អានតួអត្ថបទ
កម្ពុជា-ថៃ

ប្រាសាទ​តាក្របី​ស្ថិតក្នុង​ដីខ្មែរ​

ក្រសួង​ការបរទេស​កម្ពុជា​ទើប​បាន​ឆ្លើយតប​កំណត់ទូត​របស់​ក្រសួង​ការបរទេស​ថៃ​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ ច្រានចោល​ការ​អះអាង​របស់​រដ្ឋាភិបាល​ថៃ​ដែល​ថា កម្ពុជា​បាន​សង់​កន្ត្រក​យោង​ឡើង​ភ្នំ​ក្បែរ​ប្រសាទ​តាក្របី​នៅក្នុង​ទឹកដី​ថៃ។ កម្ពុជា​បាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​ថៃ​ចេះ​តែ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។ 

ប្រាសាទ​តាក្របី
ប្រាសាទ​តាក្របី ©រក្សាសិទ្ទិ/RFI
ផ្សាយពាណិជ្ជកម្ម

04:10

សេចក្តីរាយការណ៍របស់​ លាងដឺលុច​ ពី​ទីក្រុង​ភ្នំពេញ

ក្រសួង​ការបរទេស​ថៃ​បាន​ធ្វើ​កំណត់ទូត​ផ្ញើ​មក​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​តាំង​ពី​ថ្ងៃ​៩​ខែ​មេសា​មក​ម្លេះ។ ខ្លឹមសារ​នៃ​កំណត់ទូត​របស់​ក្រសួង​ការបរទេស​ថៃ​បាន​សរសេរ​ចោទប្រកាន់​ថា ​កងទ័ព​កម្ពុជា​បាន​សាងសង់​កន្ត្រក​យោង​ឡើង​ភ្នំ​ក្នុង​តំបន់​ប្រាសាទ​តាក្របី​នៅក្នុង​ទឹកដី​ថៃ​របស់​គេ។

គួររ​បញ្ជាក់​ថាតំបន់​ខ្សែ​ព្រំដែន​កម្ពុជា​ថៃ​ភាគច្រើន​គឺ​ជា​តំបន់​ជួរភ្នំ​ដងរែក។​ហើយ​ជា​លក្ខណៈ​ភូមិសាស្ត្រ​នោះ គឺ​ប៉ែក​ខាង​កម្ពុជា​មាន​លក្ខណៈ​ចោទ​ខ្លាំង។អីចឹង​ហើយ​ក្នុង​រយៈ​ពេល​នៃ​ការ​តស៊ូ​ប្រឆាំង​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​កន្លងមកហើយ​ដែល​កងទ័ព​ខ្មែរ​ត្រូវ​នៅ​តាំងទី​ប្រចាំ​ការ​តាម​តំបន់​លើ​ភ្នំ​ទាំងនោះ កងទ័ព​កម្ពុជា​នៅតាម​កន្លែង​មួយចំនួន ដូចជា​នៅ​តំបន់​ភ្នំ​ទ្រព្យ នៅ​តាមាន់ ក៏​ដូច​នៅ​ខាង​ប្រាសាទ​តាក្របី​នោះកងទ័ព​បាន​ធ្វើ​ជា​កន្ត្រក​យោង​ពី​ក្រោម​ឡើង​ទៅ​លើ​ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​ប្រើប្រាស់​នៅ​ទី​ប្រចាំការ​នៅលើ​ជួរ​ភ្នំ។

សេចក្តី​ពន្យល់​របស់​កម្ពុជា​ដូច​រាល់​ដង​ដែរ គឺ​យោង​តែ​ទៅ​លើ​ឯកសារ​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។ កម្ពុជា​បាន​ច្រានចោល​យ៉ាង​ដាច់​អហង្ការការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ថៃ ដែល​ថា​ប្រាសាទ​តាក្របី និង​ការ​សាងសង់​ខ្សែ​រ៉ក​យោង​កន្ត្រក​ឡើង​លើ​ភ្នំ​នោះ ស្ថិត​នៅក្នុង​បូរណភាព​ដែនដី​ថៃ។

នៅក្នុង​កំណត់ទូត​របស់​ខ្លួន​ដែល​បាន​សរសេរ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ថៃ​វិញ​កាល​ពី​ថ្ងៃ​ទី​៣០​មេសា ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា ប្រាសាទ​តា​ក្របី​ពិត​ជា​ស្ថិត​នៅ​ក្នុង​បូរណភាព​ដែនដី​ខ្មែរ នេះ​ដោយ​យោង​ទៅ​លើ​ទី​១ សន្ធិសញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៧ ទី២​ គឺ​ផែនទី​ខ្នាត​១លើ៥០ពាន់ ដែល​ព្រមព្រៀង​គ្នា​ដោយ​ក្រុម​បច្ចេកទេស​ស្វែងរក​បង្គោល​ព្រំដែន​កម្ពុជា​ថៃ និង​ទី​៣​ សូម្បី​តែ​ផែនទី​ឯកតោភាគី​របស់​ថៃ ដែល​ជា​ផែនទី​មិន​ផ្លូវការ មិន​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នោះ ក៏​បង្ហាញ​ថា ប្រាសាទ​តា​ក្របី​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា​ដែរ។​ នេះ​និយាយ​ពី​ប្រាសាទ​តា​ក្របី។ បើ​និយាយពី​កន្ត្រក​យោង​ឡើង​លើ​ដែល​ថៃ​ជំទាស់​នោះ​វិញ ក្រសួង​ការបរទេស​កម្ពុជា​បាន​សរសេរ​ឆ្លើយ​ប្រាប់​ថៃ​វិញ​ថា ខ្សែ​រ៉ក​យោង​កន្ត្រក​ឡើង​លើ​ភ្នំ​នោះ ត្រូវ​បាន​សាងសង់​ជ្រៅ​ក្នុង​ដី​ខ្មែរ​ចំងាយ​៥០០​ម៉ែត្រ​ពី​ប្រាសាទ​តា​ក្របី​មក​ទៀត។ ដូច្នេះ​សរុប​មក​វិញ ទាំង​ប្រាសាទ​តា​ក្របី និង​កន្ត្រក​យោង គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ