កម្ពុជាចុះឈ្មោះគុនល្បុកតោចូលបញ្ជីបេតិភណ្ឌអរូបិយរបស់មនុស្សលោក
កម្ពុជាបានបញ្ជូនសំណុំឯកសារចុះឈ្មោះក្បាច់គុនល្បុកតោទៅស្ថាប័នបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ ដើម្បីស្នើចុះឈ្មោះក្បាច់គុនបុរាណខ្មែរមួយនេះចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។ ព័ត៌មាននេះត្រូវបានអះអាងដោយលោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ថ្នាក់ដឹកនាំរបស់កីឡាកម្ពុជារូបនេះបន្តថា កម្ពុជានៅរង់ចាំការឆ្លើយតបពីគណៈកម្មាធិការបេតិភណ្ឌដែលនឹងប្រាប់មកកម្ពុជាវិញអំពីការខ្វះខាត ឬភាពពេញលេញនៃសំណុំឯកសារ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
កម្ពុជាបានបញ្ជូនសំណើរសុំចុះឈ្មោះក្បាច់គុនល្បុកតោខ្មែរទៅអង្គការយូណេស្កូហើយកាលពីពេលមុនចូលឆ្នាំខ្មែរ ដើម្បីចុះឈ្មោះក្បាច់គុនខ្មែរចំណាស់ជាង២០០០ឆ្នាំនេះចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់អង្គការយូណេស្កូ។ នេះបើតាមការអះអាងរបស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន។ លោកវ៉ាត់ ចំរើនបានបន្តប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្នុងអំឡុងពេល៣ខែ គណៈកម្មការជំនាញរបស់អង្គការយូណេស្កូនឹងឆ្លើយតបចំពោះសំណើរសុំចុះឈ្មោះនេះ។ គួរបញ្ជាក់ថា កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងខែមិថុនាខាងមុខនេះ។
បើតាមការពន្យល់របស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រសិនបើក្បាច់គុនល្បុកតោនឹងត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោកមែន នោះកម្ពុជានឹងរឹតតែមានលទ្ធភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះ។ សម្រាប់លោកសាន គឹមសៀនដែលជាប្រធានបណ្ឌិតសភាល្បុកតោកម្ពុជា លោកបានហ៊ានអះអាងទៀតថា ប្រសិនបើគណៈកម្មការបេតិកភណ្ឌពិភពលោកទទួលចុះឈ្មោះល្បុកតោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមែននោះ ល្បុកតោនឹងមានជីវិតអមតៈទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។
លោកសាន គឹមសៀនដែលជាប្រធានកិត្តិយសសហព័ន្ធល្បុកតោកម្ពុជាក៏បានចូលរួមក្នុងការចងក្រងឯកសារដើម្បីផ្ញើទៅអង្គការយូណេស្កូដែរ។ ល្បុកតោបានលេចរូបរាងឡើងវិញនៅក្នុងឆ្នាំ២០០១នៅកម្ពុជា តាមរយៈការផ្តួចផ្តើមបង្កើតសហព័ន្ធល្បុកតោ។ បន្ទាប់មក ក្លឹបហាត់គុនល្បុកតោក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានថ្លែងអោយដឹងថា សព្វថ្ងៃនេះ មានអ្នកចេះ និងអ្នកហាត់គុនល្បុកតោនេះប្រមាណ១៧០នាក់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះមានគ្រូធំប្រមាណ២០នាក់។ ក្រៅពីល្បុកតោ កម្ពុជាមានគម្រោងស្នើចុះឈ្មោះប្រាសាទបុរាណខ្មែរជាច្រើនទៀតចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឧទាហរណ៍ប្រសាទសម្បូរព្រៃគុហ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ