អានតួអត្ថបទ
កម្ពុជា

គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៩​កញ្ញា​នេះ ដោយ​ចាត់ទុកថា ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ិន ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​បឹងកក់​ថា ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន និង​អាជ្ញាធរ បាន​ប្រើប្រាស់​អំពើហិង្សា វាយ​លើ​អ្នកភូមិ និង​បាន​វាយកម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បឹង​កក់ កាលពី​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​មុន​។​

ប្រជាជន​បឹងកក់​មា្នក់​យំស្រែក​ក្នុង​ពេល​ក្រុមហ៊ុន ការពារ​ដោយ​អាជ្ញាធរ​ភ្នំពេញ​​វាយកម្ទេចផ្ទះរបស់គាត់​នៅបឹងកក់
ប្រជាជន​បឹងកក់​មា្នក់​យំស្រែក​ក្នុង​ពេល​ក្រុមហ៊ុន ការពារ​ដោយ​អាជ្ញាធរ​ភ្នំពេញ​​វាយកម្ទេចផ្ទះរបស់គាត់​នៅបឹងកក់ ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​ចំហ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន ប្រកាសថា ក្រុមហ៊ុន SHUKAKU Inc. គឺ​ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយសារ​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ពី​តំបន់​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​យក​ដីធ្លី ផ្ទះសំបែង​ប្រជាពលរដ្ឋ។​

សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ពី​សមាជ​គណបក្ស សម រង្ស៊ី លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១១​កញ្ញា ដែល​បាន​អនុម័ត​សេចក្តីសម្រេច គាំទ្រ និង​ផ្សព្វផ្សាយ​ពាក្យស្លោក​របស់​គណបក្ស សម រង្ស៊ី ស្តីពី "​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​លួច​ប្លន់​ដោយ​អ្នក​ដទៃ​" ។​

គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទានដីធ្លី​ បឹងបួ ​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ សម្បទាន​ទាំងនោះ នាំឲ្យ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ម្ចាស់​ដី។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏​បាន​បញ្ជាក់​ថា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា ដែល​បាន​ដណ្តើម​យក​ដីធ្លី និង​តំបន់​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយ​ប្រើ​អំពើហិង្សា ត្រូវ​ចាត់ទុក​ជា​សត្រូវ នៃ​ប្រជារាស្ត្រ​ខ្មែរ ហើយ​នឹង​ត្រូវ​ផ្តន្ទាទោស​ជាពុំខាន​។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក កុំ​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន SHUKAKU តាម​រូបភាព​ណាក៏ដោយ​។ ពោល​គឺ​កុំ​ចូល​ហ៊ុន ឬក៏​ផ្តល់​ទុន និង​កុំ​លក់ ឬ​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន SHUKAKU ដែល​មាន​ថៅកែ​ឈ្មោះ ឡាវ ម៉េង​ឃី​ន ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករកស៊ី​ទុច្ចរិត​។

​នៅ​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ មិនអាច​ទាក់ទង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ដើម្បី​សុំ​អត្តាធិប្បាយ ចំពោះ​សេចក្តី​ថ្លែងការណ៍​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី និង​បញ្ហា​ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ដ៏​រ៉ាំរ៉ៃ​នោះ បាន​នៅឡើយ​ទេ​។​

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា លិខិត​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី​ខាងលើ ជា​ការទាក់ទាញ​ផល​ប្រយោជន៍​នយោបាយរ​បស់​បក្សប្រឆាំង ជាជាង​ជួយ​សម្រួល និង​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បឹងកក់​។

បញ្ហា​នៅ​បឹងកក់ ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​គូសបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​បំពេញ​កាតព្វកិច្ច ដោយ​ផ្តល់​ដីមួយ​ផ្នែក ​តាម​តម្រូវការ​អ្នកភូមិ ​។ តែ​ការដោះស្រាយ​បន្ត ជា​ភារកិច្ច​របស់​មន្ត្រី​អាជ្ញាធរ​ក្រោម​ឱវាទ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ