អានតួអត្ថបទ
កម្ពុជា

អាមេរិក​ប្រកាស​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ ចន​ ខឺរី​ ​(John Kerry)​ បាន​ផ្ញើ​សារ​​ជូន​ពរ​​ដល់​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​។​ ប្រមុខ​ការ​ទូត​អាមេរិក​ ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ កសាង​អនាគត​មួយ ​ដែល​ប្រ​សើរ​ជាង​នេះ​។ ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ បាន​ស្វាគមន៍​នូវ​សារ​ជូនពរ​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ និ​ង​បាន​វាយ​តម្លៃ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ និង​ភាព​ជា​ដៃ​គូក្នុង​កិច្ច​សហ​ការ​រវាង​កម្ពុជា​ និង​អាមេរិក​លើ​គ្រប់​វិស័យ​។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​ជូន​ជាពិសេស​ដល់​ពលរដ្ឋ​កម្ពុជា ចុះ​ថ្ងៃទី១១ ខែមេសា លោក ច​ន ខឺ​រី បាន​លើក​ថា “ក្នុងនាម​លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​ប្រជាជន​អាមេរិក ខ្ញុំ​មាន​សេចក្តី​សោ​ម​នស្ស​រីករាយ និង​ជូនពរ​មហា​បវរ​ដល់​ប្រជាជន​កម្ពុជា នៅពេលដែល​ពួកគេ​ប្រារព្ធ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មីចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ខែមេសាទៅ"។

ប្រមុខ​ការទូត​អាមេរិក លោក ច​ន ខឺ​រី លើកឡើងថា ចាប់តាំងពី​ពេល​លោក​ធ្វើជា​ប្រធាន​គណៈ​កម្មាធិការ​ទំនាក់ទំនង​ការបរទេសនៃ​ព្រឹទ្ធសភា លោក​បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង ដើម្បី​ជួយ​​ប្រជាជន​កម្ពុជា កសាង​អនាគតដែល​កាន់តែ​ប្រសើរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

លោក​រដ្ឋមន្ត្រីការបរទេស ច​ន ខឺ​រី ជឿជាក់ថា វិថី​ឆ្ពោះទៅកាន់​អនាគតសម្រាប់​កម្ពុជា ដែល​កាន់តែ​ប្រសើរ រួមមាន ការដោះស្រាយ​ភាពឃោរឃៅ នៃ​អតីតកាល​របស់​កម្ពុជា និង​កសាង​អនាគត​មួយ កាន់​តែមាន​លទ្ធិប្រជាធិបតេយ្យ។

លោក ច​ន ខឺ​រី បាន​គូសបញ្ជាក់ថា អាមេរិក និង​កម្ពុជា មាន​ផលប្រយោជន៍​រួម នៅក្នុង​ការ​ជំរុញ​​ស្ថិរភាព​តំបន់ ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើកកម្ពស់​វិស័យ​សុខាភិបាល និង​អប់រំ នៅ​កម្ពុជា។រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បាន​បន្ថែមថា អាមេរិ​ក​រង់ចាំ​ពង្រឹង​ភាពជា​ដៃគូ ជាមួយ​កម្ពុជា​នៅក្នុង​ឆ្នាំ​ខាងមុខ។

សារ​ជូនពរ និង​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​សហរដ្ឋអាមេរិក ក្នុង​កិច្ច​ការពង្រឹង​ភាពជា​ដៃគូ ជាមួយ​កម្ពុជា ត្រូវ​បានលោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្វា​គមន៍ និង​មើលឃើញ​នូវ​ទំនាក់ទំនងកិច្ចសហការ​ល្អប្រសើរ ក្នុង​ភាពជា​ដៃគូលើ​គ្រប់​វិ​ស័យ ពិសេស​លើ​កិច្ចសហការ​ប្រឆាំង​អំពើ​ភេរវកម្ម ការពង្រឹង​សន្តិ​សុខ​ក្នុង​តំបន់ និង​លើ​ពិភពលោក។

លោក ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា ទោះបីជា​កម្ពុជា និង​អាមេរិក ធ្លាប់​ឆ្លងកាត់​ភាព​ល្វីង​ជូរ​ចត់​​នឹង​គ្នាក្នុង​អតីតកាល​ក៏ដោយ ប៉ុន្តែ​នៅពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​អាមេរិក ទាំង​ផ្នែក​រដ្ឋាភិបាល ទាំង​ផ្នែក​ឯកជន និង​ទាំង​ផ្នែក​សង្គម​ស៊ីវិល ត្រូវបាន​ពង្រឹង​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​អាណត្តិ​របស់លោក​ ស៊ី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក គឺ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក បាន​ឡើងដល់​កំពូលពុំ​ធ្លាប់មាន​ពីមុន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ