អានតួអត្ថបទ
កម្ពុជា

វិទ្យាសា្ថន​ជាតិ​ប្រជាធិបតេយ្យរៀប​ចំ​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ​បានឲ្យ​ដឹង​តាម​រយៈ​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា NDI នឹង​ឧបត្ថម្ភ​ដល់​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ ចំនួន​៩​នៅ​ខេត្ត​ចំនួន​៥ ព្រម​ទាំង​វេទិកា​២​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ការបោះឆ្នោតនៅ​កម្ពុជា នា​ពេល​កន្លង​មក
ការបោះឆ្នោតនៅ​កម្ពុជា នា​ពេល​កន្លង​មក
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បន្ត​ប្រពៃណី​ឧបត្ថម្ភ​វេទិកា​ជជែក​ពិភាក្សា​នៅ​កម្ពុជា ដែល​ខ្លួន​បាន​ធ្វើ​ចាប់​ពី​ឆ្នាំ​២០០៣​មក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​នឹង​ឧបត្ថម្ភ​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ចំនួន​៩ នៅ​ក្នុង​ខេត្ត​ចំនួន​៥។ ព្រម​ទាំង​វេទិកា​ថ្នាក់​ជាតិ​ចំនួន​២​ទៀត ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

 
វេទិកា​​​ដែល​ឧបត្ថម្ភ​ដោយ NDI នេះ ធ្វើ​ឡើង​ក្នុង​គោលបំណងផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ បាន​ជួប​ផ្ទាល់​ជាមួយ​បេក្ខជន​តំណាងរាស្ត្រ ដើម្បី​ចោទ​ជា​សំណួរ ក្នុង​ន័យ​ស្វែង​រកដំណោះ​ស្រាយ​សម​ស្រប សម្រាប់​បញ្ហា​នានា​ដែល​កើត​មាន​នៅ​តាម​មូលដ្ឋាន។ ការ​ជជែក​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​វាយ​តម្លៃ និង​សម្រេច​ចិត្ត​បាន​ប្រសើរ​ជាង​មុន លើ​ជម្រើស​គណបក្ស​នយោបាយ​ទាំង​៨ ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។

អ្នក​ស្រី ឡូរ៉ា ថនថុន នាយិកា​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា វេទិកា​ជជែក​ពិភាក្សាគឺ​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​នឹង​រុញ​ច្រាន​ការ​បោះ​ឆ្នោត ឲ្យ​ចេញ​ឆ្ងាយ​ពី បក្ស​ពួក​និយម អំណាច និង​ការ​ទិញ​ទឹក​ចិត្ត។ វេទិកា​ជជែក​ពិភាក្សា​ នឹង​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត ពឹង​ផ្អែក​លើ ថ្វី​មាត់​បញ្ចុះ​បញ្ចូល និង​គំនិត​ដ៏​ល្អ​ប្រសើរ​នានា ដែល​លើក​ឡើង​ដោយ​គណបក្ស​នយោបាយ។

មាន​គណបក្ស​ចំនួន​៦ នឹង​ចូល​រួម​ក្នុង​វេទិកា​ពិភាក្សា​ថ្នាក់​ខេត្ត។ គណបក្ស​ទាំង​៦​នោះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សញ្ជាតិ​កម្ពុជា។ ចំណែក គណបក្ស​២​ទៀត គឺ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹង​ចូល​រួម​ជាមួយ​គណបក្ស​ទាំង​៦​ខាង​ដើម ដើម្បី​ជជែក​ពិភាក្សា​ក្នុង​វេទិកា​ថ្នាក់​ជាតិ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វេទិកា​ជជែក​ពិភាក្សា​នឹង​ធ្វើ​ឡើង​​នៅ​តាម​ខេត្ត​ចំនួន​៥ រួម​មាន ខេត្ត​សៀមរាប កំពង់ធំ កំពង់ចាម កណ្ដាល និង​តាកែវ ពី​ថ្ងៃ​ទី​៧​កក្កដា ដល់​ថ្ងៃ​ទី​២០​កក្កដា។ ចំណែក​វេទិកា​ជជែក​ពិភាក្សា​ថ្នាក់​ជាតិ​ចំនួន​២ នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ នៅ​ថ្ងៃ​ទី​២០​និង​២១ កក្កដា ហើយ​ក្រោយ​មក​នឹង​ត្រូវ​ចាក់​ឡើង​វិញ នៅ​ថ្ងៃ​ទី​២៤​និង​២៥ កក្កដា​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ