អានតួអត្ថបទ
ម៉ាឡេស៊ី-អ៊ុយក្រែន

​យន្តហោះ​ម៉ាឡេស៊ី​ដែល​​ធ្លាក់​​នៅ​ខាង​កើត​អ៊ុយក្រែន​ប្រហែល​ជា​ត្រូវ​គ្រាប់មីស៊ីល​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កក្កដា ​​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី​មួយគ្រឿង​ដែល​មាន​ដឹក​មនុស្ស​​ចំនួន ២៩៨នាក់ បាន​ធ្លាក់​ឆេះ​នៅ​ពីលើ​ដែនអាកាស​ប៉ែក​ខាង​កើត​​ប្រទេស​អ៊ុយក្រែន ត្រង់​ផ្តុំ​តំបន់​សង្រ្គាម​របស់​ពួក​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​គំាទ្រ​រុស្ស៊ី។ ព័ត៌មាន​​បណ្តោះ​អាសន្ន​​ចុង​​ក្រោយ​​ឲ្យ​​ដឹង​​ថា ​យន្ត​ហោះ​​នោះ​​បាន​​រង​​ការ​​បាញ់​​គ្រាប់​​មីស៊ីល ​គឺ​​មិន​​មែន​​រង​គ្រោះ​ថ្នាក់​​ដោយ​​បញ្ហា​​បច្ចេក​ទេស​​ទេ ​ព្រោះ​​យន្តហោះ​​នោះ​​បាន​​ផ្ទុះ​​នៅ​​ពេល​​កំពុង​​ហោះ​ហើរ​​ក្នុ​ង​​កំពស់​ ១០ ០០០​ម៉ែត្រ​ និង​​មាន​​ល្បឿន ​៩០០​គីឡូ​ម៉ែត្រ​​ក្នុង​​មួយ​​ម៉ោង។ 

បំណែក​​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airline កំពុង​ឆេះ ក្រោយ​រងគ្រាប់​មីស៊ីល​ពី​លើ​ដែនដី​អាកាស​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៧ កក្កដា ២០១៤
បំណែក​​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airline កំពុង​ឆេះ ក្រោយ​រងគ្រាប់​មីស៊ីល​ពី​លើ​ដែនដី​អាកាស​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៧ កក្កដា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

តុល្យ​ការ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មនុស្ស​ទំាង ២៩៨នាក់​ដែល​ជិះ​នៅ​ក្នុង​យន្តហោះនោះ​បាន​ស្លាប់​ទំាង​អស់​គ្នា គ្មាន​សល់​ម្នាក់។ យោងតាម​ប្រភព​ពីទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ប្រព័ន្ធ​រ៉ាដាបង្ហាញ​ថា យន្តហោះ​ម៉ាឡេស៊ី​នេះ​ត្រូវ​គ្រាប់​មីស៊ីល​ដែល​​ បាញ់​ចេញ​ពី​ដី។​ នៅ​ពេល​នេះ សំណួរ​មួយ​បាន​កំពុង​ចោទ​ឡើង​ដើម្បី​ចង់​ដឹង​ថា តើ​អ្នកណា​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល​នោះ?

សហរដ្ឋ​អាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត បាន​ធ្វើការ​ ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ទៅលើ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ នេះ។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​ មួយ នៅថ្ងៃ​សុក្រ​នេះ ដើម្បី​ជជែក​គ្នា អំពី​បញ្ហា​នេះ។
 

លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧កក្កដា បាន​អំពាវនាវ​ឲ្យ​បើក​ការស៊ើបអង្កេត​បន្ទាន់​មួយ ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី។ យន្តហោះ​បូ​អ៊ីង​ម៉ាឡេស៊ី ដឹក​មនុស្ស២៩៨នាក់ ដែល​មន្ដ្រី​អាមេរិក​និង​មន្ដ្រី​អ៊ុយ​ក្រែ​ន អះអាងថា បាន​រង​ការបាញ់ប្រហារ​មី​ស៊ី​ល នៅ​ដែនអាកាស ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ ជា​តំបន់​ដែល​បច្ចុប្បន្ននេះ កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹកដី គាំទ្រ​រុស្ស៊ី។ មី​ស៊ី​ល​ដែល​បាញ់​យន្តហោះ​ម៉ាឡេស៊ី ជា​មី​ស៊ី​ល​ប្រភេទ Buk ផលិត​ដោយ​រុស្ស៊ី ប៉ុន្តែ​គេ​មិនទាន់​ដឹងថា នរណា​ជា​អ្នកបាញ់ និង​បាញ់​ចេញពី​កន្លែង​ណា​នៅឡើយ​ទេ។

អ៊ុយ​ក្រែ​ន បាន​បដិសេដថា ខ្លួន​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ។ អ៊ុយ​ក្រែ​ន​ចោទថា ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹកដី​និយម​គាំទ្រ​រុស្ស៊ី ជា​ជនដៃដល់ ដោយមាន​រុស្ស៊ី​នៅ​ពី​ក្រោយខ្នង។ ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន​ឯណេះ​វិញ និយាយថា ក្រុម​យោធា​របស់​អ៊ុយ​ក្រែ​ន ដែល​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹកដី​និយម​គាំទ្រ​រុស្សី​ទៅវិញ​ទេ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​ភ័យរន្ធត់​នេះ។

យន្តហោះ​បូ​អ៊ីង​ម៉ាឡេស៊ី បាន​កំពុងធ្វើដំណើរ​តាមផ្លូវ​អាកាស ពី​ទីក្រុង​អាម​ស្ទែ​ដាម ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ មុននឹង​ត្រូវ​មី​ស៊ី​លបាញ់​ទម្លាក់ នៅ​រយៈកម្ពស់១ម៉ឺន​ម៉ែត្រ។ មនុស្ស២៩៨នាក់ ក្នុងនោះ​មាន​ជនជាតិ​ហូ​ឡង់១៥៤នាក់ នៅក្នុង​យន្តហោះ​នោះ បាន​ស្លាប់​ទាំងអស់ គ្មាន​សល់​អ្នកណាម្នាក់​ទេ។

ថ្លែង​ទៅកាន់​លោកនាយក​រដ្ឋមន្ដ្រី​ហូ​ឡង់ Mark Rutte តាម​ទូរ​សព្ទ លោក​អូ​បា​ម៉ា បាន​សម្ដែង​ការសោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការស្លាប់​ជនជាតិ​ហូ​ឡង់។ ហើយ​ថា អាមេរិក​បាន​ត្រៀមខ្លួន ដើម្បី​ផ្ដល់ជំនួយ​បន្ទាន់​ដែល​ត្រូវការ សម្រាប់​ការស៊ើបអង្កេត​លក្ខណៈ​អន្ដរជាតិ​មួយ ដែលមាន​លក្ខណៈ​ពេញលេញ គ្មាន​ការរារាំង និង​គួរ​ឲ្យ​ទុកចិត្តបាន។

ប្រមុខ​រដ្ឋាភិបាល​អាមេរិក ក៏បាន​ទូរស័ព្ទ​ទៅ​ព្រមាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេន​កូ និង​លោកនាយក​រដ្ឋមន្ដ្រី​ម៉ាឡេស៊ី ណា​ជីព រ៉ា​ហ្សា​ក់ថា មិន​ត្រូវយក​ភស្តុតាង​នានា​ចេញពី​ប្រទេស​ឡើយ រហូត​ទាល់តែ​មានការ​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់ និង​មាន​តម្លាភាព​មួយ​កើតឡើង។ ចង់បាន​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ចំពោះ​ករណីនេះ អ្នកជំនាញ​អាកាសចរណ៍ បាន​លើកឡើងថា គឺត្រូវធ្វើ​ឡើង​ដោយ​ភាគី ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី។

នៅ​អ៊ុយក្រែន​ឯណោះវិញ ក្រុមឧទ្ទាម​ផ្តាច់ទឹកដី​បាន​ប្រកាស​ថា ពួកគេ​នឹង​ បើក​ផ្លូវ​ឲ្យ​ក្រុម​ស៊ើបអង្កេត​ចូល​ទៅ​កាន់​ទីតាំង​ដែល​យន្តហោះ​ ធ្លាក់។ ប្រអប់ខ្មៅ​ទាំង២​របស់​យន្តហោះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ