អានតួអត្ថបទ
កម្ពុជា

ក្រុម​ដោះមីន​កម្ពុជា​នៅ​​ស៊ូដង់​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​

កង​​កម្លាំង​​រក្សា​​សន្តិភាព​​ដោះ​មីន​​កម្ពុជា​​​ចំនួន ​៥២​​នាក់​​​នៅ​​ក្នុង​​ប្រទេស​​ស៊ូដង់​​នឹង​​ត្រឡប់​​មក​​ប្រទេស​​កម្ពុជា​​វិញ​​នៅ​​ថ្ងៃ​​ចន្ទ​៥កញ្ញា​​ស្អែក។ អ្នក​​នាំពាក្យ​​ក្រសួង​​ការពារ​​ជាតិ​​នៃ​​ប្រទេស​​កម្ពុជា​​បាន​​ថ្លែង​​ថា ​សកម្មភាព​​ដោះមីន​​របស់​​កម្ពុជា​​នៅ​​ក្រៅ​ប្រទេស​​គឺ​​ជា​​សក្ខីភាព​​បង្ហាញ​ថា ​កម្ពុជា​​ ចង់​បាន​​​សុខ​សន្តិភាព។​

កង​ទ័ព​មួក​ខៀវ​​កម្ពុជា
កង​ទ័ព​មួក​ខៀវ​​កម្ពុជា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

ពិធី​​​ស្វាគមន៍​​កង​កម្លាំង​​ដោះមីន​​កម្ពុជា​​ចំនួន​​៥២​​នាក់​ ​ដែល​​វិល​​ត្រឡប់​​មក​​ពី​​ប្រទេស​​ស៊ូដង់​​នឹង​​ត្រូវ​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ចន្ទ​ទី៥កញ្ញា​​ស្អែក​​នៅ​​ព្រលាន​​យន្តហោះ​​អន្តរជាតិ​​ភ្នំពេញ។​
 
ចាប់​តាំង​​ពី​ឆ្នាំ​​២០០៦​​មក​កង​​រក្សា​​សន្តិភាព​​ដោះមីន​​កម្ពុជា​​ក្នុង​​ក្របខណ្ឌ​​អង្គការ​​សហ​ប្រជាជាតិ​​​​នៅ​​ប្រទេស​​ស៊ូដង់ ​មាន​​ចំនួន​​សរុប​​ទាំង​អស់ ​៥៧៧​នាក់។
 
ប្រសិន​បើ​​គេ​​សរុប​​ចំនួន​​អ្នក​ដោះមីន​​កម្ពុជា​​នៅ​​ក្រៅ​​ប្រទេស​​​ដែល​​បាន​​បញ្ចប់​​បេសកម្ម​ មាន​​ចំនួន​ ​សរុប​ ​៦១២ ​នាក់​​ហើយ​​រហូត​​មក​ដល់​​ពេល​​នេះ។​ រី​ឯ​​កង​​រក្សា​​សន្តិភាព​​ដោះមីន​​កម្ពុជា​​ចំនួន​​២២៤​​នាក់​ទៀត​​​បាន​​និង​​កំពុង​​បំពេញ​​ភារកិច្ច​​របស់​ពួក​គេ​​នៅ​​ក្រៅ​ប្រ​ទេស​​ក្នុង​នោះ​​ ៥​​នាក់​​នៅ​​ក្នុង​​ប្រទេស​​ស៊ូដង់​​ខាងត្បូង​​និង​​២១៩​​នាក់​​ស្ថិត​​នៅ​​ក្នុង​​ប្រទេស​​លីបង់។

លោក​ ឈុំ សុជាតិ​ អ្នក​​នាំ​ពាក្យ​​នៃ​​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា ​បាន​​ថ្លែង​ប្រាប់​​នៅ​ថ្ងៃ​​អាទិត្យ​​នេះ​​ថា ​សកម្មភាព​​ដោះមីន​​របស់​​កម្ពុជា​​នៅ​​ក្រៅ​​ប្រទេស​​ក្នុង​​ក្របខណ្ឌ​​​អង្គការ​​សហ​ប្រជាជាតិ ​បាន​បង្ហាញ​​យ៉ាង​ច្បាស់​​ថា ​កងទ័ព​​កម្ពុជា​​មាន​​សេចក្តី​​អង់អាច​​ក្លាហាន​មាន​​​សណ្តាន​ចិត្ត​​មនុស្សធម៌​​​​និង​​ចង់​​បាន​​សុខ​សន្តិភាព​​នៅ​​ក្នុង​​ពិភព​លោក​​ទាំង​មូល។

លើស​​ពី​នេះ​​ទៅ​​ទៀត​ អ្នក​នាំពាក្យ​​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា ​បាន​​បន្ត​​ទៀត​​ថា ​សកម្មភាព​​​កងទ័ព​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​នេះ​​គឺ​ ​បង្ហាញ​​ពី​​មោទនភាព​​ជាតិ​។ កាល​ពី​​ឆ្នាំ ​១៩៩៣ ​កងទ័ព​​មួកខៀវ​​របស់​​អង្គការ​​សហប្រជាជាតិ​​ជា​​ច្រើន​​ពាន់​នាក់​ ​បាន​​មក​​បំពេញ​​បេសកម្ម​​រក្សា​​សន្តិភាព​​នៅ​​ក្នុង​ប្រទេស​​កម្ពុជា។ ​ប៉ុន្តែ​​ពេល​នេះ ​ប្រទេស​​កម្ពុជា​​បាន​​បញ្ជូន​​កងទ័ព​​របស់​​ខ្លួន​​ទៅ​​ក្រៅ​​ប្រទេស​​វិញ​​ម្តង​​ដើម្បី​​បំពេញ​​សកម្មភាព​​មនុស្សធម៌។​

នៅ​​ក្នុង​​សេចក្តី​​ថ្លែងការណ៍​​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​​អាទិត្យ​​នេះ ​លោក ស្រី ​Anne Lemaistre​ តំណាង​​ស្តីទី​​នៃ​​អង្គការ​​សហ​​ប្រជាជាតិ​​ប្រចាំ​​នៅ​​កម្ពុជា​​បាន​​ថ្លែង​​ស្វាគមន៍​​កិច្ច​​ខិតខំ​​ប្រឹងប្រែង​​របស់​​ក្រុម​ដោះ​មីន​​កម្ពុជា​​ដែល​​នឹង​​ត្រូវ​​ត្រលប់​​មក​​ដល់​​ប្រទេស​​កម្ពុជា​​វិញ​​នៅ​​ថ្ងៃ​​ស្អែក។

លោក​ស្រី​ Lemaistre​ បញ្ជាក់​​ទៀត​​ថា​ កិច្ចការ​​និង​​បទ​ពិសោធន៍​​​របស់​​ក្រុម​​ដោះមីន​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​ដែល​​ឆ្លង​កាត់​​ការ​​ឈឺឆាប់​​​គឺ​​ជា​​ប្រភព​​នៃ​​មោទនភាព​។​ ម៉្យាង​​វិញ​​ទៀត​ លោកស្រី​ បាន​​បន្ថែម​​ទៀត​​ថា ​ការងារ​​ទាំង​​អស់​​នេះ​​នឹង​​ចូល​​រួម​​ចំណែក​​អភិវឌ្ឍន៍​​ប្រទេស​​ ​ចូល​រួម​​ចំណែក​​បើក​​ឧិកាស​​និង​ផ្តល់​​ក្តី​​សង្ឃឹម​​ដល់​​ប្រជាជន​​ក្នុង​​ប្រទេស​​ដែល​​អស់​​លោក​​អ្នក​​បាន​​ជួយ​​បម្រើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ