អានតួអត្ថបទ
កម្ពុជា

សិស្សប្រឡង​បាក់ឌុប​នាំគ្នាសែនព្រេន​ស្រោចទឹក​អោយប្រឡង​ជាប់​

មុន​ថ្ងៃ​ប្រឡង​បាក់​ឌុប​២​ថ្ងៃ ​បេក្ខជន-បេក្ខនារី​មាន​អារម្មណ៍​ច្របូក​ច្របល់។ ​អ្នកខ្លះ​នាំគ្នា​ទៅ​សែន ​អ្នកខ្លះ​នាំគ្នា​ទៅ​ស្រោច​ទឹក​ អ្នកខ្លះ​ទៀត​គិតគូរ​ពីរ​រឿង​ទិញ​វិញ្ញាសា​សម្រាប់​បើក​ចម្លង។ ​ចំណែក​ឯ​សមាគម​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា​វិញ ​ពួកគេ​អំពាវនាវ​កុំ​អោយ​មាន​ទង្វើ​ធ្លាយ​វិញ្ញាសា​នៅ​ថ្ងៃ​ប្រឡង។

បេក្ខនារី​​ប្រឡង​បាក់ឌុប​​បី​នាក់​​មាន​ផ្លែ​មាន​​និង​ផ្លែ​ចេក​​ដើរ​​ទៅ​រោង​អ្នកតា​​នៅក្នុង​​វិទ្យាល័យ​​បឹង​ត្របែក​​ទីក្រុង​​ភ្នំពេញ​
បេក្ខនារី​​ប្រឡង​បាក់ឌុប​​បី​នាក់​​មាន​ផ្លែ​មាន​​និង​ផ្លែ​ចេក​​ដើរ​​ទៅ​រោង​អ្នកតា​​នៅក្នុង​​វិទ្យាល័យ​​បឹង​ត្របែក​​ទីក្រុង​​ភ្នំពេញ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​នៅ​ថ្ងៃ​សៅរ៍​នេះ ​បេក្ខនារី​ប្រឡង​បាក់ឌុប​ចំនួន​បី​នាក់​នៅក្នុង​សាលា​បឹង​ត្របែក​បាន​កាន់​ចាន​ដែល​មាន​ផ្លែ​ប៉ោម ​ផ្លែ​មាន​និង​ផ្លែ​ចេក​ដើរ​សំដៅ​ទៅកាន់​រោង​អ្នកតា​មាន​ទីតាំង​នៅ​ក្បែរ​ទីលាន​ហាត់​កីឡា​នៃ​វិទ្យាល័យ​បឹង​ត្របែក​ទីក្រុង​ភ្នំពេញ។

ក្នុង​ទឹក​មុខ​ញញឹម​ញញែម ​សិស្ស​ទាំង​បី​នាក់​នេះ​បាន​និយាយ​ប្រាប់​ថា ពួកគេ​កំពុង​រៀបចំ​សែនព្រេន​ទៅដល់​អ្នកតា​នៅក្នុង​សាលា​ដើម្បី​សុំ​សេចក្តី​សុខ​និង​ម្យ៉ាងទៀត​សុំ​អោយ​អ្នកតា​ជួយ​អោយ​ពួក​គេ​ប្រឡង​ជាប់​នៅ​ឆ្នាំ​នេះ។​ សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​បី​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ការ​សែនព្រេន​មុន​ពេល​ថ្ងៃ​ប្រឡង​នេះ​គឺ​ជា​ប្រពៃណី​របស់​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​​តៗគ្នា​មក។ ​ ការ​រៀបចំ​ពិធី​នេះ​និង​ជួយ​កម្លាំង​ចិត្ត​សិស្ស​នៅ​ថ្ងៃ​ប្រឡង​កុំ​អោយ​មាន​អារម្មណ៍​ភ័យខ្លាច។

សិស្ស​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ទើប​សែន​រួច​ហើយ​បាន​និយាយ​ថា ​ការ​សែនព្រេន​ត្រូវ​តែ​ធ្វើ​ប៉ុន្តែ​ការ​ខិតខំ​រៀនសូត្រ​ក៏​ជា​រឿង​ចាំបាច់​ដែរ​ដើម្បី​អាច​ប្រឡង​ជាប់។​ សិស្ស​មួយ​ក្រុម​ផ្សេង​ទៀត​នាំគ្នា​និយាយ​អំពី​រឿង​ស្រោចទឹក។​ អ្នកខ្លះ​គ្រោង​អោយ​មាតា​បិតា​ស្រោច​ទឹក​អោយ​ប៉ុន្តែ​អ្នក​ខ្លះទៀត​គ្រោង​ទៅ​វត្ត​ដើម្បី​អោយ​ព្រះសង្ឃ​ស្រោច​ទឹក។

នៅក្នុង​ប្រទេស​កម្ពុជា​ អបិយ​ជំនឿ​នៅតែ​ដើរ​តួនាទី​សំខាន់​ដដែល​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ។​ ការ​សែនព្រេន​ត្រូវ​បាន​គេ​ធ្វើឡើង​នៅពេល​ដែល​គេ​ជួប​ប្រទះ​គ្រោះភ័យ​និង​នៅ​ពេល​ដែល​គេ​ទទួល​បាន​ជ័យ​ជំនះ​លើ​អ្វី​មួយ។

សិស្ស​មួយ​ចំនួន​នាំគ្នា​និយាយ​ពី​រឿង​សែន​ព្រេន​ស្រោចទឹក​ប៉ុន្តែ​សិស្ស​មួយ​ចំនួន​ផ្សេង​ទៀត​នាំគ្នា​និយាយ​អំពី​ការ​ទិញ​វិញ្ញាសា​ព្រាង។ អ្នកខ្លះ​គ្រោង​ទិញ​វិញ្ញាសា​ព្រាង​ក្នុង​តម្លៃ​ជាង​២​ដុល្លារ​ក្នុង​មួយ​មុខ​វិជ្ជា​ឬ​៣០​ដុល្លារ​សម្រាប់​គ្រប់មុខ​វិជ្ជា។ ការ​ទិញ​ក្នុង​តម្លៃ​៣០​ដុល្លារ​មាន​ការ​ធានា​ថា អាច​ត្រូវ​៨០​ភាគរយ។ នៅ​ថ្ងៃ​សៅរ៍​នេះ មន្ត្រី​ក្រសួង​អប់រំ​ដែល​រៀប​ចំ​ការ​ប្រឡង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែ​កាល​ពី​ពេល​កន្លងមក មន្ត្រី​អប់រំ​ខ្លះ​ធ្លាប់​បាន​ពន្យល់​​ថា វិញ្ញាសា​ព្រាង​មិន​ត្រូវ​នឹង​វិញ្ញាសា​ប្រឡង​ទេ ដូច្នេះ សូម​បេក្ខជន​ប្រឡង​កុំ​ទិញ​អោយ​សោះ។

លោកស្រី អ៊ុក ឆាយ​យ៉ាវី ​អនុ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា​បាន​អំពាវ​នាវ​នៅ​ថ្ងៃ​សៅរ៍​នេះ​សូម​អោយ​ក្រសួង​អប់រំ​មេត្តា​ចាត់​វិធានការ​ទប់ស្កាត់​ការ​បែក​វិញ្ញាសា​ជាយថាហេតុ​នៅ​ក្នុង​សម័យ​ប្រឡង​ឆ្នាំ​២០១១​នេះ។ ​ការ​បែក​វិញ្ញាសា​ដែល​នាំ​អោយ​មាន​ការ​លួច​ចម្លង​នោះ​នឹង​ប៉ះពាល់​គុណភាព​នៃ​ការ​ប្រឡង។​ បទ​បញ្ជា​របស់​ក្រសួង​អប់​រំ​ដែល​បិទផ្សាយ​នៅ​តាម​សាលា​បាន​សរសេរ​ថា រាល់​ការ​លួច​ចម្លង​ឯកសារ​ត្រូវ​ហាម​ឃាត់។

លោកស្រី អ៊ុក ឆាយ​យ៉ាវី បាន​បន្ត​ទៀត​ថា លោកគ្រូ​អ្នកគ្រូ​នៅក្នុង​ថ្នាក់​ប្រឡង​មិន​គួរ​ទទួល​សំណូក​ពី​សិស្ស​ទេ​ពីព្រោះ​ថា ទង្វើ​នេះ​វា​ផ្ទុយ​នឹង​ក្រម​សីលធម៌​របស់​គ្រូ​បង្រៀន។

សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១១​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​កក្កដា​រហូត​ដល់​ថ្ងៃ​ទី​២៧​ខែកក្កដា​ដោយ​មាន​សិស្ស​ចូលរួម​ប្រឡង​ជាង​១០​ម៉ឺន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ