អានតួអត្ថបទ
ភូមា​-អាមេរិក

ទស្សនកិច្ច​​ថេន​​ សេន​​ នៅ​​អាមេរិក​​បង្ហាញ​​ថា​​អាមេរិក​​គាំទ្រ​​កំណែ​ទម្រង់​​ភូមា​​

នៅ​ថ្ងៃ​ចន្ទ​​សប្តាហ៍​ក្រោយ​នេះ ប្រធានាធិបតី​ភូមា ថេន​ សេន ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។ ការ​ឈានជើង​​ជាន់​ទឹកដី​អាមេរិក​របស់​លោក ថេន សេន បង្ហាញ​​ច្បាស់​​ថា​ ​​អាមេរិក​គាំទ្រ​​​កំណែ​ទម្រង់​នានា​ដែល​រដ្ឋាភិបាល​ភូមា​​​​ធ្វើ​ឡើង​ ដើម្បី​កែប្រែ​មុខមាត់​ប្រទេស​​ឡើងវិញ។​ នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ ដើម្បី​បង្ហាញ​ពី​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ រដ្ឋាភិបាល​ភូមា​ បានធ្វើការ​លើកលែងទោស​ ដោយ​បាន​​​ដោះលែង​អ្នកទោស​ជាង​២០នាក់។ ​​

ប្រធានាធិបតី​អាមេរិក Barack Obama ជួប​ប្រធានាធិបតី​ភូមា​Thein Sein  កាល​ពី​ខែវិច្ឆិកា នៅ​រ៉ង់ហ្គូន។
ប្រធានាធិបតី​អាមេរិក Barack Obama ជួប​ប្រធានាធិបតី​ភូមា​Thein Sein កាល​ពី​ខែវិច្ឆិកា នៅ​រ៉ង់ហ្គូន។ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ លោក​ថេន សេន​ នឹង​ក្លាយ​ជា​ប្រធានាធិបតី​ភូមា​ទីមួយ​ ដែល​បាន​ឈានជើង​​​ទស្សនកិច្ច​ ក្រុង​Washington។ នេះ​បើគិត​​ចាប់តាំង​​ពី​​លោក ណេ វិន ប្រមុខ​ដឹកនាំ​របបសឹក​ចាស់​ភូមា​បាន​ទស្សនកិច្ច​​​​សហរដ្ឋអាមេរិក ជួបជាមួយ​ប្រធានាធិបតី​អាមេរិក​ចាស់ គឺ​លោក លីនដុន ចនសុន កាលពី​ឆ្នាំ​ ១៩៦៦ មក។ គេ​សង្កេត​ឃើញ​ថា ទំនាក់ទំនង​រវាង​ភូមា​និង​អាមេរិក ហាក់​​មាន​ភាព​កក់ក្តៅ​បន្តិច​ឡើងវិញ​ហើយ  ពិសេស​នៅ​ពេល​ដែល​ប្រធានាធិបតី​អូបាម៉ា​បាន​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​ កាល​ពី​​ខែ​វិច្ឆិកា​ កន្លង​ទៅ។

​​លោក Zaw Htay ​​ដែល​ជា​​ប្រធាន​ខទ្ទកាល័យ​​ប្រធានាធិបតី​ភូមា បាន​ថ្លែង​ប្រាប់​សារព័តម៌ាន​បារាំង​AFP ថា​ ទំនាក់ទំនង​ទ្វើភាគី​រវាង​ភូមា​និង​អាមេរិក​បានចាប់​​​ប្រសើរ​ឡើងវិញហើយ​ ហើយ​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​​ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​លូត​​ឆាប់​រហ័ស​​ទៅមុខ​ទៀតផង។ ​លោក​ Zaw Htay បាន​បន្ត​ថា ទស្សនកិច្ច​​របស់​​លោក​ ថេន សេន​ នៅ​អាមេរិក​ ក្នុង​សប្តាហ៍​ក្រោយ​នេះ នឹង​បង្ហាញដល់​ពិភពលោក​ទាំង​មូល ​ពី​ការគាំទ្រ​​របស់​អាមេរិក​ចំពោះ​កំណែទម្រង់​នានា​នៅ​ភូមា។​

គួររំលឹក​ថា ចាប់តាំង​តែ​ពី​ភូមា​បាន​ប្តូរ​របប​គ្រប់គ្រង​ថ្មី​​ក្នុង​​ដើម​ឆ្នាំ ២០១១​មក ​រដ្ឋាភិបាល​ភូមា​​ថ្មី​​ដឹក​នាំ​ដោយ​ក្រុម​ឧត្តម​សេនីយ៍​ចាស់ៗ ​បាន​​បង្កើន​​​កំណែ​ទំរង់​​​ក្នុង​ប្រទេស ក្នុង​លក្ខណៈ​មួយ​គួរដ៏​​អោយ​កត់​សម្គាល់​​។ រដ្ឋាភិបាល​ភូមា​​​បាន​អនុញ្ញាត​អោយ​បក្ស​ប្រឆាំង​របស់​​លោក​ស្រី​ អ៊ុង​សាន​ ស៊ូជី បាន​ចូល​រួម​​​ក្នុង​ឆាក​នយោបាយ​​ ហើយ​បាន​​​ដោះ​លែង​ អ្នក​ទោស​​មនសិកា​រាប់​រយ​​នាក់ទៀតផង។ នៅ​ថ្ងៃ​​សុក្រ​នេះ​ដែរ នៅមុនដំណើរ​ទស្សនកិច្ច​លោក ​ថេន​ សេន​ ​​នៅ​​សហរដ្ឋ​អាមេរិក​នោះ រដ្ឋាភិបាល​ភូមា​បាន​ធ្វើការ​លើកលែងទោស​​ ដោយ​បាន​ដោះ​លែង​អ្នកទោស​ជាង​២០នាក់​ផ្សេង​ទៀត។ ​

​លោក Zaw Htay ប្រធាន​ខទ្ទកាល័យ​​ប្រធានាធិបតី​ភូមា​ បាន​អួត​បន្ថែម​ថា កំណែ​ទម្រង់នៅ​​​ភូមា​​​​ហាក់​ដូច​ជា​មាន​ភាពច្បាស់​លាស់​ជាង​កំណែ​ទម្រង់​នៅ​តាម​បណ្តា​ប្រទេស​អារ៉ាប់​ទៅទៀត។ ទាក់ទង​នឹង​កំណែ​ទម្រង់​នេះ ​​ លោក Zaw Htay ចង់​សំដៅ​​ន័យ​​ដល់​​វិបត្តិ​ដែល​ប្រទេស​អារ៉ាប់​នានា​បាន​ជួបប្រទះ ​ចាប់តាំង​​​​ពី​មាន​ការបះបោរ​​របស់​ប្រជាជន​ នៅឆ្នាំ​ ២០១០​មក។ ​

ទោះ​យ៉ាងនេះ​ក្តី​​ ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ភូមា​អាច​នឹង​ជួប​​​ភាព​ស្មុគស្មាញ​ ព្រោះថា​រដ្ឋាភិបាល​ភូមា​​កំពុង​តែ​រង​នូវ​ការ​រិះគន់​ទាក់ទង​​​អំពើហិង្សា​​ដែល​បាន​កើតឡើង​ កាលពី​​ឆ្នាំ​២០១២​ វាយ​ប្រហារ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ជា​ពិសេសជនជាតិ​ភាគតិច​​រ៉ូហ៊ីងយ៉ាស​។ អំពើ​ហិង្សា​បាន​សម្លាប់​មនុស្ស​ ២០០នាក់។ សហរដ្ឋអាមេរិក​​​សំដែង​ការ​ព្រួយបារម្ភ​​ចំពោះ​​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា​ ដោយ​ខ្លាច​ក្រែង​ភូមា​បោះ​ជំហាន​​​​ថយក្រោយ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ