អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​រង់​ចាំ​ចម្លើយ​របស់​សង្គ្រោះ​ជាតិមុន​ចេញ​ដំណើរ​ក្នុង​សភា​

គណបក្ស​ប្រជាជនកម្ពុជា​​នៅ​ក្នុង​រដ្ឋសភា​កំពុង​រង់ចាំចម្លើយ​របស់​គណបក្ស​សង្គ្រោះជាតិ​ ថា​នឹង​ចូលបំពេញ​ការងារ​នៅ​ក្នុង​រដ្ឋសភា ឬយ៉ាងណា មុន​នឹង​គណបក្ស​នេះ​សម្រេច​ចេញដំណើរ​អណត្តិ​ការងារ​រដ្ឋសភា​នីតិកាល​ទី​៥។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ក្នុង​រដ្ឋសភា​លោក​ឈាង វុន​បាន​បញ្ជាក់ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​មិនព្រម​ចូល​មក​ក្នុង​រដ្ឋសភាទេ គណបក្ស​លោក​នឹង​បញ្ចូល​សមាជិក​ខ្លួន​ចូល​ទៅ​ក្នុង​គណៈកម្មការ​សភាព​ទាំងអស់។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តើ​រដ្ឋសភា​សព្វ​ថ្ងៃ​កំពុង​ធ្វើ​អ្វី? បន្ទាប់ពី​បាន​បោះឆ្នោត​រើស​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថានប័ន​កំពូល​នេះ ដែល​រួម​មាន​ប្រធាន​ និង​អនុប្រធាន​រដ្ឋសភា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ រដ្ឋសភា​នៅ​មិនទាន់​ដំណើរការ​ការងារ​របស់​ខ្លួន​នៅឡើយទេ ដោយ​នៅរង់ចាំ​សេចក្តីសម្រេច​របស់​គណបក្ស​សង្គ្រោះជាតិ ថា​នឹង​ត្រូវ​ចូល​មក​បំពេញ​ការងារ​ ឬ​ក៏អត់នោះ។ វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​រដ្ឋសភា ដែល​នឹង​អនុញ្ញាតអោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បែងចែក​ភារកិច្ច​ និង​តួនាទី​ដឹកនាំ​នៅក្នុង​រដ្ឋសភា ពិសេស​សមាជិកនៅ​តាម​គណៈកម្មការ​ជំនាញ មុន​នឹង​ផ្តើម​ដំណើរការ​ការងារ​របស់​ស្ថាប័ន​កំពូល​នេះ។

ប៉ុន្តែ នៅពេលនេះ​គណបក្ស​ទាំងពីរ​កំពុង​តែ​​​ចរចារ​តួនាទី និង​ដំណែង​ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ។ ខណៈ​គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ដំណែង​ប្រធាន​រដ្ឋសភា លោកឈាង វុន​ដែលជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​​របស់​លោក​បាន​សម្រេច​បែងចែក​អោយ​គណបក្ស​សង្គ្រោះជាតិ​នូវ​ដំណែង​អនុប្រធាន​រដ្ឋសភា​មួយ ប្រធាន​គណកម្ម​ការ​៤ អនុប្រធាន​គណបក្ស​កម្មការ​៥ ព្រម​ទាំង​លេខា៥​ដែរ។ ប៉ុន្តែ​គេ​ស្តាប់លឺ​សេចក្តី​ថ្លែងការណ៍​របស់លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​នៅ​តាម​សារព័ត៌មាន​កន្លងមក លោក​សម រង្ស៊ី​បាន​ពន្យល់​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ត្រូវ​ដឹកនាំ​រដ្ឋសភា​ដើម្បី​តុល្យភាពអំណាច​ទល់​នឹង​គណបក្ស​ប្រជាជនកម្ពុជា នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ​​ដែល​គណបក្ស​សង្គ្រោះជាតិរបស់​លោក​ត្រូវ​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោតនោះ។

បើគេស្តាប់​លោក​ឈាង វុន​វិញនោះ ការទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទំនង​ជា​នៅឆ្ងាយ​ពី​ការ​យល់ព្រម​របស់​គណបក្ស​ប្រជាជនកម្ពុជា ហើយលោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ស្រេចហើយ ក្នុង​ការ​រៀបចំ​សមាជិក​របស់​ខ្លួន​ដាក់​ចូល​ក្នុង​គណៈ​កម្មការ​ទាំងអស់​ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិន​ព្រម​ចូល​ក្នុង​រដ្ឋសភា​នោះ។ អ្នកនយោបាយ​រូបនេះបន្ត​ថា រដ្ឋសភា​មិន​អាច​ជាប់គាំង​ដោយ​សារ​តែ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​រដ្ឋសភា​ហើយ​នោះទេ។

គួរ​រម្លឹកថា គណបក្ស​សង្គ្រោះជាតិ​កំពុង​រៀបចំ​គម្រោងមហាបាតុកម្ម​ជា​ថ្មី​ទៀត​នៅ​​ថ្ងៃ​ទី​៦​តុលារ និង​នៅ​ថ្ងៃទី​២៣​តុលា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ