អានតួអត្ថបទ
កម្ពុជា

ផ្ទះ៦៧ខ្នង​ត្រូវអគ្គិភ័យ​លេបត្របាក់​នៅខណ្ឌ​ឫស្សីកែវ​ក្រុងភ្នំពេញ​

យ៉ាងហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៦៧ ​ខ្នង​ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​មករា​នេះ​។ ​ អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​កាលពី​វេលា​ម៉ោងជាង ១ រសៀល​ថ្ងៃ​នេះ​ នៅជាប់​ផ្លូវជាតិ​លេខ ៥​ ជួរ​ខាង​មាត់ទន្លេ ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ២ ខាងក្រោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌប្ញស្សីកែវ​។ ​ផ្ទះ​ឆេះ​ធ្វើ​ពី​ឈើ ​ថ្ម​និង​ផ្ទះ​ខ្លះ​ប្រក់​ស័ង្កសី ​នៅ​តំបន់​ច្រាំង​ចំរេះ​ទាំងនោះ​ ទើបតែ​ត្រូវ​ភ្លើង​ឆាបឆេះ​ម្តង​រួច​មកហើយ​កាលពី​ឆ្នាំមុន។ 

ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​
ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

01:43

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

លី ម៉េងហួរ

ផ្ទះ​អ្នកភូមិ​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​ជា​តំបន់​បងប្អូន​ខ្មែរ​អ៊ីស្លាម​ភាគច្រើន​រស់នៅ ​ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ ​សល់​តែ​ផេះ​កាលពី​រសៀល​ថ្ងៃ​អង្គារ​នេះ​។ ​សោក​នាដកម្ម​​ដ៏​សោកសៅ​ដែល​កើត​ឡើង​កាលពី​ម៉ោង​ជាង ១ រសៀល​ថ្ងៃ​នេះ បាន​បណ្តាលឲ្យ​ផ្ទះ​ប្រមាណ ៦៧ ខ្នង ត្រូវ​ភ្លើង​លេប​ត្របាក់​រាប​ដល់​ដី។​

 
ឡានទឹក​ចំនួន ២០ គ្រឿង ត្រូវបាន​បញ្ជូន​ទៅ​អន្តរាគមន៍ ​ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ជិត​ ៥០ ឡាន​។​ ដោយហេតុ​ថា ​ទីកន្លែង​ភ្លើង​ឆេះ​នោះ ​មាន​លក្ខណៈ​តូចច​ង្អៀត​ពេក នាំ​ឲ្យ​ឡានទឹក​ពិបាក​ចូល​អន្តរាគម​និង​ត្រូវ​ប្រើ​ពេល​ប្រហែលជា​ ២ ម៉ោង​ ទើប​ភ្លើង​ត្រូវ​បាន​ពន្លត់​ ខណៈ​ដែល​ផ្ទះ​ទាំងនោះ ក៏​ត្រូវ​ឆេះ​អស់​រលីង​។

ចំណែក​មូលហេតុ ​ដែល​បណ្តាល​ឲ្យមាន​អគ្គិភ័យ​នេះ កើតឡើង ត្រូវបាន​លោក​ឧត្តមសេនីយ៍​ត្រី​ ទូច ណារ៉ុថ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អាជ្ញាធរ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ផ្លូវការ​ ​ដែល​បង្ក​អគ្គិ​ភ័យ​នេះ​​ទេ​។ ​ប៉ុន្តែ​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង ​អគ្គិភ័យ​នោះ បណ្តាល​មក​ពី​ផ្ទះ​លក់​កាហ្វេ ​ដែល​នៅ​ជាប់​នឹង​អធិការដ្ឋាន​នគរបាល​ខណ្ឌប្ញស្សីកែវ។

យ៉ាងណា​ក៏ដោយ​ របាយការណ៍​បឋមរ​បស់​ប៉ូលិស ​បង្ហាញថា ហេតុការណ៍​ឆេះ​ផ្ទះ​នៅ​ច្រាំង​ចំរេះ កាលពី​រសៀល​ថ្ងៃ​មិញ កើតឡើង ដោយ​មាន​ជន​បង្ក​ ហើយ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ករណី​នេះ​។​ ​ជា​ការ​កត់​សម្គាល់​ កាលពី​ឆ្នាំមុន នៅ​ច្រាំង​ចំរេះ ដែល​ជា​កន្លែង​រស់នៅ​ប្រមូលផ្តុំ​របស់​បងប្អូន​ខ្មែរ​អ៊ីស្លាម នៅ​ជួរ​មាត់​ទន្លេសាប​ ជាប់​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ភ្លើង​ឆេះ​ម្តង​រួច​មកហើយ​។ ​ភ្លើង​ឆេះ​កាលណោះ បណ្តាលឲ្យ​ខូចខាត​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ