អានតួអត្ថបទ
ស៊្វីស

អង្គការ​សុខភាព​ពិភពលោក​ចេញរបាយការណ៍​ហាមឃាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិច

អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ នៅថ្ងៃ​អង្គារ​ទី​២៦ សីហា ដែល​នៅក្នុង​នោះ គេ​បាន​ស្នើ​ឲ្យ​មាន​ការហាមឃាត់​លក់​បារី​អេឡិចត្រូនិក​ដល់​យុវជន និង​ហាម​ការជក់​បារីប្រភេទ​នេះ​ នៅ​ទីកន្លែង​សាធារណៈ​ដែល​បិទជិត។ តាម​អង្គការ​សុខភាព​ពិភពលោក ផ្សែង​បារី​អេឡិចត្រូនិច​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យុវជន និង​ទារក​ក្នុង​ផ្ទៃ។  

អ្នកជក់បារី​អេឡិចត្រូនិច​នៅ​អាមេរិក
អ្នកជក់បារី​អេឡិចត្រូនិច​នៅ​អាមេរិក ©REUTERS/Elizabeth Shafiroff
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​នៅថ្ងៃ​អង្គារ​អាច​ទាញ​ចំណាប់​អារម្មណ៍​​​ក្រុម​មនុស្ស​ដែល​បាន​ងាក​មក​ប្រើ​​បារី​អេឡិចត្រូនិក បន្ទាប់ពី​​​បោះបង់​ចោល​​បារី​ថ្នាំជក់។ តាម​ការសិក្សា​របស់អ្នកជំនាញ​​អង្គការ​សុខភាព​ពិភពលោក​ ​ផ្សែងបារី​អេឡេត្រូនិក​មិន​មែន​ត្រឹម​ជា​ចំហាយទឹក​ធម្មតា ដូចការ​ផ្សព្វផ្សាយ​របស់​អ្នកលក់​ប៉ុណ្ណោះទេ ប៉ុន្តែ វា​មាន​លាយឡំ​ដោយ​ជាតិ​នីកូទីន និង​ជាតិពុល​​ផ្សំផ្សេងទៀត ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យុវជន និង​ការរីកលូតលាស់​ផ្នែក​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។

 
អ្នកជំនាញ​របស់​អង្គការ​សុខភាពពិភពលោក​ចង់​ឲ្យ​គេ​ហាមឃាត់​ការជក់បារី​អេឡិចត្រូនិច​នៅ​ទីកន្លែង​សាធារណៈ​ដែល​បិទជិត ដូចជា​នៅក្នុង​ភោជនីយដ្ឋាន ឬ​ការិយាល័យ ដែល​គេ​ហាម​មិន​ឲ្យ​មាន​ការជក់​បារី​ធម្មតា ពោល​គឺ​រហូត​ដល់​ពេល​ដែល​អ្នកផលិត​អាច​រក​ភស្តុតាង​មក​បញ្ជាក់ថា ផ្សែង​ចេញ​ពី​បារី​អេឡិចត្រូនិច​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់អ្នក​ដែល​នៅ​ជិត​អ្នកជក់​បារី​អេឡិតត្រូនិច។ អង្គការ​សុខភាព​ពិភពលោក​ធ្វើអនុសាសន៍​ផងដែរ ​ស្នើសុំ​ឲ្យ​គេ​ឈប់​លក់​បារី​អេឡិចត្រូនិច​ដល់​យុវជន និង​ការលុបបំបាត់​ចោល​ម៉ាស៊ីន​លក់​បារីអេឡិចត្រូនិច​។ លើសពីនោះទៀត អ្នកជំនាញ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​សុំ​ឲ្យ​អ្នក​ផលិត​ ឈប់​ផ្សព្វផ្សាយ​តទៅ​ទៀត​ថា បារី​អេឡិចត្រូនិចនឹង​អាច​ជួយ​កាត់បន្ថយ​ការញៀន​បារី​ថ្នាំជក់ ដរាប​ណា​គេ​នៅ​មិន​ទាន់​មានភស្តុតាង​មក​អះអាង​បញ្ជាក់។​

ដោយសារ​គ្រោះថ្នាក់​សុខភាពដែល​​បង្ក​ដោយ​ថ្នាំជក់ មនុស្ស​ជាច្រើន​បាន​បែរ​មក​ជក់​បារី​អេឡិចត្រូនិច ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​កត់​សំគាល់​ឃើញ​មាន​ការកើន​ឡើង​ទ្វេរដង ក្នុង​ចំណោម​យុវជន និង​មនុស្ស​ចាស់ (ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១២)។ បារី​អេឡិចត្រូនិក ដែល​កើត​ចេញ​ដំបូង​ពី​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៥​បាន​រីកដុះ​ដូចផ្សិត រហូត​មាន​ដល់​៤៦៦ម៉ាក នៅ​ឆ្នាំ ២០១៣។ គេ​បាន​ប៉ាន់​ប្រមាណ​ថា ទឹក​ប្រាក់​​៣​ពាន់​លាន​ដុល្លារ​ត្រូវ​គេ​ចំណាយ​ទៅលើ​បារី​អេឡិចត្រូនិក​ក្នុង​មួយឆ្នាំៗ។

យ៉ាងណាក៏ដោយ អង្គការ​សុខភាព​ពិភពលោក​នៅ តែមិនទាន់​រកឃើញ​ពីទំហំ​​គ្រោះថ្នាក់​សុខភាពរបស់​អ្នក​ដែលមិន​​បានជក់​ ប៉ុន្តែ បាន​ត្រឹម​​ស្រូប​​ផ្សែង​បារី​​អេឡិចត្រូនិច។ មួយវិញទៀត ​គេ​នៅ​តែ​មិន​ទាន់​ដឹងថា តើ​បារី​អេឡិចត្រូនិច​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​សុខភាពដែរឬទេ បើប្រៀបធៀប​នឹង​ថ្នាំជក់​ធម្មតានោះ។

របាយការណ៍​បង្ហាញ​ពី​ការប្រឈម​នឹង​គ្រោះថ្នាក់​ ដោយសារ​បារីអេឡិចត្រូនិច​ត្រូវ​អង្គការ​សុខភាព​ពិភពលោក​ផ្សព្វផ្សាយ​នៅមុន​ សន្និសីទ​អន្តរជាតិ​​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការជក់បារី ដែល​នឹង​ត្រូវ​រៀបចំឡើង ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៨​តុលា នៅទីក្រុង​ ម៉ូស្គូ ប្រទេស​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ