ព្រហស្បតិ៍ 10 មករា 2013
ក្រមរដ្ឋប្បវេណី៖ ការ​ដាក់​ទ្រព្យ​ធានា​កាតព្វកិច្ច​លើ​បំណុល
សេង ឌីណា
សេង ឌីណា
©RFI
ដោយ សេង ឌីណា

នៅក្នុង​នាទី​យល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមឆ្លើយ​នឹង​សំណួរ​​អ្នក​ស្តាប់​របស់​យើង​ ជុំវិញ​ការ​ដាក់ទ្រព្យ ដើម្បី​ធានា​បំណុល។ តើ​អ្វី​ទៅ​ជា​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា? តើ​ការ​បញ្ចាំ និង​ហ៊ីប៉ូតែក​ខុសគ្នា​ត្រង់ចំណុច​ណាខ្លះ? តើ​ការដាក់​ប័ណ្ណកម្មសិទ្ធិ​(ប្លង់ដី ឬផ្ទះ) ដើម្បី​ធានាបំណុល ជាការ​បញ្ចាំ ឬ​ជា​ហ៊ីប៉ូតែក?

សំណួរ-តើ​អ្វីទៅជា​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា?

ប្រតិបត្តិការ​ដោយ​មាន​កិច្ចធានា ដែល​មាន​ចែង​ក្នុង​ច្បាប់ ឆ្នាំ​២០០៧ គឺ​សំដៅ​ទៅលើ​ការ​ធានា​កាតព្វកិច្ច​លើ​បំណុល ដោយ​ដាក់​ទ្រព្យ​ធានា។ ឧទាហរណ៍​ជាក់ស្តែង ដែល​យើង​តែងតែ​ជួប គឺ​​ការ​​​​យក​ទ្រព្យ​ទៅ​បញ្ចាំ ដើម្បី​ធានា​បំណុល​។ ក៏ប៉ុន្តែ ទ្រព្យធានា ដែល​ត្រូវ​អនុវត្ត​ក្នុង​ច្បាប់ ស្តីពី​ប្រតិបត្តិការ​​ដែល​មាន​កិច្ចធានា​នេះ គឺ​សំដៅ​តែ​ទៅលើ​ចលនទ្រព្យ​តែ​ប៉ុណ្ណោះ ដោយ​មិនរាប់​បញ្ចូល​ការ​ធានា​ដោយ​អចលនទ្រព្យ​ទេ​ (មាត្រា ៦ ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា)។
 
តាមការពិត ការ​ធានាបំណុល​ គឺ​​មាន​ចែង​​សរុប​​ជារួម នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ដែល​ទើប​នឹង​ចូល​ជា​ធរមាន ក្រោយ​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា។ ការធានាបំណុល​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​នេះ គឺ​មាន​ទាំង៖

  • ​ការ​ធានា​​បំណុល​ដោយ​បុគ្គល
  • ​ការ​ធានា​បំណុល​ដោយទ្រព្យ (ចលនទ្រព្យ និង​អចលនទ្រព្យ)

ការធានាបំណុល​ដោយ​បុគ្គល (​កិច្ចសន្យាធានា) គឺ​មានន័យថា បុគ្គលទី៣​ណាមួយ​ជា​អ្នក​ចេញ​មុខ​ធានា​ចំពោះ​ម្ចាស់​បំណុល​ថា​នឹង​សងបំណុល​ជំនួស​កូនបំណុល ក្នុង​ករណី​កូនបំណុល​មិន​សង។
 
ការធានាបំណុល​ដោយ​ដាក់ទ្រព្យ​ធានា គឺ​ជា​កិច្ចសន្យា​មួយ ដែលកូន​បំណុល​​ ឬ​ក៏បុគ្គលទី៣​ណាមួយ​ផ្សេងទៀត ព្រមព្រៀង​ដាក់ទ្រព្យ​របស់​ខ្លួន​ជា​កិច្ចធានា ដើម្បី​ឲ្យ​ម្ចាស់បំណុល​​មានសិទ្ធិទាមទារ​លក់​ទ្រព្យ​ធានានេះ ដើម្បី​យក​លុយ​មក​សងបំណុល ដោយ​មាន​អាទិភាព​លើ​ម្ចាស់​បំណុលផ្សេងទៀត។ ប្រតិបត្តិការ​ដាក់ទ្រព្យ​ធានា​បំណុល​នេះ អាច​ធ្វើ​ចំពោះ​ចលនទ្រព្យ ដូចជា ការ​បញ្ចាំ​ចលនទ្រព្យ ជាដើម ឬ​ក៏​ចំពោះ​អចលនទ្រព្យ ដូចជា​ ការ​បញ្ចាំ​អចលនទ្រព្យ ឬ​ក៏​ហ៊ីប៉ូតែក។
 
ដូច្នេះ និយាយ​សរុបជារួមមកវិញ ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ចុះថ្ងៃទី២២ ឧសភា ឆ្នាំ​២០០៧ ស្តីពី “ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា” គឺ​ទាក់ទង​នឹង​ការ​ធានា​បំណុល ដោយ​ដាក់​ចលនទ្រព្យ ជា​ទ្រព្យ​ធានា ពោលគឺ វាគ្រាន់តែ​ជា​ផ្នែក​មួយ នៃ​ការ​ធានាកាតព្វកិច្ចបំណុល ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី។
 
សំណួរ-តើ​ការ​ធានាបំណុល​ដោយ​ការ​បញ្ចាំទ្រព្យ និង​ធានា​ដោយ​​ហ៊ីប៉ូតែក ខុសគ្នា​ត្រង់ណា​ខ្លះ?
 
ជាដំបូង គួរបញ្ជាក់ថា ការបញ្ចាំ អាច​ធ្វើឡើង​ទាំងចំពោះ​ចលនទ្រព្យ និង​អចលនទ្រព្យ។ ចំណែក ហ៊ីប៉ូតែកវិញ អាច​ធ្វើឡើង​តែ​ចំពោះ​អចលនទ្រព្យ​តែ​ប៉ុណ្ណោះ។
 
ចំណុច​ខុសគ្នា​ធំបំផុត រវាង​ការ​ធានាបំណុល ដោយ​ការបញ្ចាំ និង​ការ​ធានា​​បំណុល​ដោយ​​ហ៊ីប៉ូតែក គឺ​នៅត្រង់​ការកាន់កាប់​ទ្រព្យ​ធានា។
 
នៅ​ក្នុងករណី​បញ្ចាំ ទោះបីជា​ការ​បញ្ចាំ​ចលនទ្រព្យ​ក៏ដោយ ការ​បញ្ចាំ​អចលនទ្រព្យ​ក៏ដោយ ទ្រព្យ​ដែល​ដាក់បញ្ចាំ ត្រូវ​ដាក់​ឲ្យ​ម្ចាស់បំណុល (ម្ចាស់សិទ្ធិបញ្ចាំ) ជា​អ្នក​កាន់កាប់ (មាត្រា ៨១៦ ក្រមរដ្ឋប្បវេណី)។
 
ចំណែក ក្នុងករណី​ហ៊ីប៉ូតែកវិញ មិនមាន​ការ​ផ្ទេរ​ទ្រព្យ​ធានា​ ទៅ​ឲ្យ​ម្ចាស់​បំណុល​ជា​អ្នក​កាន់កាប់​ទេ (មាត្រា ៨៤៣ ក្រមរដ្ឋប្បវេណី)។ ប្រសិនបើ​អចលនទ្រព្យ​ដែល​ដាក់​ហ៊ីប៉ូតែក​នេះ ជា​ទ្រព្យ​របស់​កូនបំណុល កូនបំណុល​នៅតែ​បន្ត​កាន់កាប់​ទ្រព្យ​នេះ​ដដែល។ បើ​វាជា​ទ្រព្យ​របស់​​បុគ្គលទី៣​ណាមួយ​ផ្សេងទៀត បុគ្គល​ដែល​ជា​ម្ចាស់ទ្រព្យ​នោះ នៅតែ​បន្ត​កាន់កាប់​ទ្រព្យ​​របស់​ខ្លួន​ដដែល។
 
នៅ​ក្នុងករណី​ដែល​កូនបំណុល​មិន​សង​បំណុល ទោះបី​ជា​ក្នុងករណី​បញ្ចាំ​ក៏ដោយ ករណី​ហ៊ីប៉ូតែក​ក៏ដោយ ម្ចាស់​បំណុល​​ត្រូវ​​សុំទៅ​តុលាការ​ឲ្យ​លក់​ទ្រព្យ​នេះ ដើម្បី​យក​លុយ​មក​សងបំណុល ប៉ុន្តែ ​មិន​អាច​រឹបអូស​ទ្រព្យ​ដែល​ដាក់​ធានា​បំណុល​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួនឯង​បាន​ទេ។
 
សំណួរ-ក៏ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពីដើម​មក យើង​តែងតែ​ឃើញ​មាន​ករណី​យក​ទ្រព្យ (ដូចជា ឡាន ម៉ូតូ ឬ​គ្រឿង​អលង្ការ ជាដើម) ​ទៅ​បញ្ចាំ ហើយ​បាន​កំណត់​គ្នា​ថា ក្នុង​រយៈពេល​ប៉ុណ្ណេះ​ថ្ងៃ​ ត្រូវ​យក​លុយ​មក​លោះ បើ​មិន​លោះ​តាម​កំណត់​ទេ​​ ត្រូវ​ដាច់។ តើ​​ការ​អនុវត្ត​បែប​នេះ​ជា​ការ​​ស្របច្បាប់​ដែរ​ឬទេ?
 
កន្លងមក យើងឃើញ​ថា ការអនុវត្ត​បែបនេះ តែងតែ​កើតមាន​ជា​ធម្មតា​មែន ក៏ប៉ុន្តែ ក្នុង​ក្រមរដ្ឋប្បវេណី​ថ្មី មាន​ចែង​យ៉ាងច្បាស់ ហាម​មិន​ឲ្យ​បង្កើត​កិច្ចសន្យា​បញ្ចាំ​ផ្តាច់​ទេ (មាត្រា ៨២៧ ក្រមរដ្ឋប្បវេណី)។
 
នៅ​ក្នុង​ករណី​បញ្ចាំ​ចលនទ្រព្យ (ឡាន ម៉ូតូ ឬ​គ្រឿង​អលង្ការ ... ) ក្រមរដ្ឋប្បវេណី​ចែង​អនុញ្ញាត​ឲ្យ​​ម្ចាស់​បំណុល​អាច​ទាមទារ​យក​ទ្រព្យ​បញ្ចាំ​មក​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​ជំនួស​បំណុល​បាន បើ​សិន​កូនបំណុល​មិន​សង ក៏ប៉ុន្តែ ការ​ទាមទារ​នេះ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​តាម​ផ្លូវ​តុលាការ មិន​អាចធ្វើឡើង​តាមរយៈ​កំណត់​ជាមុន ក្នុង​កិច្ចសន្យា​បញ្ចាំ​បានទេ។ ម្យ៉ាងទៀត ការ​ទាមទារ​យក​ទ្រព្យ​​បញ្ចាំ​មក​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​ជំនួស​បំណុល ត្រូវ​តែ​មាន​ការ​វាយតម្លៃ​ទ្រព្យ ដោយ​អ្នក​ជំនាញ ទៅតាម​តម្លៃ​ទីផ្សារ។ ប្រសិនបើ​តាមការ​វាយតម្លៃនេះ ឃើញ​ថា ទ្រព្យ​បញ្ចាំ​មាន​តម្លៃ​លើស​ពី​​លុយ​ដែលត្រូវ​សង (ទាំងដើម ទាំង​ការ) ម្ចាស់បំណុល​ត្រូវ​សង​ចំនួន​ទឹកប្រាក់​ដែល​នៅសល់ ទៅ​ម្ចាស់កម្មសិទ្ធិ​នៃ​ទ្រព្យ​បញ្ចាំ​នេះ​វិញ (មាត្រា ៨៣២)។
 
សំណួរ-នៅ​ក្នុង​ករណី​បញ្ចាំ ម្ចាស់​បំណុល​ជា​អ្នក​កាន់កាប់​ទ្រព្យ​បញ្ចាំ ប៉ុន្តែ ចង់ដឹង​ថា តើ​ម្ចាស់​បំណុល​មានសិទ្ធិប្រើប្រាស់​ទ្រព្យ​បញ្ចាំ​នេះ​ដែរ​ឬទេ?
 
បើ​សិន​ជា​ការ​បញ្ចាំ​ចលនទ្រព្យ (ឡាន ម៉ូតូ នាឡិការ ឬ​គ្រឿង​អល្លង្ការ ជាដើម) ម្ចាស់​បំណុល​មាន​សិទ្ធិកាន់កាប់​ទ្រព្យ​ដែល​ដាក់​បញ្ចាំ ក៏ប៉ុន្តែ មិនមាន​សិទ្ធិ​យក​ទ្រព្យ​នេះ​ទៅ​ប្រើប្រាស់ ឬ​យក​ទៅ​ជួល​បានទេ លើកលែង​តែ​មាន​ការ​ព្រមព្រៀង​ពី​កូនបំណុល។ ការ​ប្រើប្រាស់​អាច​ធ្វើ​ទៅបាន ប្រសិន​បើ​វា​ជាការចាំបាច់ ក្នុងការ​រក្សា ថែទាំ វត្ថុ​បញ្ចាំ (មាត្រា ៨៣១ ក្រមរដ្ឋប្បវេណី)។
 
ចំពោះ​ការ​បញ្ចាំ​អចលនទ្រព្យ (ដី ឬ​ផ្ទះ ជាដើម) ម្ចាស់​បំណុល​មាន​សិទ្ធិ​កាន់កាប់​ទ្រព្យ​បញ្ចាំ ហើយ​មាន​សិទ្ធិ​​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​ទ្រព្យ​​នេះ​បាន​ ប៉ុន្តែ ត្រូវ​ប្រើប្រាស់ និង​អាស្រ័យផល ទៅតាម​វិធី​ប្រើប្រាស់​សមរម្យ​នៃ​អចលនទ្រព្យ​នោះ (មាត្រា​ ៨៣៤ ក្រមរដ្ឋប្បវេណី)។ មានន័យ​ថា បើ​ទ្រព្យ​ដែល​ដាក់​បញ្ចាំ គឺ​ជា​ដី​កសិកម្ម ម្ចាស់​បំណុល​​អាច​ធ្វើការ​ដាំដុះ​នៅលើ​ដីនេះ​បាន ប៉ុន្តែ មិន​អាច​យក​វា​ទៅ​ធ្វើ​អ្វី​ផ្សេង​ឲ្យ​ខុស​លក្ខណៈ​ដើម (ឧទាហរណ៍ ដូចជា ជីកដី ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី នៅលើ​ដីនេះ​បានទេ) ពីព្រោះ កុំភ្លេច​ថា នៅ​ពេល​ដែល​​ទូទាត់​បំណុល​ចប់សព្វគ្រប់ ដី​នេះ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​កូន​បំណុលវិញ។
 
និយាយ​ដល់​ការ​​ដែល​ម្ចាស់​បំណុល​យក​ដី​បញ្ចាំ​ទៅ​ធ្វើការ​ដាំដុះ សំណួរ​ចោទឡើង​ថា បើសិន​ជា​ការ​បញ្ចាំ​ត្រូវ​បញ្ចប់ នៅ​មុនពេល​ដល់រដូវ​ប្រមូលផល តើ​ផល​ដំណាំនៅលើ​ដី​នេះ​ត្រូវ​បាន​ទៅលើ​អ្នកណា?
 
មាត្រា ៨៣៤ នៃ​ក្រមរដ្ឋប្បវេណី ធ្វើការ​បែងចែក​រឿងនេះ​ជា​ពីរ​ករណី៖
 
ទីមួយ ក្នុងករណី​ការបញ្ចាំ​ធ្វើឡើង​ចំពោះ​បំណុល ដែល​គ្មាន​ពេល​កំណត់​សង​ច្បាស់លាស់ បើទោះជា​កូនបំណុល​បាន​សងបំណុល​រួចរាល់​អស់​ហើយ​ក៏ដោយ បើសិន​ជា​ម្ចាស់​បំណុល​បាន​ធ្វើការ​ដាំដុះ​​រួចហើយ​នៅ​លើ​ដី​បញ្ចាំ ហើយ​រដូវ​ប្រមូលផល​នឹង​ត្រូវ​មក​ដល់​ក្នុង​រយៈពេល​មិនលើស​ពី​មួយឆ្នាំ ម្ចាស់​បំណុល​អាច​បន្ត​ប្រើ​ដី​នេះ រហូតដល់​រដូវ​ប្រមូលផល​​បាន។
 
ទីពីរ ក្នុងករណី​ការ​បញ្ចាំ​ធ្វើឡើង​ចំពោះ​បំណុល ដែល​មាន​កំណត់​ពេល​ត្រូវ​សង​ច្បាស់លាស់ បើសិន​ជា​ដល់​ពេល​កំណត់​ត្រូវ​សង កូនបំណុល​សងបំណុល​គ្រប់​ចំនួន ម្ចាស់​បំណុល​ត្រូវ​ប្រគល់​ដី​បញ្ចាំ​នេះ​ទៅ​ឲ្យ​ម្ចាស់ដីដើម​វិញភ្លាម បើទោះជា​មិន​ទាន់​បាន​ប្រមូលផល​លើ​ដំណាំ​ដែល​ខ្លួន​ដាំ​ក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើ​​កូនបំណុល​សង​បំណុល​មុន​ពេល​កំណត់ ហើយ​រដូវ​ប្រមូលផល​ត្រូវ​ដល់​ក្នុង​រយៈពេល​មិនលើស​ពីមួយ​ឆ្នាំ ហើយ​មិនលើស​ពី​ពេលកំណត់​សងបំណុល ដែល​បាន​ព្រមព្រៀង​គ្នា​ពីមុន ម្ចាស់​បំណុល​មាន​សិទ្ធិ​បន្ត​កាន់កាប់​ និង​ប្រើប្រាស់​ដីបញ្ជាំ​នេះ​រហូតដល់​រដូវ​ប្រមូលផល។ ប៉ុន្តែ បើ​សិន​ជា​រដូវ​ប្រមូលផល​​នៅ​សល់​យូរ​ទៀត គឺ​យូរ​លើស​ពី​មួយ​ឆ្នាំ ឬ​ក៏​តិច​ជាង​មួយ​ឆ្នាំ ប៉ុន្តែ លើស​ពី​ពេល​កំណត់​សងបំណុល ដែល​បាន​ព្រមព្រៀង​គ្នា​ជាមួយ​កូន​បំណុល​ពីមុន ម្ចាស់​បំណុល​ត្រូវ​ប្រគល់​ដី​បញ្ចាំ​ទៅ​ឲ្យ​ម្ចាស់​ដើមវិញ​ភ្លាម ទោះបី​មិនទាន់​បាន​ប្រមូល​ផល​ក៏ដោយ។
 
និយាយ​ពី​ការ​ធ្វើ​ហ៊ីប៉ូតែក​វិញ។ នៅ​ក្នុង​ករណី​​ហ៊ីប៉ូតែក​ផ្ទះ ឬ​ដី មិនមាន​ការ​ផ្ទេរ​សិទ្ធិកាន់កាប់​អចលនទ្រព្យ​នេះ​​ទៅ​ឲ្យ​ម្ចាស់​បំណុល​ទេ ប៉ុន្តែ ចង់ដឹង​ថា តើ​ចាំបាច់​ត្រូវ​ប្រគល់​​ប្លង់ផ្ទះ ឬ​ប្លង់ដី​ទៅ​ឲ្យ​ម្ចាស់​បំណុល​ដែរ​ឬទេ?
 
នៅក្នុងការ​បង្កើត​ហ៊ីប៉ូតែក ម្ចាស់ទ្រព្យ​មិន​ត្រូវ​ផ្ទេរ​សិទ្ធិកាន់កាប់​ទៅ​ឲ្យ​ម្ចាស់​បំណុល ហើយ​ក៏​មិន​ចាំបាច់​ត្រូវ​យក​​​​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់ដី ឬ​ប្លង់ផ្ទះ) ទៅ​ឲ្យ​ម្ចាស់​បំណុល​ដែរ។
 
នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង កន្លងមក យើង​ឃើញ​ករណី​​​ភាគច្រើន នៅពេល​ខ្ចីលុយ គឺ​កូនបំណុល​តែងតែ​ ​យក​ប័ណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ ទៅ​ប្រគល់​ឲ្យ​ម្ចាស់​បំណុល​ ដើម្បី​​ធានា​បំណុល។ ការ​អនុវត្ត​បែបនេះ គឺ​ធ្វើ​ទៅតាម​​​ច្បាប់ភូមិបាល ដែល​ជា​ច្បាប់ចាស់ មុនមាន​ក្រមរដ្ឋប្បវេណី។
 
នៅ​ក្នុង​ច្បាប់​ភូមិបាល ការ​ដាក់​អចលនទ្រព្យ​ ដើម្បី​ធានា​បំណុល អាច​ធ្វើ​ឡើង​ជា​ ៣រូបភាព គឺ៖

  • ការបញ្ចាំ ដែល​ត្រូវ​ផ្ទេរ​អចលនទ្រព្យ​ទៅ​ឲ្យ​ម្ចាស់​បំណុល​កាន់កាប់
  • ហ៊ីប៉ូតែក ដែល​មិនមាន​ការ​ផ្ទេរ​សិទ្ធិកាន់កាប់​ទ្រព្យ
  • ការដាក់ធានា (ដែល​នៅ​ចន្លោះ​កណ្តាល​រវាង​ការ​បញ្ចាំ និង​ហ៊ីប៉ូតែក) ​គឺ​​កូនបំណុល​មិន​ត្រូវ​ប្រគល់​ទ្រព្យ​ទៅ​ឲ្យ​ម្ចាស់​បំណុល​កាន់កាប់ទេ តែ​ត្រូវ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ទុក​ជា​ការ​ធានា

ក៏ប៉ុន្តែ នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ ដែល​ទើប​នឹង​ចូល​ជា​ធរមាន​ក្រោយ​ច្បាប់ភូមិបាល​នេះ លែង​មាន​ចែង​ពី “ការដាក់ធានា” នេះ​ទៀតហើយ គឺ​មាន​តែ​ការ​បញ្ចាំ និង​ហ៊ីប៉ូតែក​ប៉ុណ្ណោះ។ នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណីនេះ (ច្បាប់ ចុះថ្ងៃ​ទី៣១ ឧសភា ឆ្នាំ​២០១១) មានចែង​ក្នុងមាត្រា ៥៦​ ថា ចាប់ពីពេល​ក្រមរដ្ឋប្បវេណី​ត្រូវ​ចាប់អនុវត្ត រាល់​កិច្ចសន្យា​បង្កើត​សិទ្ធិលើ​ការដាក់ធានា ដែល​បាន​ចុះរួចហើយ (មានន័យថា ការ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដើម្បី​ធានា​បំណុល) ទៅតាម​ច្បាប់​ភូមិបាល​ចាស់ ត្រូវ​ចាត់ទុក​ថា​ជា​ការ​បង្កើត​ហ៊ីប៉ូតែក ហើយ​បើ​សិន​ជា​កិច្ចសន្យានេះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ហ៊ីប៉ូតែក​ហើយ​ ម្ចាស់​បំណុល​ត្រូវ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​ឲ្យ​ម្ចាស់ទ្រព្យវិញ៕

ពាក្យគន្លឹះ : កម្ពុជា - ច្បាប់
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close