អានតួអត្ថបទ
កម្ពុជា

ក្រុម​សហគមន៍​ការពារ​ព្រៃឡង់​បែក​ផ្លូវគ្នា ដោយសារ​បារម្ភ​ពី​សុវត្ថិភាព

តំណាង​សហគមន៍​ព្រៃឡង់​ប្រមាណ​ជា​៣០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​៤​ផ្សេង​ៗគ្នា​ចូល​ព្រៃឡង់ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​ព្រៃឈើ​ខុសច្បាប់​បាន​ចាប់​ផ្តើម​បែក​ផ្លូវគ្នា​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយសារ​បារម្ភ​ពី​សុវត្ថភាព​ផ្ទាល់ខ្លួន។ វេទិកា​សាធារណៈ​ដែល​គ្រោង​ធ្វើ​ឡើង​នៅថ្ងៃ​ចន្ទ​ខាងមុខ​នេះ​ត្រូវ​បាន​លុប​ចោល។

ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ
ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

តំណាង​សហគមន៍​ព្រៃឡង់​ជាង​៣០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ចូលព្រៃ​ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃឡង់​អស់​រយៈពេល​ប្រមាណ​ជា​១​សប្តាហ៍​មក​​ហើយ​នោះ បាន​ចាប់​ផ្តើម​បែក​ផ្លូវគ្នា​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ការ​បំបែក​ផ្លូវ​គ្នា​នេះ​គឺ​ដោយសារ​ការបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ មិន​មាន​ការ​បំបែក​ជា​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​អាជ្ញាធរ​ទេ​ប៉ុន្តែ​ប្រជាជន​មាន​ការ​ភ័យខ្លាច​ដោយសារ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផ្សេងៗ។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ដែល​បាន​តាមដាន​ប្រជាជន​តាំង​ពី​ថ្ងៃ​ដំបូង​មក ​បាន​បញ្ជាក់​ប្រាប់​លម្អិត​នៅថ្ងៃ​សៅរ៍​នេះ​ថា ប្រជាជន​ខ្លះ​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​អស់រយៈ​ពេល​៥​ថៃ្ង អ្នកខ្លះ​ទៀត​អស់​រយៈពេល​១​សប្តាហ៍​និង​អ្នក​ខ្លះទៀត​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ​ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃឡង់​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

លោក ឈុត វុទ្ធី បាន​បន្ថែម​ទៀត​ថា ប្រជាជន​ទាំង​នោះ​​មិនទាន់​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ទេ​តែ​ពួកគេ​បង្ខំចិត្ត​បែកផ្លូវ​ត្រលប់​ទៅ​គេហដ្ឋាន​រៀងខ្លួន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ តំណាង​សហគមន៍​ទាំងនោះ​មក​ពី​ខេត្ត​ក្រចេះ​ ស្ទឹងត្រែង ​កំពង់ធំ​និង​ខេត្ត​ព្រះវិហារ​ដើម្បី​ការពារ​ព្រៃឡង់​ដែល​​មាន​ទំហំ​ប្រមាណ​ជា​៤០​ម៉ឺន​ហិកតា​។ ព្រៃ​នេះ​ផ្តល់​ផល​ជា​ច្រើន​ដល់​សហគមន៍​ជនជាតិ​ភាគតិច​ដូចជា​វល្លិ​និង​ជ័រទឹក​ជាដើម។

លោក វុទ្ធី​បាន​កត់​សម្គាល់​ថា តំណាង​សហគមន៍​សុខចិត្ត​បំបែក​ផ្លូវគ្នា​ពីព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ដែល​បំពាក់​ទៅ​ដោយ​កាំភ្លើង​ដើរ​មក​ជិត​ក្បួន​របស់​ប្រជាជន។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​តាមដាន​សកម្មភាព​ប្រជាជន​ការពារ​ព្រៃឡង់​យ៉ាង​ម៉ត់ចត់​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ប្រជាជន​បារម្ភ​ពីការ​ចោទ​ប្រកាន់​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​អ៊ីចឹង​ហើយ​ទើប​ពួកគាត់​ចាប់​ផ្តើម​បំបែក​គ្នា​នៅ​ថ្ងៃ​នេះ។ លោក​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​រារាំង​ដំណើរ​របស់​ប្រជាជន​ដែល​មាន​បំណង​ការពារ​ព្រៃឡង់។

បើ​យោង​តាម​គម្រោង បន្ទាប់​ពី​ត្រួត​ពិនិត្យ​ព្រៃឡង់​ហើយ ប្រជាជន​ការពារ​ព្រៃឡង់​ត្រូវ​ចូលរួម​វេទិកា​សាធារណៈ​មួយ​នៅ​ក្នុងខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ប៉ុន្តែ​ឥឡូវ​នេះ​​​វេទិកា​ត្រូវ​បាន​គេ​លុប​ចោល​ដោយសារ​អាជ្ញាធរ​មិនផ្តល់​ការ​អនុញ្ញាត​និង​ដោយសារ​ប្រជាជន​បាន​បង្ខំចិត្ត​បែកផ្លូវ​គ្នា​តាំង​ពី​ថ្ងៃ​នេះម្ល៉េះ។

លោក ស៊ុង វណ្ណា អភិបាល​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​ទី​ដែល​ប្រជាជន​ជួប​ជុំគ្នា​ដើម្បី​បរិហារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​​នោះ បាន​បដិសេដ​នៅ​ថ្ងៃ​សៅរ៍​នេះ ព័ត៌មាន​ដែល​ថា ប្រជាជន​ត្រលប់​ទៅស្រុក​កំណើត​វិញ​ដោយសារ​​ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ​និង​បាន​បញ្ជាក់​ថា ប្រជាជន​ការពារ​ព្រៃឡង់​មិនបាន​សម្រេច​គោលដៅ​របស់​ខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ