ស្រាយ​បណ្ដឹង នៅ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ដល់​គណបក្ស​នយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និងអ្នក​សារព័ត៌មាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​​នៃ​កិច្ច​ប្រជុំ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​ កក្កដា ឲ្យ​ដឹង​ថា បណ្ដឹង​ដែល​កើត​ឡើង​នៅ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត មាន​២​ប្រភេទ៖ ទី​១ គឺ​បណ្ដឹង​សុំ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត។ ចំណែក​ទី​២ គឺ​បណ្ដឹង​សុំ​កែ​តម្រូវ​ការ​ខុស​ឆ្គង មាន​ដូច​ជា​បណ្ដឹង​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ឬ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ជា​ដើម។

ចំពោះ​បណ្ដឹង​ប្រភេទ​ទី​១ បើ​ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ទោស​លើ​មន្ដ្រី​រៀប​ចំ​ការ​បោះ​ឆ្នោត អ្នក​ប្ដឹង​ឬ​អ្នក​តំណាង ត្រូវ​ប្ដឹង​ទៅ​ថ្នាក់​លើ​មួយ​ថ្នាក់ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យ៉ាង​យូរ​ បន្ទាប់ពី​ថ្ងៃ​កើត​ហេតុ ហើយ​ការ​ដោះ​ស្រាយ​បណ្ដឹង​តាម​ពេល​វេលា​សម​ស្រប​ជា​បន្ទាន់។ បណ្ដឹង​នេះ​ត្រូវ​បញ្ចប់​ត្រឹម​ថ្នាក់គ.ជ.ប.។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​វា​ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ទោស​លើ​ជន​មិន​មែន​ជា​មន្ដ្រី​បោះឆ្នោត ត្រូវ​ប្ដឹង​ទៅ​គណកម្មការ​ឃុំ​-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត រយៈ​ពេល​៣​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ។ ហើយ​បណ្ដឹង​នេះ អាច​ប្ដឹង​ពី​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ពី​ថ្នាក់​ឃុំ-សង្កាត់ រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​កន្លែង​កាត់​សេចក្ដី​ចុង​ក្រោយ​បង្អស់។

ដោយ​ឡែក​ បណ្ដឹង​ប្រភេទ​ទី​២ ដែល​ជា​បណ្ដឹង​សុំ​កែ​តម្រូវ​ការ​ខុស​ឆ្គង មាន​ដូច​ជា​បណ្ដឹង​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ឬ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅពេល​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត ប្រសិន​បើ​កើត​មាន​ករណី​មិន​ប្រក្រតី តំណាង​គណបក្ស​នយោបាយ​អាច​ប្ដឹង​ផ្ទាល់​មាត់​ភ្លាមៗ​ ទៅ​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត។ ហើយ​ប្រធាន​ការិយាល័យ​ដោះ​ស្រាយ​ក្នុង​កម្រិត​សមត្ថកិច្ច​របស់​គាត់។ ក្រៅ​ពី​ប្ដឹង​ផ្ទាល់​មាត់​ទៅ​ប្រធាន​ការិយាល័យ តំណាង​គណបក្ស​ក៏​អាច​ប្ដឹង​ជា​លាយ​លក្ខណ៍​​អក្សរ ទៅ​គណកម្មការ​ឃុំ​-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត យ៉ាង​យូរ​បំផុត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩​កក្កដា។ បណ្ដឹង​នេះ​អាច​ប្ដឹង​ជា​បន្ត​បន្ទាប់​រហូត​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ ហើយ​សេចក្ដី​សម្រេច​របស់ គ.ជ.ប. គឺ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ នៅ​មុន​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ