អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន​ប្រកាស​ចាប់​ផ្តើម​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​

លោក​ ខៀវ ​កា​ញា​រីទ្ធ ​​រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌​មាន​​​បាន​ប្រកាស​​ចាប់​​ផ្តើម​ធ្វើ​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​បាន​​ព័ត៌មាន​​ហើយ​​ បន្ទាប់​ពី​​គម្រោង​​រៀប​ចំ​​ច្បាប់​​នេះ​​ត្រូវ​បាន​​សិក្សា​ និង​​ចូល​រួម​​ពិភាក្សា​​​ពី​​ស្ថាប័ន​​ពាក់​ព័ន្ធ​​នានា​​រួច​មក​។ ​លោក​ រដ្ឋ​មន្ត្រី​​បាន​ប្រកាស​​ដូច្នេះ​​ នៅ​ក្នុង​​ពិធី​​ចុះ​ហត្ថ​លេខា​​លើ​​អនុស្សរណៈ​​នៃ​​ការ​យោគយល់​​គ្នា ​​រវាង​​ក្រសួង​​ព័ត៌មាន​ និង​​អង្គការ​យូណេស្កូ​ ស្តីពី​​​គម្រោង​​រៀប​ចំ​​ច្បាប់​​សិទ្ធិ​​​ទទួល​បាន​​ព័ត៌មាន នៅ​​ទី​ស្តី​ការ​ក្រសួង​​ព័ត៌មាន ​​នៅ​​រសៀល​​ថ្ងៃសុក្រ​ ទី​ ៣០​ ឧសភា​​នេះ​។ ​អង្គការ​​យូ​ណេ​ស្កូ ​និង​ប្រទេស​​ស៊ុយ​អែត ​ក៏​​នឹង​ចូល​រួម​​ជួយ​​ដល់​​ការ​​ធ្វើ​​សេចក្តី​ព្រាង​ច្បាប់​​ថ្មី​​នេះ​​ផង​ដែរ​។​

លោក ខៀវ កាញារីទ្ធ ចុះអនុស្សរណៈជាមួយលោកស្រី ឡឺមែត្រ អាន នាយិកា​អង្គការយូណេស្កូនៅកម្ពុជា។
លោក ខៀវ កាញារីទ្ធ ចុះអនុស្សរណៈជាមួយលោកស្រី ឡឺមែត្រ អាន នាយិកា​អង្គការយូណេស្កូនៅកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​សិក្សា​ស្រាវជ្រាវ និង ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​រួចមក ទីបំផុត​ទៅ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ត្រូវបាន​ប្រកាស​ចាប់​ផ្តើមធ្វើ​សេចក្តីព្រាង​ជា​ផ្លូវការ​ហើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រសួង​ព័ត៌មាន​បានចាប់ផ្តើម​ដំណើរការ​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ក្រសួង​ក៏បាន​ធ្វើ​កិច្ចការ​មួយចំនួន​រួចហើយ​ដែរ​សម្រាប់​ជំហាន​ឆ្ពោះ​ទៅធ្វើ​សេចក្តីព្រាង​នេះ។ ជាមួយ​ការចាប់​ផ្តើមធ្វើ​សេចក្តីព្រាង​នេះ រដ្ឋាភិបាល​ស៊ុយ​អ៊ែត​បាន​ឧ​ប​ត្ថ​ម្ត​ថវិកា​មួយ​លាន​ដុល្លារ​ដើម្បី​ទិញ​សម្ភារៈ និង​ឯកសារផ្សេងៗដើម្បី​ជួយ​ដល់​ដំណើរ​ការធ្វើ​សេចក្តីព្រាងច្បាប់។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​ថា ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ ក្រសួង​នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​រៀបចំ​ចងក្រង​ឯកសារ​នានា ហើយ​ក្រសួង​នឹង​ជួបប្រជុំ​ជាមួយ​តំណាង​អង្គការ​យូណេស្កូ​ ប្រទេស​ស៊ុយ​អ៊ែត តំណាង​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា សមាគម​អ្នកកាសែត និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត​ដើម្បី​រៀបចំ​ច្បាប់​នេះ។

លោក ស្រី អាន់​ណា ម៉ៃ​ហ៊ុល​ហ្គា​ដ ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​កម្ពុជា​ ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការរៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ិ​ទទួលបាន​ព័ត៌មាន​នេះ។ លោកស្រី លើកឡើងថា ច្បាប់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​អនុវត្ត​ន៍​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី ឡឺ​ម៉ែត្រ អាន នាយិកា​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍ថា អង្គការ​យូណេស្កូ​ក៏​នឹង​ចូលរួមចំណែក​ក្នុង​ការធ្វើ​សេចក្តីព្រាងច្បាប់​នេះ​ផងដែរ។ លោកស្រី​បន្តថា អង្គការ​យូណេស្កូ​មាន​វិធីសាស្ត្រ និង​ធ្វើការ​ជិតស្និទ្ធ​​ជាមួយ​ក្រសួង​ព័ត៌មាន​ដើម្បី​ដំណើរការ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ។

យ៉ាងណាមិញ លោក ខៀវ កា​ញា​រីទ្ធ បាន​បញ្ជាក់ថា ការធ្វើ​សេចក្តីព្រាងច្បាប់​នេះ​អាច​នឹង​ត្រូវការ​ពេលវេលា​ប្រមាណ​បី​ឆ្នាំ ហើយ​ការចំណាយ​មិនអាច​កំណត់​បាន​នោះទេ។យ៉ាងណា​ក៏ដោយ​​ ​លោក​រដ្ឋមន្ត្រី​បាន​អះអាងថា ច្បាប់​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​មន្ត្រី​ផ្តល់ព័ត៌មាន​ត្រូវតែ​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត និង​ប្រជាពលរដ្ឋ ហើយ​បើ​មិន​ផ្តល់​នោះទេ​ ​នឹងត្រូវ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ ទទួលរង​វិន័យ​រដ្ឋបាល និង​វិន័យ​ព្រហ្មទណ្ឌ​ផងដែរ។

លោក មឿ​ន ឈាន​ណា​រិ​ទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌​មាន ​បាន​ស្វាគមន៍​ការចាប់​ផ្តើមធ្វើ​សេចក្តីព្រាងច្បាប់​ទទួលបាន​ព័ត៌មាន​នេះ។ ក៏ប៉ុន្តែ​ ​លោក​បាន​លើកឡើង​ថា ច្បាប់​នេះ​គួរ​ចែង​ឲ្យ​ច្បាស់​ពី​ការចាត់​ចំណាត់ថ្នាក់​ព័ត៌មាន ​​ដែលជា​ការសំងាត់​ពិតប្រាកដ និង​មិន​សំងាត់ ​​​​​អាច​ឲ្យ​អ្នកកាសែត និង​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន។

យ៉ាងណាក៏ដោយ លោក មឿ​ន ឈាន​ណា​រិ​ទ្ធ ​​សង្ឃឹមថា នៅពេលដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ​​និង​យកមកប្រើ​ប្រាស់​នេះ វា​មិន​ត្រឹមតែ​លើកស្ទួយ​សិទ្ធ​ិ​ទទួលបាន​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​អាច​ចូលរួម​លើ​កត​ម្តើ​ង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ