អានតួអត្ថបទ
កម្ពុជា

មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៣​នេះ​

​ចាប់​​ពី​​ថ្ងៃ​​ទី​១​ដល់​ថ្ងៃ​​២០​​តុលា គណៈកម្មាធិ​ការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​នឹង​​ផ្តើម​​ធ្វើ​​បច្ចុប្បន្ន​​ភាព​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​សម្រាប់​​ឆ្នាំ​​២០១៣​។ អគ្គលេខាធិការ​​នៃ​​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​​​​​​​​​​ការ​​បោះ​ឆ្នោត​ លោក​​ទេព​ នីថា​ ​បាន​​អះ​អាង​អោយ​ដឹង​ថា​​ មាន​​ពល​រដ្ឋ​​ប្រមាណ​​៣០​​ម៉ឺន​​នាក់​​ដែល​​ត្រូវ​​មាន​​ឈ្មោះ​ សម្រាប់​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​។​ គួរ​​បញ្ជាក់​ថា​ ទឹក​ជំនន់​​ក៏​កំពុង​​   យា​យី​​​រំខាន​ការិយាល័យ​ឃុំ​សង្កាត់​ជាច្រើន ដែលត្រូវ​ផ្តើម​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ពេល​នេះ​ផងដែរ។

លោក​ទេព​ នីថា​​ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក​ទេព​ នីថា​​ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត RFI
ផ្សាយពាណិជ្ជកម្ម

មាន​ពលរដ្ឋ​ប្រមាណ​៣០​ម៉ឺន​នាក់ ដោយ​រាប់​បញ្ចូល​ទាំងអ្នកគ្រប់អាយុ​បោះឆ្នោត​ថ្មី និង​អ្នកផ្លាស់​ប្តូរ​លំនៅដ្ឋាន​ផង ដែល​ត្រូវ​មាន​ឈ្មោះ​ ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ ដូចរៀងរាល់ឆ្នាំ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត គជប ​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះអ្នក​​បោះឆ្នោត ដោយ​បើក​អោយ​មាន​ការ​ចុះឈ្មោះ​ថ្មី និង​ការ​ពិនិត្យ​បញ្ជីឈ្មោះឡើងវិញ ពី​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២០​ខែ​តុលា។

អគ្គលេខាធិការ​​នៃ​ គជប ​លោក​ទេព នីថា​​ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​គ្រប់អាយុបោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់គ្នា។ បើតាម​ការ​បញ្ជាក់របស់​អគ្គលេខាធិការ​ គជប ដដែល ជារៀងរាល់ឆ្នាំ​ដែល​មិនមាន​ការ​បោះឆ្នោតនោះ ពលរដ្ឋ​ទូទៅ​មិន​សូវ​ចាប់អារម្មណ៍​ទៅ​ចុះឈ្មោះ​បោះឆ្នោតឡើយ។ លោក​ពន្យល់ថា រាល់ឆ្នាំ​ដែល​មិនមាន​ការ​បោះឆ្នោត​នេះ ការ​អប់រំ​អោយ​ពលរដ្ឋទៅចុះឈ្មោះ​បោះឆ្នោត សកម្មភាព​របស់គណបក្ស​នយោបាយ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​លើ​ការ​បោះឆ្នោតនេះ សុទ្ធតែមានកម្រិត និងមិនផុស​ផុល​។ ការនេះ​ វា​បាន​ធ្វើ​អោយ​ពលរដ្ឋ​មិន​ចាប់អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត។

គួរ​បញ្ជាក់​ផងដែរថា ក្រៅពី​ភាព​អសកម្ម​ទាំងនេះ នៅពេលនេះ ការិយាល័យ​ឃុំសង្កាត់​ដែល​ត្រូវ​បម្រើ​ដល់​ការ​ចុះឈ្មោះ​បោះឆ្នោត ជា​ច្រើន​កន្លែង​ ពិសេស​ ការិយាល័យ​នៅ​តាម​ដងទន្លេមេគង្គ កំពុង​ត្រូវ​រំខាន​ដោយ ទឹកជំនន់។ ប៉ុន្តែ​បើតាម​ការ​អះអាង​របស់​លោក​ទេព នីថា មន្ត្រី​ឃុំសង្កាត់ទាំងនោះ នឹង​ស្វែង​រក​ទីតាំង​ថ្មី​​ដើម្បី​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត​ ដោយ​មិន​ត្រូវ​អាក់ខាន​ឡើយ។

សូម​រម្លឹកថា ទាក់ទងនឹង​កាលបរិច្ឆេទនៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ជារៀងរាល់ឆ្នាំនេះ គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​តែង​បាន​ស្នើទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អោយ​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ ទៅពេល​វេលា​ផ្សេង​ ក្រោយ​រដូវ​ទឹកជំនន់ និង​រដូវ​ភ្លៀង​នេះ ដែល​តែងតែ​រំខាន​ដល់​ដំណើរការ​​​ចុះឈ្មោះ​បោះឆ្នោត​នេះ។

បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ចុងក្រោយ​ នៅ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៥​នេះ​បង្ហាញ​ថា អ្នកបោះឆ្នោត​មាន​ចំនួន​ជាង​៩លាន​៦​សែន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ