អានតួអត្ថបទ
កម្ពុជា

ហ៊ុន សែន៖​"អ្នកចាប់ខ្លួនហ៊ុន សែន​នឹងត្រូវទទួលបាន​ការឆ្លើយតប​ដោយកំលាំង​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​នេះ។ បើ​តាម​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី គណបក្ស​ប្រឆាំង​បាន​ឆ្លៀត​ឱកាស​ពិភាក្សា​គ្នា​ជុំ​វិញ​បញ្ហា​សុខភាព​របស់​លោក ហើយ​ថា​បាន​បញ្ចេញ​មតិ​សង្ស័យ​ថា លោក​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​ផង។ ការ​ពិភាក្សា​លើ​ប្រធានបទ​នេះបាន​តម្រូវ​អោយ​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចេញ​មុខ​ប្រតិកម្មនិង​បំភ្លឺ។

លោក​នាយក​រដ្ឋមន្ត្រី​ប្រាប់​ថា​លោក​ដឹង​ទាំងអស់ លោក​បាន​លឺ​ទាំង​អស់
លោក​នាយក​រដ្ឋមន្ត្រី​ប្រាប់​ថា​លោក​ដឹង​ទាំងអស់ លោក​បាន​លឺ​ទាំង​អស់ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

03:36

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា​នេះ ក្នុង​វេទិកា​សម្ពោធ​អគារ និង​ចែក​សញ្ញា​ប័ត្រ​​ដល់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ស្វាយរៀង លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ប្រាប់​អោយ​ដឹង​ថា នៅក្នុង​អំឡុងពេល​ដែល​លោក​មាន​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​​ប្រឆាំង​ដែល​គេ​អាច​យល់​បាន​ថា ជា​គណបក្ស​សម រង្ស៊ីបាន​បើក​ការ​ប្រជុំ​និយាយ​អំពី​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​គណក្ស​ប្រឆាំង​មួយ​ទៀត។ លោក​ហ៊ុន សែន​បញ្ជាក់​ថា មុន​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​និយាយ​ពី​ប្រធានបទ​ចងសម្ព័ន្ធភាព​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ពិភាក្សា​គ្នា​អំពី​ករណី​របស់​លោក។

 
លោក​នាយក​រដ្ឋមន្ត្រី​ប្រាប់​ថា​លោក​ដឹង​ទាំងអស់ លោក​បាន​លឺ​ទាំង​អស់​​ថា អ្នកណា​និយាយ​អ្វីៗ។ លោក​ហ៊ុន សែន​ថ្លែង​ថា នៅ​ពេល​ប្រជុំ​នោះ មន្ត្រី​គណបក្ស​ប្រឆាំង​ខ្លះ​និយាយ​ថា លោក​មាន​បញ្ហា​ភ្នែក​ទេ។ មន្ត្រី​ខ្លះ​ទៀត​លើកឡើង​ថា លោក​ត្រូវ​គេ​ចាប់​ខ្លួន​យក​ទៅ​បរទេស។ ហើយ​ថា អ្នកខ្លះ​ទៀត​សង្ស័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ។ ការ​អត្ថាធិប្បាយ​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​អោយ​លោក​ហ៊ុន សែន​ទ្រាំ​មិន​បាន ហើយ​ត្រូវ​ចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ​តែ​ម្តង។ ព្រោះ​វា​ប៉ះពាល់​ទៅ​ដល់​អំណាច​និង​តួនាទី​របស់​លោក។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ការ​សន្និដ្ឋាន​នានា​របស់​ក្រុម​គណបក្ស​ប្រឆាំង​ថា ជា​ការ​សន្និដ្ឋាន​ឆោតល្ងង់ និង​ថា​ជាការ​ធ្វើ​តេស្ត​តែ​ប៉ុណ្ណោះ។ ប្រមុខ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ទៅ​ក្រុម​គណបក្ស​ប្រឆាំង​ថា បើ​សង្ស័យ​ថា​លោក​ត្រូវ​បាន​គេ​ចាប់​ហើយ​នោះ ហេតុអ្វី​មិន​បញ្ចេញ​សកម្មភាព​ធ្វើ​បាតុកម្ម​តែ​ម្តង​ទៅ? ​លោក​ហ៊ុន សែន​បាន​ពន្យល់​ថា ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួនមែន​នោះ នោះ​វា​មាន​ន័យ​ស្មើនឹង​រដ្ឋ​ប្រហារ​យោធា​ហើយ។ ហើយ​ការ​ផ្ទុះ​អាវុធ​ក៏​ត្រូវ​តែ​បានចាប់ផ្តើម​ដែរ។ពីព្រោះ​ថា បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី គ្មាន​អ្នកណា​ហ៊ាន​ចាប់​ហ៊ុន សែន​ទេ។ គឺ​មាន​តែ​លោក​ចាប់​ខ្លួន​គេវិញ។ មក​ដល់​ត្រង់​នេះ លោក​ហ៊ុន សែន​បាន​ស្រែក​ព្រមាន​តែម្តង​ថា អ្នកណា​ក៏​ដោយ​ចុះ ដែល​ចង់​ទំលាក់​លោក​ដោយ​មិន​ស្របច្បាប់ នឹង​ត្រូវ​ទទួល​បាន​ការ​ឆ្លើយ​​តប​ដោយ​កំលាំង​អាវុធ។ លើស​ពីនេះ​ទៀត​លោក​នាយក​រដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​រហូត​ដល់​ថា ឆ្ពោះ​ទៅ​កាន់​តំណែង​រហូត​ដល់​ឆ្នាំ​២០២៨​ទៀត​ផង។

អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី លោក​យឹម សុវណ្ណ​ហាក់ដូច​ជា​មិន​ភ្ញាក់ផ្អើល​អ្វី​ទៅ​នឹង​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឡើយ។ ទាក់ទងនឹង​ការ​បើក​កកាយ​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​គណបក្ស​សម រង្ស៊ី​ដែល​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ដឹង​នោះ ក៏​លោក​យឹម សុវណ្ណ​តាម​បែប​ម្យ៉ាង​ថា គណបក្ស​លោក​ជា​គណបក្ស​ប្រជាធិបតេយ្យ គ្មាន​អ្វី​ជា​ការ​សម្ងាត់​ទេ។ ហើយ​ថា អ្នកណា​ក៏​អាច​ចូល​ស្តាប់​កិច្ចប្រជុំ​នៅក្នុង​បក្ស​របស់​លោក​បាន​ដែរ។

ហើយ​បើ​អត្ថាធិប្បាយ​លើ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ថា​កាន់​អំ​ណាច​​ដល់​ឆ្នាំ​២០២៨​នោះ លោក​យឹម សុវណ្ណ​និយាយ​ថា បើ​ប្រជា​ពល​រដ្ឋ​បោះឆ្នោត​គាំទ្រ​លោក​ហ៊ុន សែន​រហូត​នោះ ហើយ​មាន​ការ​បោះ​ឆ្នោត​​​ដោយ​សេរី យុត្តិធម៌ គ្មាន​ការ​បន្លំ​សន្លឹកឆ្នោត ទិញ​សន្លឹក​ឆ្នោត​នោះ ក៏​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ