អានតួអត្ថបទ
កម្ពុជា

មួរ សុខហួរ៖​រឹបអូស​ប្រាក់ខែ​បានតែ​ខ្ញុំមិនផ្លាស់ប្តូរ​ជំហរទេ​

ដោយសារ​តែ​លោកស្រី​មួរ សុខហួរ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​មិន​ព្រម​បង់ប្រាក់​សង​ជំងឺចិត្ត​ទៅ​អោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​​តាម​ការ​សម្រេច​របស់​តុលាការ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​រឹបអូស​កាត់​ប្រាក់​បំណាច់​រដ្ឋសភា​របស់​លោក​ស្រី​មួរ សុខហួរ។លោកស្រី​មួរ សុខហួរ​អត្ថាធិប្បាយ​ថា​តុលាការ​អាច​បង្ខំ​កាត់យក​ប្រាក់​បំណាច់​របស់​លោកស្រី​បាន តែ​មិន​អាច​អោយ​លោក​​ស្រី​ផ្លាស់ប្តូរ​ជំហរ​របស់​លោកស្រី​បាន​ឡើយ។ 

លោក​ស្រី​ មូរ សុខហួរ
លោក​ស្រី​ មូរ សុខហួរ ©លាង​ ដឺលុច
ផ្សាយពាណិជ្ជកម្ម

01:48

សេចក្តីរាយការណ៍​របស់​ លាង​ដឺលុច

ចៅក្រម​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញដីកា​មួយ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កក្ដដា សម្រេច​កាត់​យក​ប្រាក់​បំណាច់​រដ្ឋសភា​របស់​លោកស្រី​មួរ ហុខហួរ​ដើម្បី​ផ្តល់​ទៅ​អោយ​ដើមបណ្តឹង​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់​ពី​លោកស្រី​មួរ សុខហួរ​ចាញ់​ក្តី ហើយ​មិន​ព្រម​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​នោះ។ លោក​ចៅក្រម​ជា សុខហៀង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​រឹបអូស​ប្រាក់​របស់​លោកស្រី​មួរ សុខ​ហួរ​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ​របស់​រដ្ឋសភា​ក្នុង​មួយ​ខែ​ចំនួន​៤​លាន​២​សែន​រៀល ដែល​មាន​តំលៃ​ប្រហាក់ប្រហែល​១០០០​ដុល្លារ។ យោង​តាមការ​បង្ហាញ​របស់​ចៅក្រម​ជា សុខហៀង តារាង​ប្រាក់​បំណាច់​សរុប​របស់​លោកស្រី​មួរ សុខហួរ​ចុះ​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១០ មាន​ចំនួន​៧​លាន​៣​សែន​រៀល​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​១៨០០​ដុល្លារ។

 
យោងតាម​ការ​សម្រេច​របស់​ចៅក្រម ការ​កាត់​រឹបអូស​យក​ចំណែក​នៃ​ប្រាក់​បំណាច់​សភា​របស់​លោកស្រី​មួរ សុខហួរ​នឹង​ត្រូវ​អនុវត្ត​រហូត​ដល់​គ្រប់​ចំនួន​ប្រាក់សំណង​ជំងឺចិត្ត។ តុលាការ​បាន​សម្រេច​អោយ​លោក​ស្រី​មួរ សុខហួរ​បង់ប្រាក់​សំណង​ជំងឺចិត្ត​នេះ​ចំនួន​៨​លាន​រៀល​ទៅ​អោយ​លោក​នាយក​រដ្ឋមន្ត្រី។ យោងតាម​ដីកា​សម្រេច​រឹបអូស​កាត់​ប្រាក់​ខែ​របស់​លោកស្រី​មួរ សុខហួរ​ដដែល ចៅក្រម​បាន​បញ្ជាក់​មិន​អោយ​លោកស្រី​មួរ សុខហួរ​រារាំងឬ​ហាមឃាត់​មន្ត្រី​ទទួល​បន្ទុក​បើក​ប្រាក់​បៀវត្ស​នៅ​រដ្ឋសភា​ចំពោះ​សិទ្ធិ​លើ​បំណុល​ដែល​ត្រូវ​រឹបអូស​នោះ​ឡើយ។

ចំពោះ​បញ្ហា​នេះ លោកស្រី​មួរ សុខហួរ​បាន​អត្ថាធិប្បាយ​ថា នេះ​ជា​ការ​អនុវត្ត​ដោយ​បង្ខំ​របស់​តុលាការ​ដែល​លោកស្រី​មិន​អាច​ជំទាស់​បាន។ លោកស្រី​បាន​បញ្ជាក់​ថា តុលាការ​អាច​រឹបអូស​ប្រាក់​បំណាច់​របស់​លោក​ស្រី​បាន។ ក៏​ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​លោកស្រី​យល់ព្រម​ចាញ់​ក្តី​មួយ​នេះ​នោះ​ទេ។ លោកស្រី​មួរ សុខហួរ​បន្តថា​ជំហរ​លោកស្រី​នៅ​ដដែល ដោយចាត់​ទុក​ថា​ការ​កាត់ក្តី​នេះ​មិន​យុត្តិធម៌ ហើយ​លោកស្រី​អំពាវនាវ​អោយ​តុលាការ​ត្រូវ​សឯករាជ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ