អានតួអត្ថបទ
កម្ពុជា

គណៈអចិន្ត្រៃយ៍​លើក​របៀប​វារៈ​បោះឆ្នោត​សមាជិក​គណៈកម្មការ​ជំនាញ​សភា​ថ្ងៃ​ទី​៨​តុលា​

ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​​ដើម្បី លើក​របៀប​វារៈ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្នុង​គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា។ លោកជាម យៀប​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​បាន​អះអាង​ថា រដ្ឋសភា​នឹង​ផ្តើម​ដំណើរ​ការ​ ភារកិច្ច​របស់​ខ្លួន​បាន​ពេញ​លេញ​ បន្ទាប់​ពី​ការ​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ហើយនោះ។

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​រសៀល​ថ្ងៃអង្គារ​ទី​៨​តុលា​សប្តាហ៍​ក្រោយ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​លើក​របៀប​វារៈ​ដាក់​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជាម យៀប ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ​បាន​បន្ត​ថា ស្ថានប័​នីតិបញ្ញត្តិ​មួយ​នេះ​នឹង​អាច​ដំណើរការ​ការងារ​របស់ខ្លួន​បាន​ពេញលេញ បន្ទាប់ពី​មាន​សមាជិក​នៅ​តាម​គណៈកម្មការ​ជំនាញ​ហើយនោះ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជាម​ យៀប​ដដែល ដោយសារ​តែ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មិន​បាន​កោះ​ប្រជុំ​លើក​របៀប​វារៈ​ស្តីពី​ការ​បោះឆ្នោត​រើស​សមាជិក​គណៈកម្មការ​ជំនាញ ភា្លម​ៗ​បន្ទាប់​ពី​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង​ក្បាល​ម៉ាស៊ីន​កាល​ពី​ថ្ងៃ​ទី​២៤​កញ្ញា​កន្លង​ទៅ​នោះ។

ការ​បោះឆ្នោត​រើស​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​មិន​មាន​ការ​ចូល​រួមពី​គណបក្ស​ជំទាស់​នោះឡើយ ដែល​ធ្វើ​អោយ​ស្ថាប័ន​កំពូល​របស់​ប្រទេស​កម្ពុជា​ត្រូវ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​តែ​ម្នាក់​ឯង។

នៅ​សប្តាហ៍​ក្រោយ​នេះ​ទៀត ប្រសិន​បើ​គ្មាន​ការ​វិវត្ត​ផ្នែក​នយោបាយ​ណា​នោះទេ សមាជិក​​គណៈកម្មការ​ជំនាញ​ទាំង​៩​នោះ ក៏​សុទ្ធតែ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែរ។
គួរ​រម្លឹកថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោ​ក សម រង្ស៊ី​ធ្លាប់​បាន​ប្រកាស​ទាមទារ​តំណែង​រដ្ឋសភា​ដើម្បី​អោយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ដឹកនាំ ដើម្បី​បង្កើត​អោយ​មាន​តុល្យភាព​អំណាច​ ទល់​នឹង​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​ដឹកនាំ​រដ្ឋាភិបាល។ ហើយ​ថា ការ​បង្កើត​តុល្យភាព​អំណាច​នេះ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​អន្តរកាល​មួយ​នៃ​ការ​ស្វែង​រក​ភាព​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត តែ​ប៉ុណ្ណោះ​ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​សម រង្ស៊ី​ដដែល។

ប៉ុន្តែ​ត្រង់ចំនុច​នេះ គណបក្ស​ប្រជាជនកម្ពុជា​មិន​បាន​យល់​ព្រម​ឡើយ។ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ហើយ ដោយ​យោង​តាម​មូលដ្ឋាន​នៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ប្រកាស​ដោយ​ គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នោះ គណបក្ស​ប្រជាជនកម្ពុជា​ព្រម​ប្រគល់​តំណែង​អនុប្រធាន​រដ្ឋសភា​មួយ តំណែង​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៤ និង​អនុប្រធាន​គណៈកម្មការ​ចំនួន​៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ