អានតួអត្ថបទ
កម្ពុជា​-​ថៃ

សង្គម​ស៊ីវិល​​​ប្រឆាំង​​នឹង​ការ​ប៉ុនប៉ងដក​បង្គោល​ព្រំដែន​កម្ពុជា​-​ថៃ

ក្រុមអង្គការ​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា ចំនួន ៥៨ ស្ថាប័ន បានចេញ​ សេចក្តី​ថ្លែង​ការណ៍​រួម ដើម្បី​ថ្កោលទោស និងប្រឆាំង​​ក្រុម​បាតុករ​អាវលឿង ដែល​គាំទ្រ​រដ្ឋាភិបាល​​ថៃ ចំពោះ​ការប៉ុនប៉ង​ដក​បង្គោល​ព្រំដែន​នៅ​ជិត​ប្រាសាទ​តាមាន់​របស់​ កម្ពុជា នា​ដើម​ខែ​ឧសភា​ខាងមុខ។​ 

ជនជាតិ​ថៃ​អាវ​ពណ៌​លឿង​បាននាំ​គ្នាតវ៉ា​នៅ​ក្បែរ​ព្រំ​ដែន​កម្ពុជា
ជនជាតិ​ថៃ​អាវ​ពណ៌​លឿង​បាននាំ​គ្នាតវ៉ា​នៅ​ក្បែរ​ព្រំ​ដែន​កម្ពុជា ©Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​សមាគម​អង្គការ​ក្រៅរដ្ឋាភិបាល និង​សហជីព​កម្ពុជា ដែល​មាន​​ជំហរ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​ប្រធាន​គណៈកម្មការ​បណ្តាញ​ប្រជាជន​ថៃ​ប្រឆាំង​អំពើ​ពុករលួយ លោក វីរៈ សុម​ខ្វាមឃិត ដែល​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១០ ចុះ​ផ្សាយ​តាម​រយៈ​បណ្តាញ​​ព័ត៌មាន​ថៃ​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រមូលផ្តុំ​នៅ​ប្រាសាទ​តាមាន់​តូច នៅ​ថ្ងៃ​ទី​១ ខែ​​ឧសភា ក្នុង​គោល​បំណង​ដក​បង្គោល​ព្រំដែន​កម្ពុជា​-ថៃ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១០​ ខាងមុខ។​

ការលើក​ឡើងនេះ ​ត្រូវ​បាន​ក្រុម​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព​កម្ពុជា បាន​​ចាត់​ទុក​ថា ជា​ការលើក​ឡើង​យ៉ាង​ងងឹត​ងងុល របស់​ពួក​វង្វេង​ប្រវត្តិសាស្ត្រ​ថៃ​មួយ​ក្តាប់​តូច និង​ជា​ទង្វើ​បំពាន​ច្បាប់ ក្នុង​គោលបំណង​ឈ្លានពានទឹកដី​កម្ពុជា។
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​កម្ពុជា ក៏​បាន​កត់សម្គាល់​ថា ទង្វើ​របស់​មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​ថៃ​នេះ បាន​រំលោភ​បំពាន​ដល់​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ទី​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ដែល​ព្រះ​មហាក្សត្រ​ថៃ ក៏​បាន​ទទួល​ស្គាល់ និង​គោរព​កន្លង​មក។ ម្យ៉ាងវិញ​ទៀត ទង្វើ​របស់​មេដឹកនាំ​សង្គមស៊ីវិល​ថៃ​នេះ ជា​ឧបករណ៍​បង្ក​ភាព​តានតឹង​ផ្នែក​នយោបាយ​បន្ថែម​ទៀត​រវាង​កម្ពុជា​-ថៃ ហើយ​ក៏​ដើម្បី​បិទបាំង​នូវ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រទេស​​ថៃ ដោយ​បង្វែរ​សភាពការណ៍​វិបត្តិ​ផ្ទៃ​ក្នុង​ថៃ មក​ជា​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​វិញ។​

សេចក្តី​ថ្លែង​ការណ៍​រួម ដែល​ធ្លាក់​ដល់ដៃ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១០ បាន​គូស​បញ្ជាក់​ថា យោង​តាម​កំណត់​ហេតុ​នៃ​ការ​បោះ​បង្គោល​សីមា​លេខ ២៣ លើ​តំបន់ ៤ នៃ​គណៈកម្មការ​ខណ្ឌ​សីមា​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ឆ្នាំ​១៩០៨ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជុំ​ប្រាសាទ​តាមាន់ ស្ថិត​នៅក្នុង​ដែនដី​ប្រទេស​កម្ពុជា។​

           
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា ក៏​បាន​បញ្ជាក់​នូវ​ការគាំទ្រ​ជំហរ​ម៉ឹង​ម៉ាត់​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការអនុវត្តន៍​សិទ្ធិ​ស្វ័យ​ការពារ​បូរណភាព​ទឹកដី នៅ​ចំពោះមុខ​សត្រូវ​ឈ្លានពាន​បរទេស ដែល​តែងតែ​ប៉ុនប៉ង​លេប​ត្របាក់​ទឹកដី​កម្ពុជា។​ នោះ​គឺ​កង​ទាហាន​កម្ពុជា ត្រូវ​ប្រើ​ប្រាស់​នូវ​គ្រាប់​កាំភ្លើង ទប់​ទល់​នឹង​បាតុករ​ថៃ ប្រសិន​បើ​បង្ក​បញ្ហា​នៅ​ព្រំដែន​កម្ពុជា​-ថៃ ដែល​កំពុង​មាន​ជម្លោះ។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ក៏​ត្រូវ​បាន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា ប្រកាស​យក​ថ្ងៃ​១៥​កក្កដា ជា​ថ្ងៃ​ចង​កំហឹង ចំពោះ​ព្រឹត្តិការណ៍​កង​ទាហាន​ថៃ ដែល​បាន​ចូល​ឈ្លាន​ពាន រំលោភ​លើ​បូរណភាព​ទឹកដី​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០០៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ