អានតួអត្ថបទ
កម្ពុជា

មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក

រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ ​អកអំបុក​ និង​សំពះ​ព្រះខែ​បាន​កន្លង​ផុត​ទៅ​ហើយ​កាល​ពី​យប់​មិញ។​ បើ​ទោះបី​ជា​ពិធី​បុណ្យ​អុំទូក​ និង​បណ្តែត​ប្រទីប​ត្រូវ​បាន​រដ្ឋាភិបាល​លុប​ចោល​ក៏​ដោយ​ ក៏​នៅ​តែ​មាន​មនុស្ស​ជាច្រើន​ចូល​មក​រាជធានី​ភ្នំពេញ​ដើម្បី​អបអរ​ពិធី​បុណ្យ​ដ៏​ធំ​នេះ​ដែរ។​ ប៉ុន្តែ ​ចំនួន​អ្នក​ចូល​រួម​បាន​ថយចុះ​យ៉ាង​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ពិធី​បុណ្យ​ឆ្នាំមុនៗ។ ​អាជ្ញាធរ​វាយ​តម្លៃ​ថា ​មាន​មនុស្ស​២​លាន​នាក់​បាន​ចូល​មក​ភ្នំពេញ​នៅ​ថ្ងៃ​បង្ហើយ​ ប៉ុន្តែ ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​វាយ​តម្លៃ​ថា​មាន​មនុស្ស​តិច​ជាង​នេះ។

មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក
មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ប្រហែល​២​លាន​នាក់​បាន​ចូល​មក​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​ម្សិលមិញ​ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក​ អកអំបុក​ និង​សំពះ​ព្រះខែ។ ​នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ ​កាលពី​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​៣​ថ្ងៃ​ អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​ក្បែរ​នឹង​មួយ​លាន​នាក់។ ​ប៉ុន្តែ ​តួលេខ​នេះ​ត្រូវ​បាន​មនុស្ស​ជាច្រើន​ដែល​បាន​ចូល​រួម​មិន​យល់​ស្រប​ទេ ដោយ​ពួកគេ​វាយតម្លៃ​ថា​ ពិត​ជា​មាន​មនុស្ស​​តិច​ជាង​នេះ។ ​ការ​វាយតម្លៃ​នេះ​ដោយ​សំអាង​ថា ​ចរាចរណ៍​ហាក់​ដូច​ជា​ចង្អៀត​បន្តិច​មែន​នៅ​ម្តុំ​វិមាន​ឯករាជ្យ ​និង​តាម​ដង​ទន្លេ​ចតុមុខ​ ប៉ុន្តែ​ ចង្អៀត​ដោយសារ​តែ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រថយន្ត ​និង​ម៉ូតូ​ចេញចូល​ដោយ​គ្មាន​ការ​ហាម​ឃាត់​ដូច​កាលពី​លើក​មុនៗ​ទេ។

ផ្ទុយ​ទៅ​វិញ​អវត្តមាន​នៃ​ពិធីបុណ្យ​អុំទូក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បង្វែរ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ទៅ​កាន់​បណ្តា​ខេត្ត​នានា​វិញ។ ​លោក ​អាំង គឹមអ៊ាង​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាំគ្នា​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត​មាត់​សមុទ្រ ​ខេត្ត​សៀមរាប​ និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស។ ​មិន​ត្រឹមតែ​ចំនួន​មនុស្ស​មក​ភ្នំពេញ​ទេ​ដែល​ថយចុះ​ ប៉ុន្តែ​ ចំនួន​ទេសចរ​ជនជាតិ​ខ្មែរ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ក៏​ថយចុះ​ដែរ​ នេះ​បើ​តាម​ប្រភព​ដដែល។ ​ការ​ថយ​ចុះ​នេះ​គឺ​ដោយសារ​តែ​ស្ថានភាព​មិន​ល្អ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​បញ្ហា​ទឹកជំនន់។ ​ទឹកជំនន់​ដែល​បាន​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​ជាង​៥០០​លាន​ដុល្លារ​ និង​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់។

របាយការណ៍​របស់​ប៉ូលិស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ ៣​ ថ្ងៃ​នៃ​ពីធី​បុណ្យ​អុំទូក ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ​វិច្ឆិកា​ ឆ្នាំ​២០១១​ នេះ​ មាន​ការ​ថយចុះ​នៅ​ទូទាំង​ប្រទេស​ ពោលគឺ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​អុំទូក​បាន​កើត​ឡើង​ចំនួន ​៤៣ លើក​ធៀប​នឹង​៥៨​លើក​កាលពី​ឆ្នាំ​២០១០។ ​ប៉ុន្តែ​ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បែរ​ជា​កើន​ឡើង​ទៅ​វិញ ​ដោយ​ឆ្នាំ​នេះ​មាន​មនុស្ស​ស្លាប់​១៨​នាក់​កើន​លើស​ឆ្នាំ​មុន​ម្នាក់។ ​នៅ​ឯ​ភ្នំពេញ ​សមត្ថកិច្ច​ប៉ូលិស​បាន​យកចិត្ត​ទុកដាក់​រក្សា​សណ្តាប់ធ្នាប់​ដោយ​ប្រុងប្រយ័ត្ន​ជាង​មុន​បន្ទាប់​ពី​ទទួល​បាន​បទពិសោធន៍​ដ៏រន្ធត់​នៃ​ការ​រត់​ជាន់​គ្នា​លើ​ស្ពានពេជ្រ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣៥០នាក់ និង​រាប់រយ​នាក់​ទៀត​រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ