អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ទទួល​បាន​មេដាយ ១៦ ពី​ការប្រកួត​កីឡាស៊ីហេ្គម

កីឡាករ​កម្ពុជា​កំពុង​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​១៨​នៅក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឥណ្ឌូណេស៊ី។ គិត​មក​ដល់​រសៀល​ថ្ងៃ​អង្គារ ​ទី​១៥​វិច្ឆិកា កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៦​ ដែល​ក្នុងនោះ ​រួមមាន​មេដាយ​មាស​១ មេដាយ​ប្រាក់​៦ និង​មេដាយ​សំរឹទ្ធ៩ ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៦​នេះ។ រហូត​ដល់​ពេល​នេះ គឺ​មាន​តែ​ក្រុម​កីឡាករ​បាល់ទាត់​តែ​មួយ​ប៉ុណ្ណោះ​ដែល​បាន​ចាញ់​ការ​ប្រកួត ហើយ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ។

កីឡាករ កីឡាការិនី​ខ្មែរ​ដែល​ទទួលបាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ នៅ​ស៊ីហ្គេម
កីឡាករ កីឡាការិនី​ខ្មែរ​ដែល​ទទួលបាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ នៅ​ស៊ីហ្គេម CAMNOC
ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​អង្គារ ​ទី​១៥​វិច្ឆិកា​នេះ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៦​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហេ្គម ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ មេដាយ​ទាំង​នោះ​រួម​មាន មេដាយ​មាស​១ មេដាយ​ប្រាក់​៦ និង​មេដាយ​សំរឹទ្ធ​៩។ គឺ​កីឡាករ​អាយុ​២៦​ឆ្នាំ​ឈ្មោះ លី បូរាមី​ ដែល​ដណ្តើម​បាន​មេដាយ​មាស ​ក្នុង​វិញ្ញាសា​វ៉ូវីណាម។ តាម​គម្រោង​ កីឡាករ កីឡាការិនី ​ដែល​ដណ្តើម​បាន​មេដាយ​មាស​នឹង​ទទួលបាន​ប្រាក់​រង្វាន់​១៥០០០ដុល្លារ​ពី​រដ្ឋាភិបាល និង​អ្នក​ឧបត្ថម្ភ​នៅ​ក្នុង​ប្រទេស។

អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន​ បាន​ប្រាប់​អោយ​ដឹង​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មក​ថា នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ កីឡាករ កីឡាការិនី​កម្ពុជា​កំពុង​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​ជាច្រើន​ ហើយ​​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​មេដាយ​ទាំង​បី​កម្រិត​បន្ថែម​ទៀត។ នៅ​ថ្ងៃ​នេះ​កីឡាករ​កម្ពុជា​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ប្រដាល់ តៃខ្វាន់ដូ និង​ចំបាប់​ជាដើម។

គួរ​រំឭក​ថា កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​ទាំង​អស់​ចំនួន​២០។ ក្រៅ​ពី​ការ​ប្រកួត​កីឡា​បាល់ទាត់ ​ដែល​កម្ពុជា​បាន​ចាញ់​ ហើយ​ត្រឡប់​មក​មាតុប្រទេសវិញ​ហើយ​នោះ កម្ពុជា​កំពុង​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​១៧​ នៅ​ពេល​នេះ។ នៅ​សល់​២​វិញ្ញាសា​ទៀត ​ដែល​កម្ពុជា​មិន​ទាន់​ចូល​ប្រកួត​ ដែល​ក្នុង​នោះ​មាន​កីឡា​អុំទូក​ប្រពៃណី។

ក្រៅពី​ការ​ប្រកួត លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក៏​បាន​អះអាង​អោយ​ដឹង​ដែរ​ថា កីឡាករ កីឡាការិនី​កម្ពុជា​មាន​សុខភាព​ល្អ​ជាទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ