អានតួអត្ថបទ
កម្ពុជា

​សហជីព​ថា​ កម្មករ​ ៨0​ភាគ​រយ​មិន​ចូល​ធ្វើការ​ តែ​ថៅកែ​ថា ​រោងចក្រ​មិន​ទាន់​បើក​ទ្វារ

នៅ​ថ្ងៃទី១៧ មេសា នេះ ជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនា​ការមិន​ចូលធ្វើការ​របស់​ក្រុម​សហជីព និង កម្ម​ករ ដើម្បី​ទាមទារឲ្យ​ដោះ​លែង​អ្នក​ជាប់ឃុំ និង ដំឡើង​ប្រាក់ខែ​ឲ្យ​បាន១៦០ដុល្លារ។សហ​ជីព​បាន​អះ​អាង​ថា នៅថ្ងៃនេះ​កម្មករ​ប្រមាណ 80 ភាគរយ​មិន​ចូលធ្វើការ​នោះទេ។ ប៉ុន្តែ ក្រុម​ថៅ​កែ​រោង​ចក្រ​វិញអះអាងថា រោងចក្រ​ភាគច្រើន​នៅ​មិនទាន់​បើក​ដំណើរការ​នៅឡើយ ។

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
ផ្សាយពាណិជ្ជកម្ម

សហជីព​បាន​អះអាងថា កម្មករ កម្មការិនី​ជាច្រើន​បាន​ចូលរួម​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី ១៧ មេសា នេះ​រហូតដល់​ថ្ងៃទី ២២ មេសា ។ លោក ជា មុនី​ប្រធាន​សហជីព​សេរី​កម្មករ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី ១៧ មេសា នេះ​ថា នៅថ្ងៃនេះ​កម្មករ កម្មការិនី​ប្រមាណ ៨០ ភាគរយ​មិនបាន​ចូលធ្វើការ​នោះទេ។ ប្រធាន​សហជីព​រូបនេះ បាន​លើកឡើងថា កម្មករ កម្មក​រិ​នី​នឹង​បន្ត​ឈប់សម្រាក​រហូតដល់​ថ្ងៃទី ២១ មេសា ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ទាំង ២១ នាក់ និង ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ដុល្លារ​ក្នុង​មួយខែ។

ក៏ប៉ុន្តែ​លោក កេ​ន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ឆ្លើយតប​ថា វា​មិនមែនជា​ការពិត​នោះទេ។យ៉ាងណាក៏ដោយ លោក ទទួល​ស្គាល់​ថា ថ្ងៃនេះ​កម្មករ កម្មការិនី ប្រមាណ ៧០ភាគរយ​មិន​មក​ធ្វើការ​មែន។ មិន​មក​ធ្វើការ​គឺ​ដោយសារតែ​រោងចក្រ​ភាគច្រើន​មិនទាន់​ដំណើរការ មិនមែន​ចូលរួម​ធ្វើពហិកា​ដូច​ការ​លើក​ឡើង​របស់​សហជីព​នោះទេ។ លោក កេ​ន លូ បាន​លើកឡើងថា នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ ទើប​រោងចក្រ​កាត់ដេរ​បើក​ដំណើរ​ធម្មតា​ឡើងវិញ ហើយ លោក​គិតថា ប្រហែល​មានកម្ម​ករ កម្មការិនី ១០ភាគរយ​ប៉ុណ្ណោះ​ដែល​នឹងធ្វើ​ពហិកា​មិន​ចូលធ្វើការ។

កាលពីមុន​បុណ្យចូលឆ្នាំ សមាគម​រោងចក្រ​កាត់ដេរ​បានចេញ​ផ្សាយ​ការវិភាគ​ផ្លូវច្បាប់​មួយ​ដោយ​ព្រមាន​ថា ការធ្វើ​ពហិការ​មិន​ចូលធ្វើការ​ដោយ​ឈប់សម្រាក​នៅផ្ទះ​ជា​រឿង​ខុសច្បាប់​ព្រោះ​វា​មិនមែនជា​កូដកម្ម​ទេ។ កម្មករ​ទាំងនោះ​អាចនឹងទទួល​ពិន័យ​ឬ​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់។

យ៉ាងណាក៏ដោយ លោក ជា មុនី បាន​ព្រមាន​តប​វិញ​ថា ប្រសិនបើ​ការតវ៉ា​របស់​កម្មករ កម្ម​ការិនី​នៅពេលនេះ​នៅតែ​មិនមាន​ដំណោះស្រាយ​ទៀត​នោះ សហជីព និង កម្មករ​នឹង​រៀបចំ​យុទ្ធនាការ​ធំ​មួយ​នៅ​ថ្ងៃ ទី០១ ឧសភា ខែក្រោយ​នេះ។

ប៉ុន្តែ​លោក កេ​ន លូ បាន​និយាយថា កម្មករ កម្មការិនី​មុន​ធ្វើ​អ្វី​ត្រូវ​គិត​ឲ្យ​បានច្បាស់លាស់​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​សហជីព កុំ​ធ្វើ​ខុសច្បាប់ និង ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ