ព្រះសង្ឃខ្មែរទទួលពានរង្វាន់អង្គការ UNDPផ្នែកការពារព្រៃឈើ
ព្រះតេជព្រះគុណប៊ុន សាលួតត្រូវបានកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNDPជ្រើសរើសអោយជាប់ចំណាត់ថ្នាក់ជាអ្នកថែរក្សាព្រៃឈើជាមួយជ័យលាភី ២៤រូបផ្សេងទៀតមកពីជុំវិញពិភពលោក។ ព្រះតេជព្រះគុណប៊ុន សាលួតដែលជាអ្នកគ្រប់គ្រងសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្តក្នុងខេត្ត ឧត្តរមានជ័យនឹងនិមន្តចាកចេញទៅទីក្រុងញូយ៉កដើម្បីទទួលពានរង្វាន់ ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមអេក្វាទ័រ។
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីរាយការណ៍របស់ លាង ដឺលុច
ព្រះសង្ឃព្រះនាមប៊ុន សាលួតនឹងនិមន្តចាកចេញទៅទីក្រុងញូយ៉កសហរដ្ឋអាមេរិកនៅដើមសប្តាហ៍ក្រោយនេះ តាមការអញ្ជើញរបស់គណៈកម្មការរៀបចំកម្មវិធីពានរង្វាន់គំនិតផ្តួចផ្តើមអេក្វាទ័រ។ ព្រះតេជព្រះគុណប៊ុន សាលួតដែលបានដឹកនាំការពារព្រៃឈើ និងអភិរក្សសត្វព្រៃតាំងពីឆ្នាំ ២០០១មក ត្រូវបានអង្គការ UNDPប្រចាំសហរដ្ឋអាមេរិកជ្រើសរើសអោយជាប់ជាជ័យលាភីនៃអ្នកការពារព្រៃឈើនិងជីវៈចម្រុះ។ តំបន់ការពារព្រៃឈើ និងអភិរក្សសត្វព្រៃដែលក្រោយមកបានប្រែក្លាយទៅជាសហគមន៍សង្ឃរុក្ខវ័ន្តមានទំហំ ១៨២៦១ហិចតាគ្របដណ្តប់លើស្រុកសំរោង និងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ព្រះតេជព្រះគុណប៊ុន សាលួតព្រះជន្ម ៣៩វស្សាបានមានសង្ឃដីកាថា ព្រះអង្គរំភើប និងសប្បាយចិត្តចំពោះការទទួលស្គាល់ស្នាដៃការងាររបស់សហគមន៍របស់ព្រះតេជព្រះគុណក្នុងក្របខណ្ឌអន្តរជាតិយ៉ាងដូច្នេះ។ ហើយនេះក៏ជាមោទនភាពមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ព្រះតេជព្រះគុណបានពន្យល់ថា សហគមន៍ព្រៃឈើមានប្រយោជន៍ខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលមាន ៣៥០០គ្រួសារ ដែលរស់នៅរំពឹងលើអនុផលព្រៃឈើ។ ម្យ៉ាងទៀតសហគមន៍ព្រៃឈើនេះនឹងផ្តល់ជាប្រយោជន៍ថ្នាក់ជាតិ ពាក់ព័ន្ធនឹងការទូទាត់ឥណទានកាបូនផងដែរ។
លោកឡុង រតនៈកុមារអនុប្រធាននាយកដ្ឋានព្រៃឈើ និងព្រៃសហគមន៍នៃរដ្ឋបាលព្រៃឈើបានថ្លែងអបអរចំពោះជ័យលាភីរបស់ព្រះតេជព្រះគុណប៊ុន សាលួត។ លោករតនៈកុមារអត្ថាធិប្បាយថា ពានរង្វាន់នេះមិនត្រឹមតែជាការលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានអោយបន្តការងារថែរក្សាព្រៃឈើតែមួយនោះទេ។ តែវាក៏ជាការលើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងការគិតគូរ និងផ្តល់ការគាំទ្រដល់សហគមន៍ព្រៃឈើនានានៅកម្ពុជា។ យោងតាមការអះអាងរបស់មន្ត្រីរដ្ឋបាលព្រៃឈើដដែល សហគមន៍សង្ឃរុក្ខវ័ន្តជាសហគមន៍ដែលមានទំហំធំជាងគេក្នុងចំណោមសហគមន៍ព្រៃឈើទាំង ១២ដែលរដ្ឋាភិបាលបានចេញប្រកាសទទួលស្គាល់ ហើយបានប្រគល់ការគ្រប់គ្រងទៅអ្នកដឹកនាំសហគមន៍មូលដ្ឋាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ