អានតួអត្ថបទ
កម្ពុជា​

លោក កឹម សុខា បញ្ជាក់​ពី​ជំហរ​រួបរួម​ក្នុង​សម្ព័ន្ធភាព​នយោបាយ​ថ្មី

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បញ្ជាក់​ជំហរ​នយោបាយ​របស់​ខ្លួន ជូន​សាធារណមតិ ដោយ​ការ​បដិសេធ​នូវ​ដំណឹង​ពី​ការរួបរួម​ជាមួយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ ក៏​ប៉ុន្តែ​លោក កឹម សុខា ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស បាន​ប្រកាស​បន្ត​ផែនការ​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស សម រង្ស៊ី។ សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ដែល​មាន​អាយុ​ជិត ២ ឆ្នាំ​ហើយ ប៉ុន្តែ​ហាក់​ដូចជា មាន​តែ​ឈ្មោះ។​

លោក កឹម សុខា ប្រធាន​គណបក្សសិទ្ធិមនុស្ស
លោក កឹម សុខា ប្រធាន​គណបក្សសិទ្ធិមនុស្ស
ផ្សាយពាណិជ្ជកម្ម
02:33

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣​ធ្នូ​នេះ លោក កឹម សុខា បាន​ប្រកាស​បដិសេធ ចំពោះ​ដំណឹង​ដែល​ថា រូប​លោក​សន្យា​រួបរួម​ជាមួយ​គណបក្ស​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ ក៏​ប៉ុន្តែ​លោក កឹម​សុខា ដែល​ធ្លាប់​ជា​អតីត​សមាជិក​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក្រោម​ការគ្រប់គ្រង​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ក៏​មិន​បដិសេធ​ទាំងស្រុង​នឹង​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​ព្រះអង្គម្ចាស់​ឡើយ។ ពោល​គឺ​លោក កឹម​សុខា រង់ចាំ​មើល​ជំហរ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្នុង​ឆាក​នយោបាយ​ថ្មី​របស់​ព្រះអង្គ​នាពេលនេះ។

​តាម​លោក កឹម សុខា បើសិន​ព្រះអង្គម្ចាស់ មិន​ធ្វើ​ជា​ឈ្នាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច​មុន នោះ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក នឹង​ពិចារណា ចរចា​ជាមួយ​ព្រះអង្គម្ចាស់។​
​ចំណែក​សម្ព័ន្ធភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស ជាមួយ​គណបក្ស​សម​រង្ស៊ី​វិញ ត្រូវបាន​លោក កឹម សុខា លើក​ឡើង​ថា គណបក្ស​ប្រឆាំង​ទាំងពីរ នៅតែ​បន្ត​ក្នុង​ការជជែក ដើម្បី​បង្រួបបង្រួម​គ្នា។ ក៏​ប៉ុន្តែ​សម្ព័ន្ធភាព​រយៈពេល​ជិត​ពីរ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​១៥​មករា ឆ្នាំ​២០០៩ មាន​ត្រឹមតែ​គោលការណ៍​ប៉ុណ្ណោះ។

​ការ​មិន​ទាន់​ចូល​ដល់​សម្ព័ន្ធភាព​ពេញលេញ​រវាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​សិទ្ធិមនុស្ស ត្រូវ​បាន​លោក កឹម សុខា បន្ទោស​លើ​គណបក្ស​សមរង្ស៊ី។ គណបក្ស​សមរង្ស៊ី ដែល​មាន​បញ្ហា​ផ្ទៃក្នុង រួមទាំង​អវត្តមាន​របស់​លោក​ប្រធាន​ សម​ រង្ស៊ី ពី​ក្នុង​ប្រទេស ជាដើម។

​យ៉ាងណាក៏ដោយ នៅថ្ងៃនេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​អះអាង​ថា អវត្តមាន​របស់​លោក​ប្រធាន​សម​រង្ស៊ី មិន​នៅក្នុង​ស្រុក​ពេលនេះ មិនមែន​ជា​ឧបសគ្គ​អ្វី​ធ្ងន់ធ្ងរ ដែល​រារាំង​ដល់​ការជជែក​បន្ត​សម្ព័ន្ធភាព​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ឡើយ។ ម្យ៉ាងវិញទៀត តាម​លោក សុន ឆ័យ ទោះបីជា​សម្ព័ន្ធភាព​គណ​បក្ស​ប្រឆាំង មិន​ទាន់​រក​វិធី​សមស្រប​ណាមួយ ដើម្បី​សហការ​គ្នា​បាន​ល្អ ក៏ប៉ុន្តែ​គណបក្ស​ទាំងពីរ មាន​ជំហរ​នយោបាយ​ល្អ​ប្រហាក់ប្រហែល​គ្នា ដើម្បី​រៀបចំ​ខ្លួន​ចូលរួម ក្នុង​ការបោះឆ្នោត នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាងមុខ។

​ទាក់ទង​នឹង​ចរន្ត​រួបរួម​សម្ព័ន្ធភាព​នេះ កាលពី​ថ្ងៃ​១២​ធ្នូ​ម្សិលមិញ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ច្រាន​ចោល​សំណើ​បង្រួបបង្រួម​ជាមួយ​គណបក្ស​នរោត្តម រណឫទ្ធិ ដើម្បី​បង្កើត​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ៨១ តាម​ការផ្តួចផ្តើម​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។

​នៅថ្ងៃនេះ គណបក្ស នរោត្តម រណឫទ្ធិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​សម្តែង​ការសោកស្តាយ និង​ចាត់​ទុក​ការច្រានចោល​សំណើ​បង្រួបបង្រួម​គណបក្ស​រាជានិយម​ថ្មី របស់ បងប្អូន​គូ​សត្រូវ​ទាំងពីរ ថា​គ្រាន់តែ​ជា​លេស​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ