កម្ពុជា៖ ធម្មនុញ្ញអាស៊ានមិនបានហាមប្រមុខរដ្ឋាភិបាលណាមួយ មិនឲ្យទទួលមិត្តភក្តិនោះទេ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ចេញប្រតិកម្មនៅថ្ងៃនេះ ទៅនឹងអតីតរដ្ឋមន្ត្រីការបរទេសថៃ លោកកាស៊ីត ភិរម្យដែលនិយាយថា លោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែនបានបំពានធម្មនុញ្ញអាស៊ាន ប្រសិនបើកម្ពុជាមិនចាប់បញ្ជូនលោកថាក់ស៊ីន ស៊ីណាវ៉ាត់អោយរដ្ឋាភិបាលថៃនោះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឆ្លើយតបថា ធម្មនុញ្ញអាស៊ានមិនបានហាមប្រាមមិនអោយប្រមុខរដ្ឋាភិបាលណាមួយមិនអោយទទួលស្វាគមន៍មិត្តភក្តិរបស់ខ្លួននោះដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៤
សង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងប្រទេសថៃនៅតែបន្ត ពិសេសជុំវិញករណីលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។ តាំងពីនៅកាន់តំណែងជាប្រមុខការទូតថៃ ដែលធ្វើអោយមេដឹកនាំកម្ពុជាវិលមុខញឹកញាប់ ឥឡូវនេះក្លាយជាគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ លោកកាស៊ីត ភិរម្យនៅតែទាមទារអោយរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនលោកថាក់ស៊ីន ស៊ីណាវ៉ាត់ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ទៅអោយអាជ្ញាធរថៃដាច់ខាត។ កាសែតថៃបានដកស្រង់សម្តីរបស់លោកកាស៊ីត ភិរម្យដែលអត្ថាធិប្បាយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើខុសនឹងធម្មនុញ្ញអាស៊ាន និងថាកំពុងជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសថៃ នៅពេលដែលលោកមិនបានបញ្ជាអោយមានការចាប់ខ្លួនលោកថាក់ស៊ីនអោយទៅប្រទេសថៃ។
ចំពោះលោកកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កម្ពុជាគឺជារដ្ឋឯករាជ្យដែលចង់ទទួលប្រតិភូបរទេសណាក៏បាន។ មន្ត្រីក្រសួងការបរទេសខ្មែរដដែលបានឆ្លើយតបទៅលោកកាស៊ីតថា ធម្មនុញ្ញអាស៊ានមិនបានហាមប្រាមមិនអោយប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានណាមួយទទួលស្វាគមន៍មិត្តភក្តិរបស់ខ្លួននោះដែរ។ ហេតុអ្វីបានជានៅពេលលោកថាក់ស៊ីនធ្វើដំណើរទៅប្រទេសផ្សេងពីកម្ពុជា លោកកាស៊ីតមិនបានស្រែកអោយរដ្ឋាភិបាលប្រទេសនោះចាប់ខ្លួនលោកថាក់ស៊ីន? ហេតុអ្វីលោកកាស៊ីតចាប់អារម្មណ៍តែវត្តមានលោកថាក់ស៊ីននៅកម្ពុជា? នេះជាសំណួររបស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរទៅអតីតប្រមុខការទូតថៃកាស៊ីត ភិរម្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ