អានតួអត្ថបទ
កម្ពុជា​

ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១០ ៦,៩% និង​ឆ្នាំ​២០១១ ៦,៥%

នៅ​ថ្ងៃ​ច័ន្ទ​នេះ ធនាគារ​ពិភពលោក បាន​ប្រកាស​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១០ កន្លង​មក មាន​ចំនួន ៦,៧%។ កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា លើស​ពី​ការរំពឹង​ទុក​នៅ​ឆ្នាំ​២០១០ ដោយសារ​តែ​កំណើន​ផ្នែក​កសិកម្ម កាត់ដេរ និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍។ ចំណែក​នៅ​ឆ្នាំ​២០១១ អ្នកសេដ្ឋកិច្ច​ធនាគារ​ពិភពលោក បាន​វាយតម្លៃ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅតែ​បន្ត​ងើបឡើង​ក្នុង​កម្រិត ៦,៥%។

ធនាគារ​ពិភពលោក​បង្ហា​ញ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ តាម​ Video conference
ធនាគារ​ពិភពលោក​បង្ហា​ញ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ តាម​ Video conference © ម៉េងហួរ-RFI
ផ្សាយពាណិជ្ជកម្ម

 

ធនាគារ​ពិភពលោក បាន​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​មាន​ចំណង​ជើង​ថា "ធ្វើ​ឲ្យ​មាន​ភាព​រឹងមាំ​បច្ចុប្បន្ន សម្រាប់​ប្រសើរ​អនាគត"។ ក្នុងពេល​ប្រកាស​របាយការណ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១​មីនា ឆ្នាំ​២០១១ ធនាគារ​ពិភពលោក បាន​ភ្ជាប់​ប្រព័ន្ធ​វីដេអូ​ខនហ្វឺរេន តាម​បណ្តា​ប្រទេស​ជាច្រើន រួម​ទាំង​កម្ពុជា ទៅ​កាន់​ប្រទេស​សិង្ហបុរី។

​សម្រាប់​សេដ្ឋកិច្ច ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០ ត្រូវបាន​ធនាគារ​ពិភពលោក លើក​ឡើង​ថា បាន​ងើប​ប្រសើរ​ឡើង​ច្រើន​ជាង​ការរំពឹង​ទុក រហូត​ដល់​កម្រិត ៦,៧%។ កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​មក​ពី​កត្តា​ចំនួន​បី។ ទី​១-​ កំណើន​ផ្នែក​កសិកម្ម។ ទី​២-​ ការនាំ​ចេញ​វិស័យ​កាត់ដេរ និង​ទី​៣-​ កំណើន​វិស័យ​ទេសចរណ៍។

​ធនាគារ​ពិភពលោក ក៏​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០១១ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កម្រិត ៦,៥%។ ក្នុងនោះ ការ​នាំចេញ​របស់​កម្ពុជា ត្រូវ​គេ​រំពឹង​ថា នឹង​នៅតែ​ល្អ​ប្រសើរ ដោយសារ​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ខណៈ​ដែល​ការវិនិយោគ​នឹង​ទទួល​អត្ថប្រយោជន៍​ពី​ការ​ងើប​ឡើង​វិញ​ជា​បន្ត លើ​ការ​វិយោគ​ផ្ទាល់​ពី​បរទេស ( FDI ) និង​ឥណទាន​សម្រាប់​វិស័យ​ឯកជន។
​អ្នក​សេដ្ឋកិច្ច​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក ជា ហួត បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១០ វិនិយោគ​ផ្ទាល់​ពី​បរទេស នៅ​កម្ពុជា មាន​សន្ទុះ​ខ្លាំង​លើ​ផ្នែក​សេវាកម្ម ឧស្សាហកម្ម និង​វិស័យ​កសិកម្ម។ នៅ​ឆ្នាំ​២០១០​កន្លងមក អ្នកវិនិយោគ​កូរ៉េ​ខាង​ត្បូង បាន​ឈរ​នៅ​លំដាប់​លេខ​១ បន្ទាប់​មក​ប្រទេស​ចិន ផ្នែក​ខាង​វិនិយោគទុន​នៅ​កម្ពុជា។ ការវិនិយោគ​ផ្ទាល់​ពី​បរទេស នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ មាន​ចំនួន ១១.៧១៣ លាន​ដុល្លារ និង​នៅ​ឆ្នាំ​២០១១ នឹង​អាច​កើន​ដល់ ១២.៧០១ លាន​ដុល្លារ។

​ចំពោះ​វិស័យ​អចលនទ្រព្យ​-​ដីធ្លី​នៅ​កម្ពុជា​វិញ ត្រូវបាន​អ្នកសេដ្ឋកិច្ច​ធនាគារ​ពិភពលោក បញ្ជាក់​ថា ទោះបី​វិស័យ​អចលនទ្រព្យ បាន​ងើបឡើង​ក្នុង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ធំ តែ​កម្ពុជា​មិនទាន់​ងើប​ឡើង ដូច​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ចិន និង​តៃវ៉ាន់​ទេ។

អំពី​អត្រា​អតិផរណា នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ ត្រូវបាន​ធនាគារ​ពិភពលោក លើក​ឡើង​ថា មាន​ត្រឹម​តែ ៣,១%។ ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា ទោះបី​តម្លៃ​ទំនិញ​ក្នុង​តំបន់​ប្រែប្រួល​ខ្លាំង ពិសេស​នៅ​វៀតណាម និង​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​អត្រា​អតិផរណា​ទំនិញ នៅ​កម្ពុជា អាច​នឹង​មាន​ប្រហែល ៥% ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១១។

​ធនាគារពិភពលោក បានបញ្ជាក់​ថា គ្រោះមហន្តរាយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី នៅ​ប្រទេស​ជប៉ុន កាលពី​សប្តាហ៍​មុន មិន​បាន​ប៉ះពាល់ ឬ​ជះ​ឥទ្ធិពល​អវិជ្ជមាន ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទេ។ កម្ពុជា និង​ជប៉ុន មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តិច​តួច។ ម្យ៉ាងទៀត ផលប៉ះពាល់​នៃ​ការ​រញ្ជូយ​ដី ចំពោះ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន ទំនង​ជា​មាន​រយៈពេល​បណ្តោះអាសន្ន ប៉ុន្តែ​វា​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ