អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ការចាប់ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី១ ​ឆ្នាំ​១៩១៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ជូន​លោក​អ្នក​ស្តាប់ អំពី​ការ​ផ្ទុះឡើង​នៃ​សង្រ្គាម​លោក​លើកទី១ នៅ​ឆ្នាំ​១៩១៤។

គំនូរត្លុក​ស្តីពី​ចំណង​សម្ព័ន្ធភាព​ប្រទាក់ក្រឡា​គ្នា នៅមុន​សង្រ្គាម​លោក​លើកទី១
គំនូរត្លុក​ស្តីពី​ចំណង​សម្ព័ន្ធភាព​ប្រទាក់ក្រឡា​គ្នា នៅមុន​សង្រ្គាម​លោក​លើកទី១
ផ្សាយពាណិជ្ជកម្ម

មូលហេតុ ដែល​បណ្តាល​ឲ្យ​ផ្ទុះ​សង្រ្គាម​លោក​លើកទីមួយ​ នៅ​ឆ្នាំ​១៩១៤ មាន​ឫសគល់​ពី​បញ្ហា​យ៉ាងច្រើន ដែល​កើតមាន​ឡើង​តាំង​ពី​រាប់សិបឆ្នាំ​មុន ដូចជា សង្រ្គាម​រវាង​បារាំង និង​ព្រុស្ស៊ី នៅ​ឆ្នាំ​១៨៧០-១៨៧១ ការ​លេចមុខ​នៃ​ចក្រភព​អាល្លឺម៉ង់ ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រទេស​មហាអំណាច​អាណានិគម ប្រជែង​ជាមួយ​នឹង​មហាអំណាច​អឺរ៉ុប​ផ្សេងៗ​ទៀត ការ​ងើបឡើង​នៃ​ចលនា​ជាតិនិយម នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ ការ​ប្រជែង​សព្វាវុធ រវាង​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ការ​បង្កើត​សម្ព័ន្ធមិត្ត​យ៉ាង​ប្រទាក់ក្រឡា​ រវាង​ប្រទេស​ដែល​ជា​គូប្រជែង។

ក៏ប៉ុន្តែ ហេតុការណ៍ ដែល​ជា​ឆ្នួន​ដុតបញ្ឆេះ​សង្រ្គាម គឺ​កើតចេញ​ពី​ការ​លបធ្វើឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ដែល​ជា​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩១៤។ សារ៉ាយេវ៉ូ គឺ​ជា​ទីក្រុង​របស់​បូស្នី ដែលចក្រភព​អូទ្រីសហុងគ្រី​កាត់​យក​ពី​ចក្រភព​អូតូម៉ង់​មក​ដាក់ជា​ខេត្ត​របស់​ខ្លួន ក្រោម​ក្រសែរភ្នែក​ក្តៅក្រហាយ​របស់​ស៊ែរប៊ី។

ដោយសារតែ​ឃាតកម្ម​ទៅលើ​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​ត្រូវ​បាន​ធ្វើឡើង ដោយ​ក្រុម​​អ្នក​ជាតិ​និយម​ស៊ែរប៊ី ​អូទ្រីសហុងគ្រី ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅពេលនោះ នាំគ្នា​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ប្រទេស​ស៊ែរប៊ី ហើយ​អូទ្រីសហុងគ្រី​ ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​ស៊ែរប៊ីស្រាប់ ក៏​ចង់​ឆ្លៀតយក​ហេតុការណ៍​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​កម្ចាត់​ស៊ែរប៊ី ដែល​គូប្រជែង និង​ឈានទៅ​លុបបំបាត់​ជា​ស្ថាពរ នូវ​​បញ្ហា​ជាតិនិយម​នៅ​បូស្នី។

ក៏ប៉ុន្តែ ដោយសារ​តែ​ស៊ែរប៊ី​​មាន​រុស្ស៊ី​ជា​ខ្នងបង្អែក ទើប​អូទ្រីសហុងគ្រី​មិនហ៊ាន​ប្រកាស​សង្រ្គាម​​លើ​ស៊ែរប៊ី​ភ្លាមៗ ដោយរង់ចាំ​​ការធានា​ពី​អាល្លឺម៉ង់​ថា​នឹង​​ចេញមុខ​មក​ជួយ​អូទ្រីសហុងគ្រី ក្នុងករណី​មានអន្តរាគមន៍​​​យោធារបស់​រុស្ស៊ី ស្រប​ទៅតាម​​​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​ដែល​បាន​ចុះ​កាលពីមុន។

នៅថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ក្រោយ​ពីបាន​ទទួល​នូវការធានា​ពី​អធិរាជ​អាល្លឺម៉ង់ ចក្រភព​អូទ្រីស​ហុងគ្រី​ក៏​បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ ដោយ​ដាក់​ឱសានវាទ​តែ ៤៨ម៉ោង​ប៉ុណ្ណោះ ឲ្យ​ស៊ែរប៊ី​បំពេញ​តាម​លក្ខខណ្ឌ ១០ចំណុច ដែល​ក្នុង​ចំណោមនោះ​ មានចំណុច​​​ខ្លះ​ពិបាក​នឹង​បំពេញ​ក្នុងរយៈពេល​ដ៏ខ្លី​ត្រឹម ៤៨ម៉ោង ហើយ​ចំណុច​ខ្លះទៀត គឺ​ជា​លក្ខខណ្ឌ ដែល​ស៊ែរប៊ី ក្នុងនាម​ជារដ្ឋ​អធិបតេយ្យ​ ​​មិន​អាច​នឹង​បំពេញ​តាមបាន។ តាមការពិត ការដាក់ឱសានវាទ​នេះ គ្រាន់តែ​ជា​ការធ្វើ​ ដើម្បី​បង្រ្គប់​កិច្ច​តែ​ប៉ុណ្ណោះ។ អូទ្រីសហុងគ្រី​បាន​សម្រេច​ចិត្ត​រួចទៅហើយ​ថា​នឹង​ប្រកាស​សង្រ្គាម​ទៅលើស៊ែរប៊ី។

នៅថ្ងៃ​ទី២៥ កក្កដា រដ្ឋាភិបាល​ស៊ែរប៊ី​បាន​ឆ្លើយតប​ទៅ​នឹង​ឱសានវាទ​របស់​អូទ្រីសហុងគ្រី ដោយ​បាន​សន្យា​​បំពេញ​តាម​លក្ខខណ្ឌ​ស្ទើរតែ​ទាំងអស់​ លើកលែង​តែ​លក្ខខណ្ឌ​​ខ្លះ ដែល​ស៊ែរប៊ី​មិន​អាច​ធ្វើ​តាម​បាន ដោយសារ​តែ​វា​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​អធិបតេយ្យ​របស់​ស៊ែរប៊ី។ ក៏ប៉ុន្តែ អូទ្រីសហុងគ្រី​​មិន​សុខចិត្ត ក៏​បាន​ប្រកាស​សង្រ្គាម​លើ​ស៊ែរប៊ី នៅថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​១៩១៤។

ដោយសារ​តែ​មាន​ការ​ចុះ​សម្ព័ន្ធភាព​​ប្រទាក់ក្រឡា​គ្នា កាលពីមុន សង្រ្គាម​ រវាង​អូទ្រីសហុងគ្រី និង​ស៊ែរប៊ី បាន​​រាលដាល​​បន្តិចម្តងៗ ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត។

ក្រោយ​ពី​អូទ្រីសហុងគ្រី​ប្រកាស​សង្រ្គាម​លើ​ស៊ែរប៊ី ចក្រភព​រុស្ស៊ី​បាន​​ចាប់ផ្តើម​កេណ្ឌ​កងទ័ព​ ដើម្បី​ត្រៀម​ចូល​ជួយ​ស៊ែរប៊ី ដែល​ជា​សម្ព័ន្ធមិត្ត។ ឃើញ​បែបនេះ អាល្លឺម៉ង់​ក៏​បាន​ចាប់ផ្តើម​កេណ្ឌ​កងទ័ព​របស់​ខ្លួន​ដែរ ហើយ​ក្នុង​ពេល​ជាមួយគ្នា អាល្លឺម៉ង់​បាន​ប្រកាស​ដាក់ឱសានវាទ​ ១២ម៉ោង ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​ត្រៀមខ្លួន​ធ្វើ​សង្រ្គាម​ជួយ​ស៊ែរប៊ី។ ដោយ​មិនបាន​ទទួល​ចម្លើយ​វិជ្ជមាន​ពី​រុស្ស៊ី​ អាល្លឺម៉ង់​ក៏​បានប្រកាស​សង្រ្គាម​លើ​រុស្ស៊ី នៅថ្ងៃ​ទី១ ខែ​សីហា។

អាល្លឺម៉ង់​ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​បារាំង​ប្រកាស​​ជំហរ​អព្យាក្រឹត្យ ក្នុង​សង្រ្គាម រវាង​អាល្លឺម៉ង់ និង​រុស្ស៊ី។ ក៏ប៉ុន្តែ បារាំង​បដិសេធ ដោយ​ប្រាប់​ទៅ​អាល្លឺម៉ង់វិញ​ថា បារាំង​នឹង​​ធ្វើ​អ្វីៗ ដែល​ស្រប​នឹង​ផលប្រយោជន៍​ជាតិ​របស់​បារាំង។ នៅថ្ងៃ​ទី៣ សីហា អាល្លឺម៉ង់​ក៏​បាន​ប្រកាស​សង្រ្គាម​លើ​បារាំង ហើយ​មួយថ្ងៃ​ក្រោយ​មក អង់គ្លេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង ក៏​បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់វិញ​ដែរ។

ជប៉ុនវិញ ដែល​​ជាប់​ក្នុង​​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​ជាមួយ​អង់គ្លេស បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ និង​អូទ្រីស​ហុងគ្រី​ នៅថ្ងៃ​ទី២៣ និង​២៥​​សីហា។

អាល្លឺម៉ង់​បាន​ចាប់ផ្តើម​​ធ្វើ​សង្រ្គាម​ ដោយ​វាយលុក​ជាពីរ​មុខព្រួញ ក្នុងពេល​តែមួយ គឺ​វាយលុក​ចូល​ឈ្លាន​ពាន​ប្រទេសបារាំង នៅ​ទិស​ខាង​លិច និង​ទប់ទល់​នឹង​កងទ័ព​របស់​រុស្ស៊ី​មក​ពី​ទិស​ខាងកើត។

នៅថ្ងៃ​ទី៤ សីហា កងទ័ព​អាល្លឺម៉ង់​បាន​ចាប់ផ្តើម​វាយលុក​ចូល​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក សំដៅ​ចាក់ចុះ​​មក​ប្រទេស​បារាំង តាម​ទិស​ខាងជើង។ កងទ័ព​បារាំងវិញ​បាន​ចាប់ផ្តើម​​វាយលុក​​លើ​អាល្លឺម៉ង់ នៅ​ទិស​ខាងកើត ក្នុងគោលដៅ​ដណ្តើម​យក​​​តំបន់​ Alsace-Laurraine ដែល​​អាល្លឺម៉ង់​កាត់​​យក​ពី​បារាំង កាលពី​ពេល​បារាំង​ចាញ់​សង្រ្គាម​ នៅ​ឆ្នាំ​១៨៧១។ ក៏ប៉ុន្តែ កងទ័ព​បារាំង​ត្រូវ​កងទ័ព​អាល្លឺម៉ង់​វាយ​បក​ឲ្យ​​ដក​ថយក្រោយ​វិញ។ នៅ​ខាងជើង​ឯណោះវិញ កងទ័ព​អាល្លឺម៉ង់​បាន​ឆ្លង​ផុត​ប៊ែលហ្ស៊ិក ហើយ​វាយលុក​​ចូល​ក្នុងប្រទេស​​បារាំង សំដៅ​មក​ក្រុង​ប៉ារីស។

មក​ត្រឹម​ប្រមាណ​ជា ៧០គីឡូម៉ែត្រ​ពី​ប៉ារីស កងទ័ព​អាល្លឺម៉ង់​​​ត្រូវ​បាន​កងទ័ព​បារាំង ដែល​ពេលនោះ​មាន​ជំនួយ​ពី​កងទ័ព​អង់គ្លេស​ វាយ​ទប់​ជាប់​លែង​អាច​រុល​ទៅមុខ​ទៀតបាន។ នៅពេលនោះ​ហើយ ដែល​​ “សង្រ្គាម​លេណដ្ឋាន” បាន​ចាប់ផ្តើម​ឡើង ពោលគឺ គូបដិបក្ខ​ទាំងសងខាង​បាន​នាំគ្នា​ជីកលេណដ្ឋាន​ទល់​មុខគ្នា ហើយ​ធ្វើការ​វាយឆ្មក់​ និង​​បាញ់​ផ្លោង​ដាក់គ្នា​​ចេញ​ពី​ក្នុង​លេណដ្ឋាន។

“សង្រ្គាមលេណដ្ឋាន” នេះ (ដែល​គេហៅតាម​ភាសាបារាំង​ថា “Guerre de tranchées”) បាន​អូសបន្លាយពេល​​ចំនួន ៣ឆ្នាំ ពោលគឺ ស្ទើរតែ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី១ ហើយ​វា​បាន​បង្ក​នូវ​​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​ភាគី​ទាំងសងខាង។ នៅ​ក្នុង​សមរភូមិនីមួយៗ ទាហាន​​រហូត​ទៅដល់​រាប់​សែន ឬ​រហូតដល់​លាន​នាក់ ទាំង​ខាង​បារាំង និងខាង​​អាល្លឺម៉ង់ ត្រូវ​បាត់បង់​ជីវិត ហើយ​រាប់លាននាក់​ផ្សេងទៀត​ត្រូវ​រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ